ព័ត៍មានទាន់​ហេតុការណ៏
Search

វេ​ង សុ​ភ័​ក្រ សាក​កណ្ដាប់ដៃ​ជាមួយ ឆាង សឹក ឯ​អេ​លី​ត សាន់ ជួប ហា​ឆ្លាម នៅ សង្វៀន​ខា​រ៉ា​បាវ​អាស៊ីអាគ្នេយ៍​

​វេ​ង សុ​ភ័​ក្រ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ និង​អេ​លី​ត សាន់ អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ ត្រូវ​អ្នករៀបចំ​កម្មវិធី​ប្រដាល់​នៅ​ប៉ុស្តិ៍​អាស៊ីអាគ្នេយ៍ ផ្គូផ្គង​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី នា​រសៀល​ថ្ងៃ​សៅរ៍​ ទី​២៤​ ខែ​សីហា​ ឆ្នាំ​២០១៩​នេះ នៅលើ​សង្វៀន​ខា​រ៉ា​បាវ អាស៊ីអាគ្នេយ៍។​

​វេ​ង សុ​ភ័​ក្រ ត្រូវ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ ឆាង សឹក​(Chharng Soeuk) ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០ គីឡូ​ក្រាម។ វេ​ង សុ​ភ័​ក្រ ជា​ជើង​ខ្លាំង​មួយរូប ដែល​ការប្រកួត​របស់គេ​ទោះ​ឈ្នះក្តី ចាញ់ក្តី មាន​មាន​លក្ខណៈ​តឹងតែង​បំផុត ពោលគឺ​មិនមាន​នរណា​យកឈ្នះ​លើ​រូបគេ​ដោយ​ផុយ​ស្រួល​នោះឡើយ។​

​យ៉ាងណា​ពេលនេះ សុ​ភ័​ក្រ ត្រូវបាន​ជួប​ប្រកួត​ជាមួយ ឆាង សឹក ដែលជា​អ្នក​ប្រដាល់​ចំណូល​ថ្មី​របស់​ថៃ មិនដឹងថា​ឈ្នះ​ឬ​ចាញ់​នោះទេ?។ វេ​ង សុ​ភ័​ក្រ មានការ​ស្រុតចុះ​នៅក្នុង​ការប្រកួត​ជាមួយ​ថៃ​ប្រមាណ​បី​ប្រកួត​ចុងក្រោយ​នេះ ដោយបាន​ត្រឹម​ស្មើ​ និង​ចាញ់​ប៉ុណ្ណោះ។ ប៉ុន្តែ​យ៉ាងណា នៅក្នុង​ការ​ប្រកួត​ជាមួយ​ខ្មែរ​គ្នាឯង ប្រមាណ​ពីរ​ប្រកួត​ចុងក្រោយ​នេះ គឺ​គេ​ឈ្នះ​ទាំងពីរ​ប្រកួត។ ការប្រកួត​ជា​មួយ​ថៃ​លើកចុងក្រោយ​នេះ វេ​ង សុ​ភ័​ក្រ វាយ​ចាញ់​Loom Leng​ដោយ​ពិន្ទុ ហើយ​ការប្រកួត​ជាមួយ​ខ្មែរ​លើកចុងក្រោយ​នេះ គេ​ឈ្នះ​សោម វិឆ័យ ដោយ​ពិន្ទុ។ អ្នក​ប្រដាល់​រូបនេះ វាយ​រាង​មើលងាយ​គូប្រកួត​បន្តិច នៅពេលដែល​មើលឃើញ​គូប្រកួត​រាង​អន់​ជាង​ខ្លួន​នោះ។

​ឆាង សឹក គេ​ក៏​ជា​ជើង​ខ្លាំង​មួយរូប។ គេ​មាន​ប្រវត្តិ​ប្រកួត​៦៨​លើក ដោយ​វាយ​ឈ្នះ​៦០​លើក និង​ចាញ់​០៨​លើក មិនដែល​ស្មើ ខណៈ​ដែល​វេ​ង សុ​ភ័​ក្រ មាន​ប្រវត្តិ​ប្រកួត​៧១​លើក ឈ្នះ​៥៥​លើក ចាញ់​១៥​លើក និង​ស្មើ​០១​លើក។ ចាំមើល វេ​ង សុ​ភ័​ក្រ និង ឆាង សឹក តើន​រណា​ជា​អ្នកឈ្នះ​នោះ?​។​

