ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Conor Nestor លើកឡើង​អំពី​ការ​ប្រជែង​ពាន​លី​គ​កំពូល​កម្ពុជា ដែល​នៅ​សេសសល់ ៦​ប្រកួត

​គ្រូបង្វឹក​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង លោក Conor Nestor បាន​សម្តែង​ចំណាប់អារម្មណ៍​បន្ថែម​អំពី​ការ​ប្រជែង​ពាន​លី​គ​កំពូល​កម្ពុជា ដែល​នៅ​សេសសល់ ៦​ប្រកួត និង​បន្ទាប់ពី​ធ្វើបាន​លទ្ធផល​ល្អ​បន្ថែមទៀត​ ​ ដោយ​ក្រុម​របស់ខ្លួន​ដែល​ដណ្តើមបាន ៣​ពិន្ទុ​បន្តទៀត​ក្រោយ​យកឈ្នះ​ខេត្តកំពង់ចាម ៥-០ កាលពី​ថ្ងៃអាទិត្យ ទី​១៨ ខែសីហា ឆ្នាំ​២០១៩ កន្លងទៅ នៅក្នុង​ជំនួប​សប្តាហ៍​ទី​២០ នៃ​លី​គ​កំពូល​កម្ពុជា នា​កីឡដ្ឋាន​ខេត្តស្វាយរៀង​។​

​នេះ​គឺជា​កំណត់ត្រា​ដទៃទៀត​នៅ​រដូវ​កាល ២០១៩ នេះ ក្នុងនាម​ជា​ក្រុម​មិនដែល​ស្គាល់​ពាក្យ​ថា​ចាញ់​ទាល់តែសោះ ហើយក៏​កាន់តែ​កៀក​ទៅ​សម្លឹង​ការ​លើក​ពាន​លី​គ​កំពូល​ផងដែរ គ្រា​ដែល​ការប្រកួត​នៅសល់​ចំនួន ៦​ប្រកួត​ទៀត​។​

​យ៉ាងណាមិញ​ថ្លែង​ក្នុង​កិច្ចសម្ភាសន៍​ក្រោយ​ចប់​ការប្រកួត គ្រូបង្វឹក​សញ្ជាតិ​អៀរ​ឡង់​រូបនេះ​ពោលថា “​រក​គ្រាប់​បាល់​បាន ៥​គ្រាប់ និង​រក្សា​សំណាញ​ទី​មិន​ឲ្យ​របូត​គ្រាប់​បាល់ ពួកយើង​ពិតជា​រីករាយ​ជាមួយ​លទ្ធផល ហើយ​យើង​ឃើញ​កំពង់ចាម ពិតជា​មានការ​រីកចម្រើន ដូចដែល​បានឃើញ​គ្រាប់​បាល់​ដែល​ក្រុម​របូត​កាន់តែ​តិច​ទៅៗ ដូច្នេះ​ដែល​រកបាន ៥​គ្រាប់ និង​រក្សា​សំណាញ់​ទី​បាន ខ្ញុំ​ពិតជា​រីករាយ​ខ្លាំង “​។​

​ជាមួយគ្នា​ផងដែរ លោក Conor បាន​បន្ត​ជុំវិញ​ឱកាស​លើក​ពាន​ទៀតផង​ដែរ​ថា ៖ “​យើង​ដឹងថា​នៅសល់ ៦ ប្រកួត​ទៀត ប្រសិនបើ​យើង​ឈ្នះ​ការប្រកួត​ក្នុងផ្ទះ​ដែល​នៅសល់ ៣ របស់​យើង ពេលនោះ ណាហ្គា​វើ​លដ៍ ឬ​វិសាខា ត្រូវតែ​ឈ្នះ​រាល់​ការប្រកួត​ដែល​នៅសល់​របស់​ពួកគេ​ទាំង ៦ ដើម្បី​ឈ្នះ​លី​គ​។ នោះ​នឹង​រួមបញ្ចូល​ការយក​ឈ្នះ​លើ​យើង​ផងដែរ​។ ដូច្នេះ​ជាការ​ពិត យើង​កំពុង​គិត​អំពី​ពានរង្វាន់​លី​គ​កំពូល​ហើយ យើង​ចង់អោយ​អ្នកគាំទ្រ​របស់​យើង​សុ​បិ​ន្ត​អំពី​ថ្ងៃ​ដែល​នឹង​អាច​កើតឡើង​នោះ ប៉ុន្តែ​សម្រាប់​យើង យើង​ដឹងថា​ទាំង​ណាហ្គា​វើ​លដ៍ និង​វិសាខា មាន​សមត្ថភាព​ឈ្នះ ៦ ប្រកួត​ចុងក្រោយ​របស់គេ​។ នេះ​គឺជា​ការគោរព​នោះ​ចំពោះ​គូប្រជែង​របស់​យើង ដែល​ជំរុញ​ឲ្យ​យើង​កាន់តែ​ប្រសើរ​ជា​រាល់ថ្ងៃ​ជាង​យើង​កាលពី​ម្សិលមិញ​។ យើង​បន្ត​ប្រកួត​ពីមួយ​ប្រកួត​ទៅមួយ​ប្រកួត រហូតដល់​ការងារ​ត្រូវបាន​បញ្ចប់​“​។​

​គួរ​ឲ្យ​ដឹងថា គិត​ត្រឹម​បច្ចុប្បន្ន​នៃ​លី​គ​កំពូល​កម្ពុជា រដូវ​កាល ២០១៩ នឹង​ឈានដល់​សប្តាហ៍​ទី​២១​ហើយ ខណៈ ២០​សប្តាហ៍​កន្លងមកនេះ ព្រះខ័ន​រាជ​ស្វាយរៀង មិនទាន់​ស្គាល់​ពាក្យ​ថា បរាជ័យ​នៅឡើយ​ទេ ដោយ​យកឈ្នះ​ការប្រកួត ១៦​លើក និង​ស្មើ ៤​លើក មាន ៥២​ពិន្ទុ ដាច់​ពី​ក្រុម​ប្រដេញ​ពីក្រោយ ណាហ្គា​វើ​ល និង​វិសាខា ៨​ពិន្ទុ​ដដែល ស្រប​ពេលដែល​ការប្រកួត​នៅសល់ ៦​សប្តាហ៍​ទៀត​ទើប​ចប់​រដូវ​កាល​។​

​សូម​រំលឹកថា ព្រះខ័ន​រាជ​ស្វាយរៀង ឈ្នះ​ពាន​លី​គ​កំពូល​កម្ពុជា លើកចុងក្រោយ​បង្អស់​គឺ​នៅ​ឆ្នាំ ២០១៣ ក្រោម​ការដឹកនាំ​របស់​លោក សំ វ៉ាន់​ដេ​ត ហើយ​ចាំ​មើលថា តើ​ក្រោម​ការដឹកនាំ​របស់លោក Conor Nestor អាច​នាំ​ស្វាយរៀង ឈ្នះ​ជើងឯក​លី​គ​សាជាថ្មី​បាន​ឬទេ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114