ព័ត៍មានទាន់​ហេតុការណ៏
Search

គណបក្ស​ប្រជាជន​ បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​រយៈពេល​១​ឆមាស​ នៅ​ថ្ងៃទី​២២​សីហា​

​ភ្នំពេញ ​៖ ​នៅ​ព្រឹក​ថ្ងៃទី​២២​សីហា​នេះ ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល​ ដើម្បី​បូកសរុប​លទ្ធផល​ការងារ​រយៈពេល១​ឆមាស និង​លើក​ទិសដៅ​បន្ត​ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស និង​សម្ដេច​ពញា​ចក្រី ហេង សំរិន ប្រធាន​កិត្តិយស​គណបក្ស នៅ​សាល​មហោស្រព​កោះ​ពេជ្រ។

កិច្ចប្រជុំ​នេះ ​មានការ​ចូលរួម​ពី​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ជាង​១​ពាន់​នាក់​នេះ នឹង​ពិភាក្សា​ទៅលើ​របៀបវារៈ​សំខាន់​ចំនួន​ពីរ​ ៖​

ទី​១.​ការ​បូកសរុប​លទ្ធផល​ការងារ​របស់​គណបក្ស​ក្នុង​រយៈពេល១​ឆមាស និង របៀបវារៈ​ទី​២ គឺ​ការ​លើក​ទិសដៅ​ការងារ​បន្ត​របស់​គណ​បក្ស។ នេះ​បើតាម​ការគូសបញ្ជាក់​ពី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផល​វរុណ ធ្លាប់បាន​ប្រាប់​សារព័ត៌មាន​នាពេល​កន្លងមក​។​

កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​ពីដំបូង​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​៤​ ខែ​កក្កដា ឆ្នាំ​២០១៩។ ប៉ុន្តែ​ស្រាប់តែ​ពេលវេលា​មកដល់​អគ្គនាយក WTO ស្នើ​ឲ្យ​ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​មាន​វត្តមាន​ចាំបាច់​ ព្រោះ​កម្ពុជា​ ត្រូវ​ធ្វើជា​ប្រទេស​កិត្តិយស ហើយ​នាយករដ្ឋមន្ត្រី​កម្ពុជា ​ត្រូវ​ទៅ​ថ្លែង​បើក​សម័យប្រជុំ​វេទិកា​ត្រួតពិនិត្យ​អំពី​បញ្ហា​ពាណិជ្ជកម្ម​។ ពេលនោះ​កិច្ចប្រជុំ​បក្ស​ត្រូវ​បាន​លើក​ពី​ថ្ងៃទី​០៤​កក្កដា ​មកកាន់​ថ្ងៃទី​១០​កក្កដា​។ ក៏ប៉ុន្តែ​ចៃដន្យ​ សម្ដេច ​មាន​បញ្ហា​គ្រេច​ស្មា​កិច្ចប្រជុំ​នេះ ​ត្រូវបាន​លើក​ពេល​ប្រជុំ​គណបក្ស​រហូតដល់​ថ្ងៃ​២២​សីហា​នេះ​។

​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ធ្លាប់បាន​មាន​ប្រសាសន៍​ឲ្យ​ដឹងថា ​៖​ កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​នឹងធ្វើ​រយៈពេល​១​ព្រឹក ដែល​គ្រាន់​តែមាន​របាយការណ៍​របស់​គណៈ​អចិន្ត្រៃយ៍​ក​ណ្ដា​ល​ជូន​ចំពោះ​គណៈ​កម្មការ​កណ្ដាល ហើយ​សម្ដេច​ឧទ្ទេសនាម​សភាពការណ៍​ និង​ភារកិច្ច ​ត្រូវបំពេញ​នាពេលខាងមុខ​ទម្រាំ​ទៅដល់​សន្និបាត​លើក​ក្រោយ។

