ព័ត៍មានទាន់​ហេតុការណ៏
Search

ពានរង្វាន់​ជើងឯក​វិទ្យាល័យ ​សម្រាក ​២​សប្តាហ៍ មុន​ចាប់ផ្ដើម​សប្ដាហ៍​ទី​១១

ការប្រកួត​ពានរង្វាន់​ជើងឯក​វិទ្យាល័យ ដែល​បង្កើត​ឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សហការ​ជាមួយ​ក្លិប​បាល់ទាត់​បឹង​កេត បាន​ដំណើរការ​ចប់ ១០​សប្ដាហ៍​ហើយ ខណៈ​គណកម្មការ​រៀបចំ​ការ​ប្រកួត​ប្រកាស​អំពី​ការ​លើក​ពេល​ចំនួន ២​សប្ដាហ៍​ មុន​ចូល​ដល់​សប្តាហ៍​ទី ១១។

ខ្លឹមសារ​នៃ​សេចក្តី​ជូនដំណឹង​របស់​ពានរង្វាន់​ជើងឯក​វិទ្យាល័យ ​៖ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​ជើងឯក​វិទ្យាល័យ សូម​ជម្រាប​ជូនដំណឹង​ដល់ ប្រតិភូ​កីឡាករ​គ្រប់​វិទ្យាល័យ​ចូលរួម​ការប្រកួត និង​សាធារណជន​ទាំងអស់ មេត្តា​ជ្រាបថា កម្មវិធី​ប្រកួត​ជើងឯក​វិទ្យាល័យ សម្រាប់​សប្តាហ៍​ទី​១១ ត្រូវ​លើក​ការប្រកួត​រយៈពេល ០២​សប្តាហ៍ ចាប់ពី​ថ្ងៃទី​២២-២៣ ខែ​សីហា ឆ្នាំ​២០១៩ ហើយ​ការប្រកួត​បន្ទាប់​នឹង​ចាប់ផ្ដើម​ឡើងវិញ ចាប់ពី​ថ្ងៃទី ០៥-០៦ ខែកញ្ញា ឆ្នាំ​២០១៩ តទៅ។

គួរ​រំលឹក​ថា គិត​ត្រឹម​សប្ដាហ៍​ទី​១០ ដែល​បាន​បញ្ចប់​ការប្រកួត​កាលពី​ថ្ងៃ​សុក្រ ទី​១៦ ខែ​សីហា ឆ្នាំ​២០១៩​កន្លងទៅ វិទ្យាល័យ ឥន្ទ្រ​ទេវី ឈរ​កំពូល​តារាង មាន ២៥​ពិន្ទុ ដោយ​ក្នុងនោះ​ប្រកួត​ឈ្នះ ៨​លើក និង​ស្មើ ១​លើក ប៉ុណ្ណោះ ដែល​តាម​ពីក្រោយ​ដោយ​វិទ្យាល័យ ឬ​ស្សី​កែវ មាន ២៤​ពិន្ទុ ប្រកួត ៩​លើក ឈ្នះ ៨ និង​ចាញ់ ១ ។ វិទ្យាល័យ ជា ស៊ីម សាមគ្គី ស្ថិតនៅ​លេខ​រៀង​ទី ៣ មាន​១៦​ពិន្ទុ ប្រដេញ​ពីក្រោយ​ដោយ​វិទ្យាល័យ ព្រះស៊ីសុវត្ថិ និង​សាលារៀន​វេ​ស្ទ​ឡា​ញន៍ មាន ១៥​ពិន្ទុ​ស្មើគ្នា ( វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នៅសល់ ១​ប្រកួត​ទៀត​ក្នុង​ដៃ​) ។ រីឯ​វិទ្យាល័យ សម្តេច ហ៊ុន សែន ភ្នំពេញ​ថ្មី វិញ ស្ថិតនៅ​លេខ​រៀង​ទី ៦ មាន ១០​ពិន្ទុ វិទ្យាល័យ ច្បារអំពៅ លេខ​រៀង​ទី​៧ វិទ្យាល័យ បឹងត្របែក លេខ​រៀង​ទី ៨ និង វិទ្យាល័យ ហ៊ុន សែន ចាក់​ង្រែ ស្ថិតនៅ​លេខ​រៀង​ទី ៩។

សម្រាប់​បញ្ជី​ឈ្មោះ​កីឡាករ​រក​គ្រាប់​បាល់​ច្រើនជាងគេ​វិញ ខ្សែប្រយុទ្ធ គី រី​ណា ដែលជា​ប្រធាន​ក្រុម​របស់​វិទ្យាល័យ ឥន្ទ្រ​ទេវី រក​គ្រាប់​បាល់​បាន ២៦​គ្រាប់​ហើយ ពោលគឺ​ដាច់​ពាក់កណ្តាល (១៣​គ្រាប់​) ជាមួយនឹង​កីឡាករ​ប្រដេញ​ពីក្រោយ គឺ ប្រធាន​ក្រុម​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ កីឡាករ ហាំង ភារ​ម្យ ដែលមាន ១៣​គ្រាប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114