​ចំពោះ​អេ​លី​ត សាន់ ឬ លិញ​ភារ​ម្យ អ្នក​ប្រដាល់​កម្ពុជា​ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ ត្រូវបាន​គេ​ផ្គូ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Ha Chhlam ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦០គីឡូក្រាម។​

​អេ​លី​ត សាន់ អ្នក​ប្រដាល់​ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ ដែល​ត្រូវ​ជួប​ជាមួយ​ហា ឆ្លាម​នោះ ពួកគេ​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​ពីមុនមក។

​បើតាម​លោក​ញាណ សុធី អ្នកចាត់ចែង​កម្មវិធី​ប្រដាល់​ប្រចាំ​SEATV ឲ្យ​ដឹង​នោះ​ថា អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មក​ច្រើនលើក​ហើយដោយ​ធ្លាប់​ជួប​ឌុ​ម កែវ​ដា និង ទេស ជីវ៉ា នាពេល​កន្លងមក។

​ហា ឆ្លាម ជា​ជើង​ខ្លាំង​នៅ​ស្រុកថៃ។ គេ​ធ្លាប់​មក​ប្រកួត​នៅ​ភ្នំពេញ​ម្តង​ពីរដង​ហើយ​ហើយ​ដែល​ការ​មក​លើកចុងក្រោយរ​បស់​គេ​នោះ គឺ​វាយ​ឈ្នះ ទេស ជីវ៉ា ដោយ​វាយ​សន្លប់​ក្នុង​ទឹក​ទី​៣។ បើ​មើ​ល​ពី​ប្រវត្តិ​ប្រកួត​របស់គេ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦១​លើក ឈ្នះ​៥៣​លើក ចាញ់​០៨​លើក និង​មិនដែល​ស្មើ។ លោក​សុធី ឲ្យ​ដឹង​ទៀតថា ហា ឆ្លាម ជា​ម្ចាស់​ខ្សែក្រវាត់ ហេតុនេះ​គេ​មិន​ខ្សោយ​នោះឡើយ។ យ៉ាងណា ហា ឆ្លាម​និង​អេ​លី​ត សាន់ នេះ គេ​មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា​ទេ ហើយ​មាឌ ក៏​ប្រហែល​គ្នា​ដែរ។​

​អេ​លី​ត សាន់ អ្នក​ប្រដាល់​កម្ពុជា​យើង​វិញ ក៏​មិនមែនជា​អ្នកថ្មី​អ្វី​ដែរ គឺ​ពី​មុននេះ​គេ​មាន​ឈ្មោះថា លិញ ភារ​ម្យ នៅ​ក្លិប​ភា​រម្យ​គុន​ខ្មែរ​នោះ តែ​ឥឡូវ​គេ​បាន​ប្តូរ​ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ​វិញ​ហើយ។ អេ​លី​ត សាន់ គេ​មាន​កំណត់ត្រា​ប្រកួត​៦៧​លើក ឈ្នះ​៥១​លើក ចាញ់​១៥​លើក និង​ស្មើ​០១​លើក។ ទោះជា​យ៉ាងណាក្តី សម្រាប់​ការជួបគ្នា​រវាង​អេ​លី​ត សាន់ និង ហា ឆ្លាម​នេះ ពុំ​អាចសន្និដ្ឋាន​មុន​ថា អ្នក​ណា​ឈ្នះ អ្នកណា​ចាញ់​នោះឡើយ ហើយពីរ​នាក់​នេះ ក៏​មិនអាច​អ្នកណា​មើលស្រាល​អ្នកណា​បានដែរ?។​

​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ឡុង សុធា អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​ស៊ឹម ប៊ុនឆៃ អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ហើយ​លីន វិ​រៈ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ជួប​ប្រកួត​ជាមួយ អេ​លី​ត កែវ​ឡុង អ្នក​ប្រដាល់​ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​ចំណែក ធន់ ស៊ី​ហុង អ្នក​ប្រដាល់​ក្លិប​មជ្ឈមណ្ឌល​កីឡាខ​.​ភ​.​ម ត្រូវ​ជួប​ប្រកួត​ជាមួយ​ឡុង សុវណ្ណ អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម៕

​ដោយ ៖ វិ​សិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114