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ​៖ «​គ្មាន​ការកោះប្រជុំ​វិសាមញ្ញ​អី​ទាំងអស់​ តែ​នេះ ជា​ក្រឹត្យក្រម​ធម្មតា​ជា​ដំណើរ​ប្រព្រឹត្តទៅ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ ​ត្រូវ​ប្រជុំ​២​ដង​/​ឆ្នាំ។ លើក​ពី​ខែកក្កដា ​មក​ខែសីហា​ វា​អត់​មានអី​ខុសគ្នា​ទេ។ ថែមថយ​បន្តិចបន្តួច​នៅក្នុង​របាយការណ៍​។​ឧទាហរណ៍ ​៖​ សភាពការណ៍​អន្តរជាតិ​ជំនួប Donald Trump និង Kim Jong-un​។ បន្ទាប់​ទៅ​ការដែល​កូរ៉េខាងជើង​បាញ់​ឡើងវិញ​នូវ​មី​ស៊ី​ល។ ជម្លោះ​នៅ​មជ្ឈិមបូព៌ា​។ ការកើនឡើង​កម្ដៅ​រវាង​អាមេរិក​-​អ៊ីរ៉ង់ គ្រាន់តែ​កែ​ថែមថយ​បន្តិចបន្តួច​អាហ្នឹង​គេ​ហៅថា Update ព្រោះ​របាយការណ៍​គណៈ​អចិន្ត្រៃយ៍​រាយការណ៍​ជូនទៅ​សន្និបាត​គណៈកម្មការ​កណ្ដាល គឺ​ត្រូវ​រៀបរាប់​វាយតម្លៃ​សភាព​ការ​ជាតិ និង​អន្តរជាតិ​ឲ្យ​ច្បាស់​»​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ ក៏បាន​រិះគន់​ចំពោះ​ក្រុមអ្នកវិភាគ​នយោបាយ​មួយចំនួន​ដែល​បាន​វិភាគ​ខុសពី​ដំណើរ​ទៅមុខ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ដោយ​សម្តេច​លើកឡើងថា ​៖ «​ពួកអ្នកឯង​គិត​ខុស​ហើយ​។ ប៉ុន្តែ​ពួកអ្នកឯង​គិត​ខុស​ក៏​ជា​សំណាង​យើង​ដែរ​ ព្រោះ​ដោយសារតែ​អ្នកឯង​គិត​មិន​ដែល​ត្រូវ ពី​ជំហាន​ដើរ​របស់​គណបក្ស​ប្រជាជន​ ទើប​អ្នកឯង​ចាញ់​គណបក្ស​ប្រជាជន​រហូតមក។ អ្នកឯង​ប៉ាន់ស្មាន​ដំណើរ​គណបក្ស​ប្រជាជន​អត់​ត្រូវ​ជាងនេះទៅទៀត កាន់តែ​មិនត្រូវ​ទៅលើ​ការ​ប៉ាន់​ដំណើរ​របស់ ហ៊ុន សែន តែម្ដង ត្រង់​ហ្នឹងហើយ​ដែល​អ្នកឯង​ចាញ់ ហ៊ុន សែន »។​

​លោក ឈឹម ផល​វរុណ បាន​ឲ្យ​ដឹងថា​ កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​នេះ ​មិន​ពាក់ព័ន្ធ​នឹង​ការអនុម័ត​សេចក្ដីព្រាងច្បាប់ ​ស្ដីពី​“​លទ្ធិប្រជាធិបតេយ្យ​កម្ពុ​ជា​ឆ្នាំ​២០១៩ ”​ដែល​ធ្វើឡើង​ដោយ​សភា​សហរដ្ឋអាមេរិក​នោះ​ទេ​។

​គួរ​ជម្រាប​ជូន​ថា ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បើក​កិច្ចប្រជុំ​ចុងក្រោយ​របស់​ខ្លួន​កាលពី​ចុងខែ​ធ្នូ ​ឆ្នាំ​២០១៨​ តាមរយៈ​សន្និបាត​លើក​ទី​៤១ ដោយមាន​ការចូលរួម​ពី​សមាជិក​គណៈកម្មាធិការ​កណ្តាល​ចំនួន​៨២៩​រូប​ លើ​រចនាសម្ព័ន្ធ​រួម​ចំនួន​៨៦៥​រូប៕

ដោយ ៖ ណា រី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114