ព័ត៍មានទាន់​ហេតុការណ៏
Search

ឡៅ ចន្ទ្រា ស្វាគមន៍​ការ​សុំ​សងសឹក​របស់ រ៉ុង​រ៉ាត់ ភុម​ផាន់​មួង លើស​ង្វៀន​ស្ទឹងមានជ័យ​

•​ឡៅ ចិ​ត្រា ជួប ផេ​ត ផូ​ស្រ៊ី​

​អ្នក​ប្រដាល់​កម្ពុជា​ឡៅ ចន្ទ្រា និង ឡៅ ចិ​ត្រា ពីរ​នាក់​បងប្អូន​នៅ​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​ថៃ នា​យប់​ថ្ងៃ​សៅរ៍​ ទី​២៤​ ខែ​សីហា ឆ្នាំ​២០១៩​នេះ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​។​

​ឡៅ ចន្ទ្រា នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​រ៉ុង​រ៉ាត់ ភុម​ផាន់​មួង​(Rungrath Phum panmuang)។ អ្នក​ទាំងពីរ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម។ ឡៅ ចន្ទ្រា និង ធ្លាប់​ជួបគ្នា​ពីរលើក​ហើយ​កន្លងមក។ អ្នក​ប្រដាល់​ថៃ​រ៉ុង​រ៉ា​ត លូក​ស្រះកែវ នេះ ធ្លាប់​វាយ​ចាញ់​ឡៅ ចន្ទ្រា ពីរដង​រួចមក​ហើយ​កាលពីពេល​កន្លងមក។​

​ក្នុងការ​ជួបគ្នា​លើក​ទី​២ ថ្ងៃទី​២២​ ខែ​កុម្ភៈ ឆ្នាំ​២០១៩ អ្នក​ប្រដាល់​កម្ពុជា​ឡៅ ចន្ទ្រា បានឈ្នះ​អ្នក​ប្រដាល់​ថៃ​រ៉ុង​រ៉ា​ត លូក​ស្រះកែវ ក្នុង​ទឹក​ទី​៤ ទាំង​ខ្លួនឯង​សន្លប់​។ ឡៅ ចន្ទ្រា គេ​សន្លប់​បន្ទាប់ពី​ត្រូវ រ៉ុង​រ៉ា​ត លូក​ស្រះកែវ ទាត់​ត្រូវ​ក្បែរ​កញ្ចឹង.ក មួយ​ជើង តែ​តាមមើល​ត្រូវ​មិនជា​ខ្លាំង​នោះ​ទេ ប៉ុន្តែ​ ចន្ទ្រា ដេក​មិន​ក្រោក​ឡើយ បើទោះជា​អាជ្ញាកណ្ដាល​រាប់​ដល់​១០​ហើយ​ក្តី។

​តាម​ស្ថានភាព​ជាក់ស្ដែង ចន្ទ្រា គេ​រអិល​ជើង​ដួល​ខ្លួនឯង នៅពេលដែល​គេ​ថយ​យក​ជំហរ​តតាំង​ជា​មួយ រ៉ុង​រ៉ា​ត ហើយ​ពេលដែល​គេ​ដួល​នោះ ក៏​ស្រប​ពេលដែល​អ្នក​ប្រដាល់​ថៃ​នោះ​ទាត់​មក​ដែរ ដែល​ទង្វើ​នេះ​បញ្ជាក់ថា ពុំមែន​ជា​ចេតនា​របស់ រ៉ុង​រ៉ា​ត នោះឡើយ។ ប៉ុន្តែ​យ៉ាងណា ការ​ទាត់​បន្ថែម​ទៅលើ​កីឡាករ​ម្ខាង​ទៀត ដែល​ដួល​បាត់​ជំហរ​ប្រកួត​នោះ គឺជា​ការខុស​នឹង​បទបញ្ជា​នៃ​ការប្រកួត ទោះជា​ឡៅ ចន្ទ្រា ត្រូវ​ខ្លាំង ឬ​ខ្សោយ យ៉ាងណាក៏ដោយ ក៏​ភាគី​ថៃ​ត្រូវតែ​ឲ្យ​ចាញ់​ដែរ។​

