ព័ត៍មានទាន់​ហេតុការណ៏
Search

​កីឡាករ Novak Djokovic នៅតែ​ឈានមុខ​គេ​ក្នុងការ​ឈ្នះ​ជើងឯក U.S. Open

​កីឡាករ Novak Djokovic បាន​ក្លាយជា​កីឡាករ​ឈានមុខ​គេ​ម្នា​ក់នៅ U.S. Open ប៉ុន្តែ​បរាជ័យ​របស់គាត់​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Cincinnati Masters កាលពី​សប្តាហ៍​មុន យ៉ាងហោចណាស់​ក៏​ផ្តល់​ក្តីសង្ឃឹម​ដល់​គូប្រជែង​របស់គាត់​ដែរ ថា​កីឡាករ​លំដាប់ថ្នាក់​លេខ​១​ពិភពលោក​ម្នាក់នេះ មិន​ថា​មិន​ចាញ់​គេ​នៅ​ការប្រកួត​នោះទេ​។

កីឡាករ Djokovic ធ្វើបាន​យ៉ាង​អស្ចារ្យ​មុន​ការបោះ​ជំហាន​ដល់​ការប្រកួត Cincinnati ដោយ​លោក​បានឈ្នះ​ជើងឯក​៣​លើក ក្នុងនោះ​រួមទាំង​ទាំង​ជើងឯក Grand Slams ២​លើក​ក្នុងឆ្នាំនេះ​ផងដែរ​។​
​លោក​បានឈ្នះ​ជើងឯក Australian Open កាលពី​ខែមករា ឈ្នះ​ជើងឯក ATP Masters នៅ​ទីក្រុង Madrid​កាលពី​ខែឧសភា មុនពេល​សន្សំ​បាន​២​ពិន្ទុ ដើម្បី​យកឈ្នះ​គូសត្រូវ​ចាស់ Roger Federer​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Wimbledon​ដែលជា​ការប្រកួត​លេង​យូរ​បំផុត​កាលពី​ខែកក្កដា។

ប៉ុន្តែ​បរាជ័យ​កាលពី​ចុង​សប្តាហ៍​ក្រោម​ថ្វីដៃ​របស់​កីឡាករ​រុស្ស៊ី Daniil Medvedev មិនបាន​បំបាក់​ទំនុកចិត្ត​របស់​កីឡាករ​ម្នាក់នេះ​ទេ ដែល​បាន​ចំណាយពេល​៩​ខែ​ក្នុងនាម​ជា​កីឡាករ​កំពូល​បំផុត​នៅ​ការប្រកួត​នោះ​។

កីឡាករ Djokovic បាន​និយាយ​ក្រោយ​បរាជ័យ​កាលពី​ថ្ងៃ​សៅរ៍​ថា លោក​បាន​មើលឃើញ​ពី​ភាព​វិជ្ជមាន​ខ្លាំង​បំផុត​នៅក្នុង​ការប្រកួត​របស់​លោក​។ លោក​បាន​ចាញ់​កីឡាករ​ម្នាក់ ដែល​លេង​ការប្រកួត​ដ៏​អស្ចារ្យ​បំផុត ហេតុដូច្នេះ​ហើយ​លោក​ត្រូវតែ​បង្កើន​ការខិតខំ​សម្រាប់​ការប្រកួត​នៅ​ទីក្រុង​ញូវយ៉ក ហើយ​និង​មាននូវ​សប្តាហ៍​ហ្វឹកហាត់​ដ៏​ល្អ​មួយ​។

លោក​បន្ត​ថា ជា​ការ​ពិតណាស់ថា លោក​បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការប្រកួត US Open​។ លោក​ពេញ​ចិត្តនឹង​ការលេង​នៅទីនេះ ម្យ៉ាង​ដោយសារ​ស្ថានភាព​លេង​នៅទីនេះ ពិតជា​ល្អ​ខ្លាំងណាស់៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114