ព័ត៍មានទាន់​ហេតុការណ៏
Search

ឆ្នាំ​នេះ​ប្រជាជន​នៅ​ស្រុក​ពញាឮ ព្រួយបារម្ភ​ពី​ទឹកទន្លេ​តូច​ដែល​ប្រឈម​កង្វះ​ទឹក​ធ្វើស្រែ​ប្រាំង​នៅ​រដូវ​ទឹកសម្រក​

កណ្តាល​ ៖ ប្រជាជន​រស់នៅ​ក្នុងស្រុក​ពញាឮ ខេត្តកណ្តាល បាន​សម្តែង​ការ​ព្រួយបារម្ភ​គ្មាន​ទឹក​ធ្វើស្រែ​រដូវ​ទឹកសម្រក​ឆ្នាំ​២០១៩​នេះ​ ខ​ណៈ​ដែល​ស្ថានភាព​ទឹកទន្លេ​តូច មិន​ឡើង​ដូច​ឆ្នាំ​មុនៗ ពោល​គឺ​គ្មាន​ទឹក​ចូល​បឹង​សោះ ដោយសារតែ​ពុំ​សូវ​សំបូរ​ទឹកភ្លៀង​កាលពីដើមឆ្នាំ​។

ការ​ព្រួយបារម្ភ​នេះ ​ផ្ទុយ​ពី​តាម​បណ្តា​ខេត្ត​មួយចំនួន​ដូចជា ខេត្តកំពត កំពង់សោម​ (​ព្រះសីហនុ​) មណ្ឌល​គី​រី បាត់ដំបង ដែល​កំពុងតែ​រងគ្រោះ​មហន្តរាយ​ដោយសារ​ជំនន់​ទឹកភ្លៀង​លិចលង់​ផ្ទះសំបែង​ដាច់​ផ្លូវ​បាក់​ស្ពាន​បង្ក​អោយ​ខូចខាត​ផលដំណាំ​ផ្សេងៗ​ស្លាប់​មនុស្ស​ខ្លះ​ផងដែរ​។

លោក​យាយ រ៉ុ​ម អាយុ​៧៥​ឆ្នាំ ក៏ដូចជា​អ្នកភូមិ​ដទៃទៀត​ដែរ​បាន​និយាយ​ត្អូញត្អែរ​ថា រាល់ៗ​ឆ្នាំ​ឲ្យ​តែ​ដល់​ខែ​ស្រាពណ៍ ឫ​ខែសីហា ទឹកទន្លេ​ពេញព្រៀប​តាម​បឹង​បួរ​ស្ទឹង​ទន្លេ​ពន្លិច​វាលស្រែ​ប្រាំង​ហើយ តែ​ឥឡូវ​ជិត​ដាច់​ខែ​ស្រាពណ៍​ចូល​ខែ​ភ​ទ្រ​បទ​ ឬ​ ខែកញ្ញា ដែលជា​ខែ​ភ្ជុំបិណ្ឌ​ទៅ​ហើយ​គ្មាន​ទឹក​ទាល់​សោះ​តាម​វាលស្រែ​ប្រាំង​កុំថាឡើយ​ទឹក​ចូល​បឹងបួ​នោះ​។ នេះ​មានន័យថា ប្រជាជន​នឹង​គ្មាន​ល​ទ្ធ​ភាព​ធ្វើ​កសិកម្ម​ដាំ​ស្ទូងស្រូវ​ប្រាំង​ទេ ហើយ​ចំណែក​ឯ​ស្រូវវស្សា​ក៏​ពិបាក​ទទួល​ផល​ដែរ​ ព្រោះ​ប្រជាជន​ធ្វើស្រែ​ពឹងផ្អែក​លើ​មេឃ​ភ្លៀង តែ​បើ​របរ​ទឹកភ្លៀង​មិន​ទៀងទាត់​ទេ​ធ្វើការ​លូតលាស់​របស់​ស្រូវ​មិនល្អ​ស្កក​គ្មាន​ផ្លែ ជីវភាព​ប្រជាជន​កាន់តែ​លំបាក​។

លោក ថន សុ​វណ្ណា អភិបាល​នៃ​គណៈ​អភិបាលស្រុក​ពញាឮ បាន​មានប្រសាសន៍​ពន្យល់​នៅ​រសៀល​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៩ ថា ប្រជាជន​ពិតជា​មាន​​ការព្រួយបារម្ភ អំពី​បញ្ហា​កង្វះខាត​ទឹក​សម្រាប់ធ្វើ​កសិកម្ម​ស្រូវ​នៅ​រដូវ​ទឹកសម្រក​ឆ្នាំ​នេះ​ពិតមែន ​ដោយសារ​ទឹកទន្លេ​មិនបាន​ឡើង​ដូច​បណ្តា​ឆ្នាំមុនៗ​សោះ​។ លោក ក៏​បាន​លើក​ឡើង​ថា បើតាម​ការ​ផ្សព្វផ្សាយរ​បស់​ក្រសួង ធនធានទឹក និង​ឧតុនិយម​បានប្រកាសថា នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​ខាងមុខនេះ​នឹង​មាន​ព្យុះភ្លៀង​ច្រើន ដែល​ឲ្យ​ ​ប្រជាជន​ត្រៀម​ការពារ​ខ្លួន​ទុកជាមុន៕
សឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114