ព័ត៍មានទាន់​ហេតុការណ៏
Search

ផលិតកម្ម​មហាហង្ស សហការ​ជាមួយ​ក្លិប​បាល់ទាត់​បឹងកេត រៀបចំ​ប្រកួត​មិត្តភាព​ដើម្បី​សប្បុរសធម៌​

ផលិក​កម្ម​មហាហង្ស សហការ​ជាមួយ​ក្លិប​បាល់ទាត់​បឹងកេត នឹង​រៀបចំ​ការប្រកួត​បាល់ទាត់​លក្ខណៈ​មិត្តភាព​ដើម្បី​សប្បុរសធម៌ ស្វែងរក​ថវិកា​ជូន​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ដែល​គ្រោង​នឹង​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃ​ទី​ព្រហស្បតិ៍ ទី​២៩ ខែសីហា ឆ្នាំ​២០១៩​ខាងមុខនេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

នេះ​គឺជា​លើក​ទី​ពីរ​ហើយ ដែល​កម្មវិធី​នេះ​កើតមានឡើង ដោយ​កាលពី​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៩ នៅ​ព្រះរាជាណាចក្រ​ថៃ ដោយ​កាលនោះ ក្រុម​តារាបាល់ទាត់​កម្ពុជា (​បឹងកេត​+​មហាហង្ស​) ប្រកួត​ឈ្នះ​ក្រុម One United (​តារា​ថៃ​) ដោយ​លទ្ធផល ២ ទល់នឹង ១ ហើយ​ក្នុង​លទ្ធផល​នោះ គ្រាប់​បាល់​ទាំង ២​គ្រាប់​របស់​កម្ពុជា រកបាន​ដោយ​កីឡាករ ចេ​ន និង លឹម យូ។

សម្រាប់​ការប្រកួត​លើក​ទី​២ នា​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ ២០១៩​នេះ នឹងមាន​ការប្រកួត​ចំនួន ០២​គូ ដែល​ចាប់ផ្តើម​ពី​ម៉ោង ២​រសៀល រហូតដល់​ម៉ោង ៩​យប់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដោយ​គូ​ទីមួយ គឺ​ក្រុមបាល់ទាត់​បឹងកេត ទល់នឹង​ក្រុម​តារាបាល់ទាត់​មហាហង្ស និង​គូ​ទី​ពីរ គឺ​ក្រុមបាល់ទាត់​តារា​កម្ពុជា ប្រកួត​ទល់នឹង​ក្រុមបាល់ទាត់​តារា​ថៃ។

ចំពោះ​តម្លៃ​សំបុត្រ​ចូល​ទស្សនា គឺ​មាន​ដាក់​លក់​នៅ​ខាងមុខ​ពហុ​កីឡដ្ឋាន​ជាតិ ដោយ​បែង​ចែកជា​ពីរ​ប្រភេទ គឺ​ប្រភេទ​ធម្មតា តម្លៃ ៥,០០០​រៀល និង​ប្រភេទ​ពិសេស តម្លៃ ១០,០០០​រៀល​។ ព្រឹត្តិការណ៍​បាល់ទាត់​ដើម្បី​សប្បុរសធម៌​នេះ​ក៏​នឹងមាន​ផ្សាយ​ផ្ទាល់​ដោយ​ស្ថានីយ៍ទូរទស្សន៍ BTV ផងដែរ។

ក្រៅពី​ការប្រកួត​បាល់ទាត់ ព្រឹត្តិការណ៍​នេះ​ក៏​នឹង​មាន​ការសម្តែង​ជូន​នូវ​ការ​ច្រៀង​ពី​សំណាក់​តារាចម្រៀង​ចំរុះ​កម្ពុជា​-​ថៃ ជាច្រើន​រួមមាន អេ​ដា​, Phem Daravibol, Pramote Wilepana, Utain Prommin និង​ក្រុម Mustache Band ផងដែរ៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114