ព័ត៍មានទាន់​ហេតុការណ៏
Search

កម្លាំង​ប្រជា​ការ​ខណ្ឌ​ទាំងអស់​ ត្រូវ​អនុវត្ត​ឲ្យ​បាន​ល្អ​លើ​បញ្ហា​វិន័យ និង​ឋានានុក្រម ក្រមសីលធម៌ និង​ការទទួលខុសត្រូវ​ខ្ពស់​រៀងៗ​ខ្លួន​

ភ្នំពេញ ​៖​ ដើម្បី​ធានាបាន​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​អនាម័យ​ក្នុង​មូលដ្ឋាន​ឲ្យ​បានល្អ​ប្រសើរ​នោះ ​គឺ​យើង​ត្រូវ​ពង្រឹង​លើ​បញ្ហា​វិន័យ ឋានានុក្រម ក្រមសីលធម៌ និង​ការ​ទទួល​ខុសត្រូវ​ខ្ពស់​លើ​គោលដៅ​ឈរជើង​រៀងៗ​ខ្លួន​។​

លោក​សុខ ពេញ​វុ​ធ អភិបាល​ នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ​បាន​មានប្រសាសន៍​ដូច្នេះ​នៅក្នុង​ពិធី​ផ្ទេរ​ភារកិច្ច​របស់​មន្ត្រី​ជាប់កិច្ចសន្យា ទៅជា​ប្រជា​ការពារ​ខណ្ឌ​ដែល​បាន​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០១៩​នេះ​ នៅ​សាលាខណ្ឌ​ដូនពេញ​។​

លោក​អភិបាល​ខណ្ឌដូនពេញ​បាន​បន្តទៀតថា ​រដ្ឋបាល​ខណ្ឌដូនពេញ បានរៀបចំ​ពិធី​ផ្ទេរ​ភារកិច្ច​ការងារ​របស់​មន្ត្រី​ជាប់កិច្ចសន្យា ទៅជា​កម្លាំង​ប្រជា​ការពារ​ខណ្ឌ​នេះ​ដើម្បី​ពង្រឹង​បន្ថែម​លើ​ការអនុវត្ត​តួនាទី ភារកិច្ច និង​ការទទួលខុសត្រូវ​លើ​គោលដៅ​ប្រចាំការ​របស់​មន្ត្រី​ប្រជា​ការពារ​យើង​ឲ្យ​ល្អប្រសើរ​ថែមទៀត​។​

ជាមួយគ្នា​នោះដែរ លោក អភិបាល ក៏បាន​ធ្វើការ​កោតសរសើ​រ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី ភារកិច្ច​របស់​បងប្អូន​ជា​មន្ត្រី​ប្រជា​ការពារ​ខណ្ឌ កន្លងមក បានរួម​ចំណែក​យ៉ាងច្រើន​លើ​ការងារ​រៀបចំ​សន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​អនាម័យ​បរិស្ថាន​ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ ។​

លោក អភិបាល ក៏បាន​ធ្វើការ​ណែនាំ​ដល់​មន្ត្រី​បន្ថែមទៀត ដើម្បី​ធានាបាន​នូវ​សន្តិសុខ សណ្ដាប់​ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​អនាម័យ​ក្នុង​មូលដ្ឋាន បានល្អ​ប្រសើរ ជាពិសេស​ពង្រឹង​ឲ្យ​បាន​ប្រសើរឡើង​ថែមទៀត​លើ​បញ្ហា​វិន័យ ឋានានុក្រម ក្រមសីលធម៌ និង​ការទទួលខុសត្រូវ​ខ្ពស់​លើ​គោលដៅ​ឈរជើង​រៀងៗ​ខ្លួន​ធ្វើយ៉ាងណា​ត្រូវគោរព​វិន័យ​ឲ្យ​បានល្អ​៕

ដោយ ៖ ​រស្មី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114