​ដូច្នេះ ការប្រកួត​លើក​នេះ ជាការ​ជួបគ្នា​លើក​ទី​៣ និង​ជា​ជួប​សងសឹក​របស់​អ្នក​ប្រដាល់​ថៃ រ៉ុង​រ៉ា​ត លូក​ស្រះកែវ ដែល​គេ​បាន​បរាជ័យ​ដោយ​ចាញ់​ចន្ទ្រា ពីរលើក​កន្លងមក​នោះ។​

​រ៉ុង​រ៉ាត់ ភុម​ផាន់​មួង គេ​មាន​បទពិសោធន៍​ច្រើន ហើយ​មាន​ផ្លែ​ល្អ និង​វាយ​ខ្លាំង ពិសេស​នោះ​ គឺ​គេ​ខ្ពស់ និង មាន​ស៊ុ​ហ្វ​រឹងមាំ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​កំណត់​ត្រ​ប្រកួត​ចំនួន​៩២​លើក ដោយ​វាយ​ឈ្នះ​៧៧​លើក ចាញ់​១៤​លើក និង​ស្មើ​០១​លើក។​

​យ៉ាងណា រ៉ុង​រ៉ាត់ ភុម​ផាន់​មួង មកជួប​ឡៅ​ចន្ទ្រា​លើក​នេះ ក៏​មិនជា​ស្រួលខ្លួន​ប៉ុន្មាន​ទេ ព្រោះថា ចន្ទ្រា​គេ​ល្អ​ទាំង​កណ្តាប់ដៃ ជង្គង់ និង​កែង ។ ចន្ទ្រា ជួប​ប្រកួត​ជាមួយ​ថៃ​ជាង​៥០ លើក​ហើយ​កន្លងមក ដែល​ការប្រកួត​ចុងក្រោយ​របស់គេ នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​នេះ គឺ​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ជើង​ខ្លាំង ក្លា​ឃុន​សឹក ដោយ​ពិន្ទុ ។

​ឡៅ ចន្ទ្រា មាន​កម្ពស់​១,៧០ ម៉ែត្រ មានកំនត់​ត្រា​ប្រកួត​ចំនួន​១១៨​លើក​ឈ្នះ​១០៨​លើក ចាញ់​០៧​លើក និង​ស្មើ​០៣​លើក និង​ធ្លាប់​ផ្តួល​គូប្រកួត​អោយ​សន្លប់​ជាច្រើនលើក​ដែរ​។​លើក​នេះ ចន្ទ្រា​ត្រូវ​ជួប​ជើង​ខ្លាំង​រ៉ុង​រ៉ាត់ ភុម​ផាន់​មួង ចាំមើល​តើ​គេ​អាច​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​រូបនេះ​បាន​ទៀត​ឬ​អត់​? ។​

​ចំពោះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​វ័យក្មេង ឡៅ ចិ​ត្រា ដែលជា​ប្អូន​របស់​ឡៅ ចន្ទ្រា​នោះ នឹងត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ផេ​ត ផូ​ស្រ៊ី (Petchphosri Site Chharngnunuthumporn) ដោយ​ជួបគ្នា​ក្នុង​ទម្ងន់​៦០ គីឡូក្រាម ។

​ឡៅ ចិ​ត្រា ជា​អ្នក​ប្រដាល់​វ័យក្មេង ដែល​ខ្លាំងជាងគេ ក្នុងចំណោម​អ្នក​ប្រដាល់​កម្ពុជា​ដែលមាន​វ័យក្មេង​និង​ទម្ងន់​ដូចគ្នា​នោះ ហើយ​ចិ​ត្រា​គេ​ក៏​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ម្នាក់​ដែរ សម្រាប់​ពេល​បច្ចុប្បន្ននេះ ។ ចិ​ត្រា ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ច្រើន​នាក់​មកហើយ​នាពេល​កន្លងមក ដែល​ភាគច្រើន​ឈ្នះ​សឹងតែ​ទាំងអស់​រាល់ពេល​ជួប​ជាមួយ​ថៃ​នោះ​។​

​និយាយ​ជារួម ចិ​ត្រា​ទាំង​បទពិសោធន៍ ទាំង​ស្នៀត​ប្រដាល់ ល្បិចកល​និង​កាយសម្បទា សុទ្ធតែ​ល្អ​និង​ខ្លាំង ដែល​អាច​ទុកចិត្តបាន​ថា អាច​យកឈ្នះ​លើ​អ្នក​ប្រដាល់​ថៃ ផេ​ត ផូ​ស្រ៊ី បាន​មិន​ខាន ។

