ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្ទៃដី​ស្រូវវស្សា​នៅ​បន្ទាយមានជ័យ​ជាង​១,៣​ម៉ឺន​ហិចតា ​ខូចខាត​ក្នុងចំណោម​ជាង​៤​ម៉ឺន​ដែល​ប៉ះពាល់ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ​មកទល់​ថ្ងៃ​ទី​២២ ​ខែសីហា​ ឆ្នាំ​២០១៩ ផ្ទៃដី​ស្រូវវស្សា​នៅ​ខេត្តបន្ទាយមានជ័យ​ជាង​១,៣​ម៉ឺន​ហិច​តា​ ឈាន​ទៅ​ខូចខាត​ហើយ​ ក្នុងចំណោម​ផ្ទៃដី​ជាង​៤​ម៉ឺ​ន​ហិច​តា​ដែល​រង​ផលប៉ះពាល់​ពី​គ្រោះរាំងស្ងួត​។

លោក​ប៉ាង វណ្ណា​សេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តបន្ទាយមានជ័យ​ ប្រាប់​អ្នកយក​ព័ត៌មាន​ឲ្យ​ដឹង​ថា ​មួយ​រយៈ​ចុងក្រោយ​នេះ ​មាន​របាយ​ទឹកភ្លៀង​ឡើងវិញ​នៅ​ក្នុង​ភូមិសាស្ត្រ​ស្រុក​ក្រុង​ទាំង​៩​នៃ​ខេត្ត​នេះ​មែន ​ប៉ុន្តែ​មិនត្រូវ​ចំទាំង​អស់នៃ​ផ្ទៃដី​ស្រែ​ដែល​ផលប៉ះពាល់​និង​ខូចខាត​កន្លងមក​នោះ​ទេ​។

ហើយ​ក្នុងចំណោម​ផ្ទៃដី​ស្រូវវស្សា​រង​ផលប៉ះពាល់​ជាង​៤​ម៉ឺន​ហិច​តា មាន​ផ្ទៃដី​ជាង​១,៣​ម៉ឺន​ហិច​តា​បាន​ឈានទៅ​រង​ការខូចខាត​ហើយ​។ ​ក្នុង​នោះ​ស្រូវ​ខ្លះ​បាន​ស្វិត​ងាប់ និង​ខ្លះ​ទៀត​ទោះ​ជា​មាន​ទឹកភ្លៀង​ ត្រូវ​ចំ​ខ្លះ​ហើយ​រស់​ឡើងវិញ ក៏​នៅតែ​ទុកជា​ខូចខាត​ ព្រោះ​ជា​ស្រូវស្រាល​និង​ស្រូវ​កណ្តាល​ដែល​មិន​អាច​លូតលាស់​និង​មិនអាច​ធ្វើខ្លួន​និង​ត្រៀម​ចេញ​ផ្កា​ផ្លែ​បាន ត្បិត​យឺត​រដូវ​ហើយ​។ ចំណែក​ពូជស្រូវ​វារ​ជា​ពូជ​ស្រូវធ្ងន់​នៅ​តំបន់​ក្រោម​នៃ​ស្រុក​មង្គល​បូរី​និង​ស្រុក​ព្រះនេត្រព្រះ​ដែល​រង​ផលប៉ះពាល់​ជាង​១​ខែ​មកហើយ ក៏​ប្រឈម​នឹង​ខូចខាត​ដែរ បើទោះបីជា​រយៈ​ពេល​ដើមដង​ស្រូវ​លូតលាស់ ធ្វើខ្លួន​និង​ចេញ​ផ្កា​ផ្លែ​នៅពេល​យូរ​ទៀត​ក្តី។

