ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​រួម​ពូ​ល​ជាមួយ​កម្ពុជា ជម្រើសជាតិ​បា​រ៉ែ​ន លើក​ពាន​ប្រចាំ​តំបន់​អាស៊ី​ខាងលិច មុន​ឡើង​មក​ភ្នំពេញ ខែក្រោយ

ក្រុមបាល់ទាត់​ជម្រើសជាតិ​បា​រ៉ែ​ន ដែលជា​ក្រុម​​រួម​ពូ​ល​ជាមួយ​កម្ពុជា ក្នុង​ពានរង្វាន់ វគ្គ​ជម្រុះ​ជុំ​ទី​២ ពានរង្វាន់​បាល់ទាត់​ពិភពលោក ឆ្នាំ​២០២២ សម្រាប់​ប្រទេស​ក្នុង​ទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និង​វគ្គ​ជម្រុះ​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី ( 2023 AFC Asian Cup qualification )​បាន​គ្រង​ជើងឯក​ពានរង្វាន់​ជើងឯក​ប្រចាំ​តំបន់​អាស៊ី​ភាគ​ខាងលិច មុន​ឡើងមក​កម្ពុជា​។​

ជាមួយ​នឹង​ការ​លើក​ពានរង្វាន់​នេះ គឺ​ជម្រើស​ជាតិ​បា​រ៉ែ​ន បាន​យកឈ្នះ ក្រុម​ដែល​រួម​ពូ​ល​ជាមួយ​កម្ពុជា មួយទៀត​ផងដែរ គឺ​ជម្រើស​ជាតិ​អ៊ីរ៉ាក់ ផ្ទាល់ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​លទ្ធផល ១-០​។ ជ័យជម្នះ​នេះ​ផង​ដែរ បាន​ធ្វើ​ឲ្យ​បា​រ៉ែ​ន ឈ្នះ​ពាន​នេះ​ជា​លើកដំបូង​ចាប់តាំង​ពី​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២០០០ ស្រប​ពេល​ដែល​អ៊ីរ៉ាក់ ក្លាយ​ជា​ជើងឯក​រង​ជា​លើក​ទី​៣ នៃ​ពាន​ដដែល​នេះ។

ពានរង្វាន់​នេះ​បានចាប់ផ្ដើម​តាំងពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ ដោយមាន​ក្រុម​ចំនួន ៩​ចូលរួម​ប្រកួត ចែកចេញជា ២​ពូ​ល ពូ​ល A មាន ៥​ក្រុម ( អ៊ីរ៉ាក់​, ប៉ា​ឡេ​ស្ទី​ន​, យ៉េ​មែន​, លី​បង់ និង​ស៊ី​រី ) និង​ពូ​ល B មាន ៤​ក្រុម ( បា​រ៉ែ​ន​, ហ្ស៊​កដា​នី​, គុយ​វ៉ែត និង​អារ៉ាប់​ប៊ីត​សាវ​ឌី​ត ) បានបញ្ចប់​កាលពី​យប់​ថ្ងៃទី​១៤ ខែសីហា ម្សិលមិញ ដោយ បា​រ៉ែ​ន យកឈ្នះ អ៊ីរ៉ាក់ ដោយ​លទ្ធផល ០​ទល់​១ ពី​ការ​ទាត់​ចូល​ទី​ដោយ​កីឡាករ Isa Al-Anezi​។​

​បា​រ៉ែ​ន ក្នុង​ពាន​ខាងលើ​គឺ​ប្រកួត​មិនដែល​ចាញ់​សោះឡើយ ដោយ ៣​ប្រកួត​ក្នុង​ពូ​ល ឈ្នះ​២ និង​ស្មើ​១ ហើយ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ឈ្នះ​អ៊ីរ៉ាក់ នេះ​ផ្ទាល់​តែម្ដង​ដោយ​ពុំមាន​ការប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នោះឡើយ​។ ដោយឡែក អ៊ីរ៉ាក់ ៤​ប្រកួត​ក្នុង​ពូ​ល គឺ​ឈ្នះ​៣ និង​ស្មើ​១ ប៉ុន្តែ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ចាញ់​បា​រ៉ែ​ន នេះ​ផ្ទាល់​តែម្ដង​។​

​សូមបញ្ជាក់ថា ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​២ ពានរង្វាន់​ដដែល​ខាងលើនេះ កម្ពុជា ស្ថិតនៅ​ពូ​ល C ជាមួយ​ក្រុម​ខ្លាំងៗ​ដូចជា ជម្រើសជាតិ​អ៊ីរ៉ង​, ជម្រើសជាតិ​អ៊ីរ៉ាក់​, ជម្រើស​កោះ​ហុងកុង និង​ជម្រើសជាតិ​បា​រ៉ែ​ន​។ ជំនួប​បើកឆាក កម្ពុជា ត្រូវ​ប៉ះ​ជាមួយ ហុងកុង ផ្ទាល់​នៅ​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ មុននឹង​បន្ត​ទទួល​ជំនួប​ទី​២ ជាមួយ បា​រ៉ែ​ន នៅ​ថ្ងៃទី​១០ ខែ​ដដែល ការប្រកួត​ទាំងនេះ​ក៏​នឹងមាន​ការផ្សាយ​ផ្ទាល់​តាមរយៈ​ស្ថានីយទូរទស្សន៍ BTV News ផងដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114