ព័ត៍មានទាន់​ហេតុការណ៏
Search

Bata តាម​ស្មើ Privat ក្នុង​បញ្ជី​កីឡាករ​ទាត់​ចូល​ទី​ច្រើន​ជាង​គេ គិត​ត្រឹម​សប្ដាហ៍​ទី​២០​នៃ​លី​គ​កំពូល​កម្ពុជា

កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ (Top Scorers) និង​អ្នកចាំទី​ដែល​រក្សា​សំណាញ់​ទី​មិន​ឲ្យ​របូត​បាន​ច្រើនជាងគេ (Clean-Sheets) នៅក្នុង​សប្ដាហ៍​២០ នៃ​ការប្រកួត​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) រដូវ​កាល​២០១៩ មានការ​ប្រែប្រួល​តែ​បន្តិច​ប៉ុណ្ណោះ បើ​ធៀប​ទៅនឹង​សប្ដាហ៍​ទី​១៩​។​

*​កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ (Top Scorers)

​បញ្ជី​កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​សប្ដាហ៍​នេះ​មានការ​ប្រែប្រួល​បន្តិចបន្តួច​ប៉ុណ្ណោះ​បន្ទាប់ពី​កីឡាករ​ដែល​ឈរ​នៅ​តំណែង​ដែល​កំពុង​ប្រជែង មាន​អ្នក​ទាត់​ចូល​តែ ៤​នាក់​។ យ៉ាងណាមិញ​បច្ចុប្បន្ន​កីឡាករ​របស់​ព្រះខ័ន​រាជ​ស្វាយរៀង Mbarga Privat បាន​បន្តកាន់កាប់​តំណែង​ជា​កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ (Top Scorers) ជាមួយ​គ្រាប់​បាល់ ២៤​គ្រាប់ បើទោះបីជា​សប្ដាហ៍​នេះ​ខកខាន​រក​គ្រាប់​បាល់​ក៏ដោយ​។​

​តាម​ពីក្រោយ​ដោយ Privat កីឡាករ Dzarma Bata របស់​ភ្នំពេញ​ក្រោ​ន តាម​ស្មើ ២៤​គ្រាប់​ដូចគ្នា អ្វីដែល​មិន​ប្រែប្រួល Okereke Timothy (​អង្គ​រថា​យ​ហ្គឺ​រ​) បាន​នឹង​កំពុង​ដេញ​ពីក្រោយ​យ៉ាង​ប្រកៀក​ប្រកិត​ដោយ​ឈរ​នៅ​លេខ​៣ មាន ២០​គ្រាប់ ខណៈ​នៅ​លេខ​រៀង​ទី​៤ ត្រូវបាន​គ្រប់គ្រង​ដោយ Ajayi Opeyemi Korede (​វិសាខា​) រកបាន ១៩​គ្រាប់ លេខ​៥ គឺ Atuheire Kipson (​ណាហ្គា​វើ​លដ៍​) មាន ១៩​គ្រាប់ លេខ​៦ Esoh Paul Omogba របស់​ណាហ្គា​វើ​លដ៍ រកបាន ១៧​គ្រាប់ Paulo Victor របស់​ភ្នំពេញ​ក្រោ​ន (១៦​គ្រាប់​) ឈរ​នៅ​លេខ​៧​ស្ទួន​ជាមួយ​កីឡាករ Da Cruz Guardiano (​វិសាខា​) មាន​១៦​គ្រាប់​ដូចគ្នា និង Shane Booysen (​ភ្នំពេញ​ក្រោ​ន​) ១៥​គ្រាប់ និង​ចុងក្រោយ Bisan George (​ក្រសួងការពារជាតិ​) រកបាន ១៣​គ្រាប់​។​

*​អ្នកចាំទី​ដែល​រក្សា​សំណាញ់​ទី​មិន​ឲ្យ​របូត​បាន​ច្រើនជាងគេ (Clean-Sheets)

​ងាក​មក​អ្នកចាំទី​ដែល​រក្សា​សំណាញ់​ទី​មិន​ឲ្យ​របូត​បាន​ច្រើនជាងគេ (Clean-Sheets) វិញ​សប្ដាហ៍ នេះ​មានការ​ប្រែប្រួល​បន្តិចបន្តួច​ដូចគ្នា ក្រោយ​មាន​អ្នកចាំទី ៣​រូប​បាន​បិទ​មិន​ឲ្យ​គូប្រកួត​រក​គ្រាប់​បាល់​បាន​នៅ​សប្ដាហ៍​នេះ​។​

​គិត​ត្រឹម​បច្ចុប្បន្ននេះ អ្នកចាំទី​របស់​ណាហ្គា​វើ​លដ៍ ស៊ូ យ៉ា​ទី នៅតែ​នាំមុខ​ដដែល ដោយ​អាច​ធ្វើបាន ១០​ដង​ក្រោយ​ខកខាន​នៅ​សប្ដាហ៍​នេះ​។ តាម​ពីក្រោយ ស៊ូ យ៉ា​ទី អ្នកចាំទី​របស់​ក្រុម​កំពូល​តារាង ព្រះខ័ន​រាជ​ស្វាយរៀង កីឡាករ អាំ សុវណ្ណារ៉ា​ត បាន​បង្កើន​មករ​ក្សា​សំណាញ់​ទី​មិន​ឲ្យ​របូត​បាន ៨​ដង ខណៈ​ជា វណ្ណ​សាក់ (​វិសាខា​) បាន​ឡើងមក​រក្សាបាន ៥​ដង​ជាមួយ អឿន សំអាត (​គីរីវង់​សុខ​សែន​ជ័យ​) តាម​ពីក្រោយ​ដោយ សា​វែង សំណាង របស់​ភ្នំពេញ​ក្រោ​ន រក្សាបាន ៤​ដង​ដូចគ្នា ស្របពេល​អ្នកចាំទី​៥​នាក់ រួមមាន ហែម ស៊ី​ម៉ៃ (​អង្គ​រថា​យ​ហ្គឺ​រ​) អ៊ុំ វិចិត្រ (​ក្រសួងការពារជាតិ​) អា​ឡិច យូ (​បឹងកេត​) យុគ អៈ​អា​រី (​សូល​ទី​ឡូ​អង្គរ​) និង ហ៊ុល គឹម​ហ៊ុយ (​បឹងកេត​) ធ្វើបាន ៣​ដង​។

​សូមបញ្ជាក់ថា សមិទ្ធផល​ពីរ​ខាងលើនេះ គឺ​នឹងត្រូវ​បាន​កត់​ជា​កំណត់ត្រា​សម្រាប់​ជា​ពាន​លក្ខណៈ​បុគ្គល​ផងដែរ​នៅ​ចុងរដូវ​កាល​នៃ​លី​គ ដោយ​ក្នុងនោះ កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ នឹង​ទទួលបាន​ស្បែកជើង​មាស អម​ជាមួយ​ប្រាក់​លើកទឹកចិត្ត និង​អ្នកចាំទី​ការពារ​គ្រាប់​បាល់​បាន​ច្រើនជាងគេ ទទួលបាន​ស្រោមដៃ​មាស អម​ជាមួយ​ប្រាក់​លើកទឹកចិត្ត​ដូចគ្នា៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114