ព័ត៍មានទាន់​ហេតុការណ៏
Search

គណបក្សនយោបាយ​ចំនួន​៦ ប្រឈម​ការ​ផាកពិន័យ ដោយសារ​មិន​បញ្ជូន​របាយការណ៍​ទៅ​ឲ្យ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ហិរញ្ញវត្ថុ​

​ភ្នំពេញ​ ៖ ការព្រមាន​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​គណបក្សនយោបាយ ដែល​រៀបចំ​ដោយ​ក្រសួងមហាផ្ទៃ កាលពី​រសៀល​ថ្ងៃ​ពុធ ទី​២១ ខែសីហា ឆ្នាំ​២០១៩ ដែល​កិច្ចប្រជុំ​នោះ ធ្វើឡើង​ក្រោម​អធិបតីភាព​លោក ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ដោយមាន​តំណាង​គណបក្សនយោបាយ​ចំនួន​៣៥​គណបក្ស បាន​ចូលរួម​។​

​កិច្ចប្រជុំ​នេះ ធ្វើឡើង​ដើម្បី​ផ្សព្វផ្សាយ​អំពី​ខ្លឹមសារ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ពិនិត្យឡើងវិញ​នូវ​ស្ថានភាព​នៃ​ការអនុវត្ត​ច្បាប់ ស្តីពី​គណបក្សនយោបាយ និង​កំណត់​នូវ​បញ្ហា​ប្រឈម​នានា ដែល​បាន​ជួបប្រទះ​នាពេល​កន្លងមក និង​ស្វែងរក​ដំណោះស្រាយ​នានា​ប្រកបដោយ​គណនេយ្យភាព តម្លាភាព និង​អ​ព្យា​ក្រឹត្យ​ភាព ដល់​តំណាង​គណបក្សនយោបាយ ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហា​ផ្ទៃ ហើយក៏​មានការ​ចូលរួម​ពី​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​ធនាគារជាតិ​ នៃ​កម្ពុជា តំណាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ផងដែរ​។​

​ថ្លែង​ទៅកាន់​អង្គប្រជុំ លោក ប៊ុន ហុន បាន​ថ្លែងថា គិត​ត្រឹម​ខែកក្កដា ឆ្នាំ​២០១៩ នេះ​ មាន​គណបក្ស​នយោបាយ​ចំនួន​៤៤ ដែល​បាន​ចុះបញ្ជី​ផ្លូវការ​ក្រសួងមហាផ្ទៃ ក្នុងនោះ​មាន​គណបក្សនយោបាយ​ចំនួន​៦ ពុំ​បានធ្វើ​របាយការណ៍​ប្រចាំ ឆ្នាំ​២០១៧-២០១៨ ជូនទៅ​កាន់​ក្រសួងមហាផ្ទៃ​។ ជាមួយគ្នា​នោះ ឆ្លៀតឱកាស​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ លោក​បាន​ក្រើនរំលឹក​ដល់​គ្រប់​បណ្តា​គណបក្ស​នយោបាយ ដែល​មិនទាន់​បានដាក់​របាយការណ៍ ត្រូវ​រួសរាន់​រៀបចំ​របាយការណ៍​ផ្សេងៗ​ទៅកាន់​ក្រសួងមហាផ្ទៃ និង​ក្រសួង​ហិរញ្ញវត្ថុ​ឲ្យ​បាន​ឆាប់​។​

​តាម​លោក ប៊ុន ហុន តាមច្បាប់​ស្តីពី​គណបក្ស​នយោបាយ ប្រសិន​គណបក្ស​ណា មិន​អនុវត្ត នឹង​ប្រឈម​ការ​ផាកពិន័យ​ចាប់ពី​៥​លាន​រៀល​។ លោក​បន្ថែមថា កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ​ រៀបចំ​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​ស្វែងយល់​ពី​ខ្លឹមសារ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ការ​ពិនិត្យ​ឡើងវិញ​នូវ​ស្ថានភាព​នៃ​ការអនុវត្ត​ច្បាប់ ដើម្បី​កំណត់​នូវ​បញ្ហា​ប្រឈម​នានា ដែល​បាន​ជួប​ប្រទះ​នាពេល​កន្លងមក និង​ស្វែក​រក​ដំណោះស្រាយ​ប្រកបដោយ​គណនេយ្យភាព តម្លាភាព និង​អព្យាក្រឹត្យ​ភាព​។​

​សូមជម្រាបថា គណបក្សនយោបាយ​ដែល​បាន​ចុះបញ្ជី​ផ្លូវ​ការសរុប​ចំនួន​៤៤ ក្នុងនោះ​មាន​ចំនួន​៤២ គណបក្សនយោបាយ​កំពុងមាន​សកម្មភាព​ន​យោ​បាយ​របស់ខ្លួន​នៅតាម​បណ្តា​មូលដ្ឋាន​ នៃ​រាជធានី​-​ខេត្ត ដោយឡែក​គណបក្សនយោបាយ ដែល​មិនបាន​បំពេញ​តាម​ការកំណត់​ក្នុង​បទប្បញ្ញត្តិ​ មាត្រា​៣១​ថ្មី​ នៃ​ច្បាប់ ​ស្តីពី​គណបក្សនយោបាយ​នោះ​រួមមាន ៖

១. គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ

២. គណបក្ស​វ​ង្គ​ត​ខេមរៈ​មហានគរ

៣. គណបក្ស​សិទ្ធិមនុស្ស

៤. គណបក្ស​ម៉ូលីណាកា ​និង​អ្នកតស៊ូ​ដើម្បី​សេរីភាព

៥. គណបក្ស​សង្គម​ប្រជាធិបតេយ្យ​ និង​ទី​៦. គណបក្ស​ប្រជាធិបតេយ្យ​ខ្មែរ​៕

ដោយ ៖ កោះ​កែវ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114