ព័ត៍មានទាន់​ហេតុការណ៏
Search

​ក្រុម​ជម្រើសជាតិ​ទុយ​នី​ស៊ី ចែកផ្លូវ​ដើរ​ជាមួយ​គ្រូបង្វឹក Giresse ក្រោយ​ការប្រកួត Cup of Nations

​លោក Alain Giresse បាន​ចាក​ចេញពី​ការងារ​របស់លោក ជា​គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​ទុយ​នី​ស៊ី រយៈពេល​៩​ខែ​ប៉ុណ្ណោះ ក្រោយ​ដឹកនាំ​ពួកគេ​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Africa Cup of Nations​កាលពី​ខែកក្កដា កន្លងទៅ​។

ការដើរ​ចេញ​របស់​អតីត​កីឡាករ​ស្ថិតក្នុង​ក្រុម​ជម្រើសជាតិ​បារាំង​ម្នាក់នេះ ត្រូវបាន​ប្រកាស​ឲ្យ​ដឹង​ដោយ​សហព័ន្ធ​បាល់ទាត់​ទុយ​នី​ស៊ី កាលពី​ថ្ងៃ​ពុធ ដោយ​ពួកគេ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ខ្លី​មួយ​ថា វា​គឺជា​ការសម្រេចចិត្ត​ដែលមាន​ការព្រមព្រៀង​ទាំងសងខាង​។​

​លោក Giresse ទទួលបាន​ការជ្រើសតាំង​ជា​គ្រូបង្វឹក​កាលពី​ខែធ្នូ​កន្លងទៅ ហើយ​និង​បាន​ជួយ​ពួកគេ​ឡើងដល់​វគ្គ​៤​ក្រុម​ចុងក្រោយ នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប ថ្វីត្បិតតែ​ពួកគេ​ឈ្នះ​តែ​១​ប្រកួត​នៅ​ការប្រកួត​មួយ​នេះ ក្រៅពី​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី Shootout​ក៏ដោយ​។​

ពួកគេ​បាន​ទាត់​ស្មើ​៣​លើក និង​ត្រូវការ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី Shootout​ដើម្បី​ទម្លាក់​ក្រុម​ជម្រើសជាតិ​ហ្គា​ណា​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ មុនពេល​បំបាក់​ក្រុម​ជម្រើសជាតិ​ម៉ា​ដា​កា​ស្កា ៣-០​នៅ​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ​។

​ពួកគេ​បាន​ចាញ់​ក្រុម​ជម្រើសជាតិ​សេ​ណេ​ហ្គា​ល់ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្រោយ​ម៉ោង​បន្ថែម ហើយ​និង​បាន​ចាញ់​ការប្រកួត​ផងដែរ​នៅ​វគ្គ​កាត់សេចក្តី Play-off​សម្រាប់​លេខ​៣ ជាមួយ​ក្រុម​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ា ។​

សូមបញ្ជាក់ថា វា​គឺជា​លើក​ទី​៥​ហើយ​ដែល​គ្រូបង្វឹក​សញ្ជាតិ​បារាំង​ម្នាក់នេះ បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​នៅ Cup of Nations ក្រោយពី​លោក​ធ្លាប់បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ហ្គា​បុ​ន កាលពី​ឆ្នាំ​២០១០ ក្រុម​ជម្រើសជាតិ​ម៉ាលី កាលពី​ឆ្នាំ​២០១២ ក្រុម​ជម្រើសជាតិ​សេ​ណេ​ហ្គា​ល់ កាលពី​ឆ្នាំ​២០១៥ និង​ក្រុម​ជម្រើសជាតិ​ម៉ាលី​ម្តងទៀត កាលពី​រយៈពេល​២​ឆ្នាំមុន៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114