សូម​បញ្ជាក់​ថា ​កាលពីដើម​ដល់​ពាក់កណ្តាល​ ខែសីហា ​ឆ្នាំ​២០១៩ កន្លងមក​នៅ​ខេត្ត​បន្ទាយមានជ័យ ក៏​មាន​ភ្លៀង​ធ្លាក់​ឡើងវិញ​នៅ​ស្រុកភូមិ វាលស្រែ​ចម្ការ​ខ្លះៗ​ឡើងវិញ ប៉ុន្តែ​មិន​ត្រូវ​ចំ​វាលស្រែ​ដែល​រង​ផលប៉ះពាល់​និង​ខូចខាត​ទាំងអស់​នោះឡើយ​។ ​ក​ម្រិត​ទឹកភ្លៀង​រាយប៉ាយ​កម្រិត​មធ្យម​និង​បង្គួរ​ក៏​មិន​អាច​ឲ្យ​មាន​ទឹក​ដក់​គល់​ស្រូវ​នោះ​ទេ គឺ​បាន​ត្រឹម​ជួយ​ស្រូវ​ដែល​ផលប៉ះពាល់​អាច​រស់​ឡើងវិញ តែ​មិនអាច​លូតលាស់​មាន​ដើមដង​ល្អ​ឡើយ​។ ឯ​ត្រង់​វាលស្រែ​ស្រូវ​ដែល​ខូចខាត ក៏​មិនទាន់​អាច​យក​ពូជ​ទៅ​ដាំ​ដុះ​ស្តារ​នៅឡើយ​ដែរ។

យោង​តាម​របាយការណ៍​ រប​ស់​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តបន្ទាយមានជ័យ​ឲ្យ​ដឹង​ថា ​ពី​ដើម​សប្តាហ៍​មុន ក្នុង​ខេត្ត​នេះ ដំណាំ​ស្រូវ​រង​ប៉ះពាល់​កើន​ដល់​ជាង​៤​ម៉ឺន​ហិច​តា​ លើ​ផ្ទៃដី​ដំណាំ​ស្រូវ​ដែល​អនុវត្ត​បាន​ជាង​២,៥​សែន​ហិច​តា នៅ​៣៨​ឃុំ សង្កាត់​លើ​៦៥ នៃ​គ្រប់​ស្រុក​ក្រុង​។ កន្លង​មក​នេះ​ក្នុងចំណោម​ផ្ទៃដី​ស្រូវ​ ដែល​អនុវត្តបាន​និង​រង​ប៉ះពាល់​គឺ​នៅ​ស្រុក​មង្គល​បូរី​អនុវត្តបាន​ក៏​ច្រើន​ជាង​គេ ប៉ះពាល់​ក៏​ច្រើន​ជាង​គេ បន្ទាប់មក​ក្រុង​សិរីសោភ័ណ ស្រុក​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ស្រុក​ម៉ាឡៃ​ស្រុក ស្វាយចេក​ ប៉ុន្តែ​នៅ​ស្រុក​មង្គល​បូរី ផ្ទៃដី​ស្រូវ​មួយ​ចំនួន​ក្នុងចំណោម​ជាង​១​ម៉ឺន​ហិច​តា​ដែល​រង​ផលប៉ះពាល់ ក៏​ទទួល​បាន​ទឹកភ្លៀង​និង​ទឹក​ពី​ស្ទឹង​មង្គល​បូរី ​និង​ពី​ប្រព័ន្ធ​ប្រឡាយ​នានា​ឡើងវិញ។

ចំណែក​នៅ​ស្រុក​ផ្សេងទៀត​ទោះ​មាន​ ឬ​គ្មាន​ ប្រព័ន្ធ​ប្រឡាយ ក៏​គ្មាន​ទឹក​ស្រោចស្រព​ឡើយ គឺ​ត្រូវ​រង់ចាំ​ទឹកភ្លៀង​ពី​មេឃ​ដដែល។ ​ដោយឡែក សម្រាប់​ការ​ប្រមូល​ផល​ស្រូវស្រាល​ដើមរដូវ​វិញ​លោក​ប្រធាន​ម​ន្ទីរ​និយាយ​ថា ​មកទល់​ថ្ងៃទី​២២​ខែសីហា​ឆ្នាំ​២០១៩​នេះ ​ការ​ប្រមូល​ផល​ស្រូវ​បាន​ប្រមាណ​១០​ភាគរយ​នៃ​ផ្ទៃដី​ដែល​អនុវត្ត​បាន​៦​ម៉ឺន​ហិច​តា ហើយ​ទិន្នផល​និង​តម្លៃ​ស្រូវ​នៅ​ល្អ​នៅឡើយ​ពុំទាន់​ចុះថោក​ទេ​៕
គង្គា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114