ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ Trump ​លុបចោល​កិច្ចប្រជុំ​ជាមួយ​នាយករដ្ឋមន្ត្រី​ដា​ណឺ​ម៉ាក​ជុំវិញ​ការ​បដិសេធ​លក់​កោះ Greenland

ប្រធានាធិបតី Donald Trump បានប្រកាស​កាលពី​ថ្ងៃ​អង្គា​រថា លោក​នឹង​ផ្អាក​កិច្ចប្រជុំ​ដែល​បានគ្រោង​ទុកជា​មួយ​នាយ​ក​រដ្ឋមន្ត្រី​ដា​ណឺ​ម៉ាក​ព្រោះតែ​លោកស្រី​មិន​ចង់ល​ក់កោះ Greenland មក​ឲ្យ​សហរដ្ឋអាមេរិក​។​

​ការសម្រេចចិត្ត​របស់​លោក Trump បានបញ្ជាក់​អំពី​ចំណាប់អារម្មណ៍​របស់លោក​ក្នុង​ការទិញ​កោះ Greenland ដែល​គំនិត​នេះ​កាលពី​ដំបូង​ឡើយ​ត្រូវបាន​មនុស្ស​មួយចំនួន​យល់ឃើញថា​ជា​រឿង​កំប្លែង​ប៉ុន្តែ​ក្រោយមក​សេត​វិមាន​បាន​អះអាង​អំពី​គោលបំណង​នេះ​ដោយសារតែ​ទីតាំង​ជា​យុទ្ធសាស្ត្រ​របស់​ដែនដី​នេះ​។​

​លោក Trump បាន​បង្ហោះ Twitter ថា “​ដោយ​ផ្អែកលើ​សេចក្តី​អត្ថាធិប្បាយ​របស់លោក​ស្រី​នាយករដ្ឋមន្ត្រី Mette Frederiksen ថា លោកស្រី​នឹងមិន​មាន​ចំណាប់អារម្មណ៍​ក្នុងការ​ពិភាក្សា​អំពី​ការទិញ​កោះ Greenland នោះ ខ្ញុំ​នឹង​ពន្យា​ពេល​កិច្ចប្រជុំ​របស់​យើង​ដែល​គ្រោង​ធ្វើ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ទៅ​ពេល​ក្រោយ​”​។​

​អ្នកនាំពាក្យ​សេត​វិមាន​មួយរូប​បាន​បញ្ជាក់ថា “​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ដា​ណឺ​ម៉ាក​ត្រូវបាន​លុបចោល​” ។​

​កាសែត Wall Street Journal បាន​រាយការណ៍​ជា​លើកដំបូង​ថា លោក Trump បានបង្ហាញ​ចំណាប់អារម្មណ៍​លើ​តំបន់​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង​ក្នុងប្រទេស​ដា​ណឺ​ម៉ា​កមួយ​នេះ​ដែល​ភាគច្រើន​ត្រូវបាន​គ្របដណ្តប់​ដោយ​ទឹកកក​ហើយ​លោក​បាន​សួរ​អ្នក​ប្រឹក្សា​យោបល់​ថា​តើ​វា​អាចទៅរួច​ដែរឬទេ​សម្រាប់​សហរដ្ឋ​អាមេរិក​ដើម្បី​ទទួលបាន​ទឹកដី​នេះ​។​

​ប្រទេស​ដា​ណឺ​ម៉ាក​បានធ្វើ​អាណានិគម​លើ​កោះ​ផ្ទៃដី​៧៧២,០០០​ម៉ែត្រការ៉េ​មួយ​នេះ​ក្នុង​សតវត្សរ៍​ទី​១៨​។ វា​មាន​ប្រជាជន​ត្រឹមតែ​ប្រមាណ​៥៧,០០០​នាក់​ប៉ុណ្ណោះ​ដែល​ភាគច្រើន​ជា​សហគមន៍​ជនជាតិដើម​ភាគតិច Inuit​។​

​កាសែត​នេះ​បាន​រាយការណ៍​ថា លោក​ប្រធានាធិបតី​ដែលជា​អតីត​មហាសេដ្ឋី​អចលនទ្រព្យ​គឺ​ចង់ដឹង​ឲ្យ​កាន់តែច្បាស់​អំពី​ធនធានធម្មជាតិ​និង​ភាព​ពាក់ព័ន្ធ​ភូមិសាស្ត្រ​នយោបាយ​៕ AFP

វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114