ព័ត៍មានទាន់​ហេតុការណ៏
Search

យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ៣​រូប នឹង​គ្រូ​បង្វឹក ១​រូប ទៅ​ចូលរួម​កម្មវិធី​ផ្លាស់ប្ដូរ​បទពិសោធន៍​នៅ​ក្លិប​លី​គ​កំពូល​ជប៉ុន

​យុវជន​ចំនួន ៣​រូប នៃ​មជ្ឈមណ្ឌល និង​សាលា​កីឡាបាល់ទាត់​ជាតិ​បាទី ខេត្តតាកែវ រួម​ជាមួយ​គ្រូដឹកនាំ​ម្នាក់ នឹងត្រូវ​ធ្វើដំណើរ​ទៅ​ប្រទេស​ជប៉ុន​ដើម្បី​ចូលរួម​កម្មវិធី​ផ្លាស់ប្ដូរ​បទពិសោធន៍ ( Exchange Program ) នៅ​ក្លិប​បាល់ទាត់ Vegalta Sendai ដែលជា​ក្លឹប​កំពុង​ប្រកួតប្រជែង​នៅ​លី​គ​កំពូល​របស់​ជប៉ុន នេះ​បើតាម​ការប្រកាស​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៩​។

យុវជន​ទាំង ៣​រូប កីឡាករ ថា ចាន់​រិទ្ធី ( អ្នកចាំទី ), កីឡាករ អ៊ា​ន ពិសី ( ខ្សែបម្រើ ) និង​កីឡាករ សៀង ច​ន្ធា ( ខ្សែប្រយុទ្ធ ) និង​គ្រូដឹកនាំ ១​រូប សាប៊ូ​ន វិ​នតា ( ជា​គ្រូ​ជំនួយ នៃ​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី ) ហើយនឹង​ត្រូវ​ចេញទៅ​ចូល​កម្មវិធី​ដដែល​ខាងលើនេះ ប្រព្រឹត្ត​ចាប់ពី​ថ្ងៃទី​០៩ ដល់​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៩ នេះ​។

នេះ​ជា​លើក​ទី​២ ដែល​យុវជន​ពី​សាលា​បាល់ទាត់​ជាតិ​បាទី​ត្រូវ​បាន​បញ្ជូន​ទៅ​ចូលរួម​កម្មវិធី​នេះ ខណៈ​កាលពី​ឆ្នាំ​២០១៨ កម្ពុជា បាន​បញ្ជូន​កីឡាករ ៣​រូប ទៅ​ចូលរួម​កម្មវិធី​ខាងលើ​ម្ដង​រួច​មក​ហើយ ក្នុងនោះ​មាន សៀង ច​ន្ធា​, ទៀត គឹម​ហេង និង ហ៊ុល គឹម​ហ៊ុយ នឹង​អមដំណើរ​ដោយ​គ្រូបង្វឹក លោក ឡុង រិ​ទ្ធា​។

សម្រាប់ កីឡាករ ថា ចាន់​រិទ្ធី ( អ្នកចាំទី ), កីឡាករ អ៊ា​ន ពិសី ( ខ្សែបម្រើ ) និង​កីឡាករ សៀង ច​ន្ធា (ខ្សែប្រយុទ្ធ ) នឹង​ចូលរួម​វគ្គ​ហ្វឹកហាត់ ក៏ដូចជា​ចូលរួម​ជាមួយ​យុវជន Vegalta Sendai ដើម្បី​ធ្វើការ​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ​ជាមួយ​ក្រុម​ផ្សេង​ផង​ដែរ បូករួម​ទាំង​ត្រូវបាន​ផ្តល់ឱកាស​ឲ្យ​មើល​ការហ្វឹកហាត់ របស់​ក្រុម​ធំ​នៃ​ក្លឹប Vegalta Sendai ដែលជា​សមាជិក​នៃ​លី​គ​កំពូល​ជប៉ុន​ផងដែរ និង​ចូលរួម​ទស្សនាការ​ប្រកួត​លី​គ​កំពូល​ជប៉ុន ( J-League 1 ) ក៏ដូចជា​ផ្លាស់​បទពិសោធន៍​វប្បធម៌​ជប៉ុន នៅក្រៅ​ទីលាន​ថែម​ទៀតផង​។​

ដោយឡែក​គ្រូ​បង្វឹក ដែល​អម​ដំណើរ​កីឡាករ​ក៏ត្រូវ​បាន​ផ្តល់​ឱកាស​ដើម្បី​ចូលរួម​ជាមួយ​សាលា​បាល់ទាត់ ដែល​រៀបចំឡើង​ដោយ​ក្លឹប Vegalta Sendai ដូចគ្នា ក្នុងអំឡុងពេល​ស្នាក់នៅ និង​ចំណាយពេល​នៅ​ទីក្រុង Sendai នេះ​។

និយាយ​ពី​ក្លិប​បាល់ទាត់ Vegalta Sendai ក្លិប​នេះ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៨៨ គិត​មក​ទល់​ពេល​នេះ​មាន​អាយ​កាល ៣៣​ឆ្នាំ សមិទ្ធផល​ល្អ​បំផុត​របស់​ក្រុម​នេះ គឺ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​២ ក្នុង​លី​គ​កំពូល​កាលពី​ឆ្នាំ​២០១២ បន្ទាប់ពី​ឡើង​ពី​លី​គ​ទី​២ បាន​៣​ឆ្នាំ ខណៈ​បច្ចុប្បន្នកំពុង​ឈរ​នៅ​លេខ ១៤​នៃ​លី​គ​ដែលមាន ១៨​ក្រុម​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114