ព័ត៍មានទាន់​ហេតុការណ៏
Search

គណៈកម្មការ​គ្រប់គ្រង​ផ្សារ​បន្លែ​ច្បារអំពៅ​ រក​ឃើញ​សារជាតិ​បូរ៉ា​ក់នៅ​ក្នុង​ងៀត​បបែល​ជិត​១០​គីឡូ​ព្រមទាំង​ដកហូត​ដុត​កម្ទេចចោល​មុខ​ម្ចាស់

ភ្នំ​ពេ​ញ ៖ យោងតាម​ប្រភព​ពី​លោក​សាន់ ប៊ុន​ណា ប្រធាន​គណៈកម្មការ​ផ្សារ​បន្លែ​ច្បារអំពៅ​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា ​នៅ​ព្រឹក​ថ្ងៃ​ទី​២២​ខែសីហា​នេះ​ គណៈកម្មការ​ផ្សារ​បន្លែ​ច្បារអំពៅ​បាន​សហការ​ជាមួយ​មន្ត្រី​បច្ចេកទេស​កាំកុងត្រូល​ បាន​រក​ឃើញ​អ្នកលក់​ងៀត​បបែល​ម្នាក់ ​ដែល​លក់​ចល័ត​យក​ងៀត​បបែល​ដែល​ផ្ទុក​សារជាតិ​គីមី​ប៉ះពាល់​ដល់​សុខភាព​ដល់​អ្នក​ទិញយក​ទៅ​ពិសារ​។

លោក​សាន់ ប៊ុន​ណា បាន​បន្តថា ​ជា​រៀងរាល់ថ្ងៃ​គណៈកម្មការ​ផ្សារ​បន្លែ​ច្បារអំពៅ​បាន​សហ​ការ​ត្រួតពិនិត្យ​លើ​ចំណីអាហារ​ ដែល​អាជីវករ​យកមក​លក់​នៅ​ក្នុង​ផ្សារ ​ដើម្បី​រក​ចំណីអាហារ​ណា​ដែល​ផ្ទុក​សារជាតិ​គីមី​។

លុះ​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២២​ ខែសីហា​នេះ​ គណៈកម្មការ​ផ្សារ​និង​មន្ត្រី​បច្ចេកទេស​កាំកុងត្រូល​ ដែល​ប្រចាំការ​ក្នុង​ផ្សារ​បាន​ធ្វើ​ការ​ត្រួតពិនិត្យ​ទៅលើ​សាច់​ងៀត​បបែល​និង​ត្រី​ចា​បស​មុ​ត្រ​ពី​ស្ត្រី​ម្នាក់​ឈ្មោះ ផាន ធូ​ធី អាយុ​៥៥​ឆ្នាំ​ ជា​ជនជាតិ​វៀតណាម​ស្នាក់នៅ​មិន​ពិតប្រាកដ​ដោយ​កម្លាំងចំរុះ​សង្ស័យ​ថា ​មាន​ផ្ទុក​សារជាតិ​គីមី​ហើយ​ដល់ពេល​ពិនិត្យ​ទៅ​ឃើញថា​ មាន​ផ្ទុក​សារជាតិ​បូរ៉ា​ក់​ក្នុង​ងៀត​បបែល​និង​ត្រី​ចា​បស​មុ​ត្រ​ពិតប្រាកដ​មែន ប្រធាន​ផ្សារ​បន្លែ​ច្បារអំពៅ​មាន​ទីតាំង​ក្នុងភូមិ​កណ្តាល​សង្កាត់​ច្បារអំពៅ​ទី​២ ​ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ ​បាន​បញ្ជាក់​ថា នៅ​ពេល​រក​ឃើញ​ងៀត​បបែល​និង​ត្រី​ចាប​សមុទ្រ​ផ្ទុក​សារជាតិ​បូរ៉ា​ក់​រួចមក ​គណៈកម្មការ​ផ្សារ​បានសម្រេច​រឹបអូស​យក​មក​ដុត​កម្ទេចចោល​នៅ​ចំពោះ​មុខ​ស្ត្រី​ជា​ម្ចាស់​តែម្តង​។ ហើយ​តាម​ចម្លើយសារភាព​របស់​ស្ត្រី​ជា​ម្ចាស់​បាន​អះអាងថា ​របស់​ខាងលើ​ជា​របស់គាត់​ពិតប្រាកដ​មែនហើយ​សន្យា​ថា ​បញ្ឈប់​ការ​យក​ងៀត​បបែល​និង​ត្រី​ចាប​សមុទ្រ​ដែល​ផ្ទុក​សារជាតិ​គីមី​មក​លក់​ទៀតហើយ​។

ដោយឡែក​គណៈកម្មការ​ផ្សារ​បាន​និយាយ​ថា ​ស្ត្រី​ខាងលើ​ពុំមែន​ជា​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​បន្លែ​ច្បារអំពៅ​នេះឡើយ ​គឺ​គាត់​ដើរ​លក់​ចល័ត​។​ សំណាង​ណាស់​ដែល​គណៈកម្មការ​ផ្សារ​និង​មន្ត្រី​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ​រក​ឃើញ​សារជាតិ​គីមី ​ដែល​គេ​យកមក​លក់​ក្នុង​ផ្សារ​ត្រូវ​បាន​ដកហូត​យក​ទៅ​កម្ទេចចោល​ទាន់ពេល​។ ​កុំ​អី​មាន​អ្នកទិញ​យកទៅ​បរិភោគ​គឺអាច​ប៉ះពាល់​ដល់​សុខភាព​ជាក់​ជាមិនខាន​៕
ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114