​ផេ​ត ផូ​ស្រ៊ី គេ​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​យើង​ម្តង​ហើយ​កន្លងមក ដោយ​វាយ​ស្មើ​ពិន្ទុ​ជាមួយ​ចាន់ ប៊ុន​ហឿន អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ កាលពី​យប់​ថ្ងៃទី​០១​មីនា​២០១៩ នៅលើ​សង្វៀន​ស្ទឹងមានជ័យ​នេះ ។

​យ៉ាងណា អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ខ្លាំង​គួរសម​ដែរ ។ ព្រោះ​បើតាម​ការសង្កេតមើល​ការប្រកួត​របស់គេ​ជាមួយ​ចាន់ ប៊ុន​ហឿន​នោះ​ឃើញថា ផេ​ត ផូ​ស្រ៊ី គេ​ល្អ​និង​ខ្លាំង ដែល​មិនអាច​មើលស្រាល​បានឡើយ ។ ផេ​ត ផូ​ស្រ៊ី មានកំនត់​ត្រា​ប្រកួត​ចំនួន ៧៨ លើក ឈ្នះ​៥៥​លើក ចាញ់​២០​លើក និង​ស្មើ​០៣​លើក ។​

​បើ​ធៀប​ជាមួយ ឡៅ ចិ​ត្រា គឺ​ប្រហាក់ប្រហែលគ្នា ដោយ​ចិ​ត្រា​គេ​មានកំនត់​ត្រា​ប្រកួត​ចំនួន​៧៦​លើក ក្នុងនោះ​ឈ្នះ​៧១​លើក ចាញ់​០៥​លើក មិនដែល​ស្មើ ។

​បើតាម​ពិនិត្យ​កម្រិត​សមត្ថភាព​បច្ចេកទេស​និង​កាយសម្បទា​របស់​ពួកគេ​ទាំងពីរ​នេះ គេ​មិន រំពឹងថា ឡៅ ចិ​ត្រា ចាញ់ ផេ​ត ផូ​ស្រ៊ី នោះទេ ដោយសារ​ចិ​ត្រា គេ​មាន​ផ្លែ​ល្អ​ជាង។ យ៉ាងណា ឡៅ ចិ​ត្រា មិនអាច​មើលស្រាល​ផេ​ត ផូ​ស្រ៊ី នោះឡើយ ព្រោះថា​អ្នក​ប្រដាល់​ថៃ​រូបនេះ វាយ​ស្មើ​ជាមួយ​ចាន់ ប៊ុន​ហឿន ។​ចាំមើល ឡើង​ប្រកួត​លើក​នេះ ឡៅ ចិ​ត្រា គេ​អាច​ផ្តួល​ថៃ​ជើង​ខ្លាំង​ម្នាក់នេះ បាន​ឬ​អត់​នោះ​? ។

​ចំពោះ​ការប្រកួត​សន្សំ​ប្រា​ក់លាន​វិញ សុខ សុវណ្ណ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ នឹង​ជួប​ប្រកួត​ជាមួយ​លី ភា អ្នក​ប្រដាល់​ក្លិប​សំរោង​កោង ខេត្តបាត់ដំបង ដោយ​ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។ សុខ សុវណ្ណ គេ​វាយ​ឈ្នះ​៥​ដង​ហើយ ក្នុងការ​ប្រកួត​សន្សំ​ប្រាក់​លាន​នេះ តែ​សម្រាប់​លី ភា វិញ គេ​មិនទាន់​បានឈ្នះ​ម្តង​នៅឡើយ​ទេ ក្នុងការ​ប្រកួត​សន្សំ​ប្រាក់​លាន​នេះ។

​លី ភា បើ​អាច​ឈ្នះ​សុខ សុវណ្ណ បាន​លើក​នេះ នឹង​បាន​ប្រាក់​សន្សំ​មិន​ខាន ហើយក៏​នឹង​បញ្ចប់​ការប្រកួត​របស់​សុវណ្ណ​ត្រឹមហ្នឹង​ផងដែរ។ ប៉ុន្តែ​យ៉ាងណា លី ភា​ប្រហែលជា​មិនអាច​ឈ្នះ សុខ សុវណ្ណ បាន​នោះទេ។ ដូច្នេះ​ចាំមើល តើ​លី ភា អាច​យកឈ្នះ​សុខ សុវណ្ណ បាន​ឬ​អត់​នោះ​? ៕​

ដោយ ៖ វិ​សិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114