ព័ត៍មានទាន់​ហេតុការណ៏
Search

សំអឿន ពិដោរ បង្ហាញ​អារម្មណ៍​អំពី​ការវិល​ចូលរួម​ជាមួយ​ក្រុម បន្ទាប់ពី​ជាសះស្បើយ​របួស​

អតីត​កីឡាករ​ជម្រើសជាតិ ខ្សែបម្រើ សំអឿន ពិដោរ របស់​ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង កាលពី​សប្តាហ៍​ទី​២០​កន្លងទៅ ទទួលបាន​ឱកាស​បង្ហាញខ្លួន​ជា​លើកដំបូង​ក្នុង​លី​គ​កំពូល​កម្ពុជា ពោលគឺ​ក្រោយពី​របួស​របស់ខ្លួន​បានជា​សះស្បើយ និង​អវត្តមាន​លើ​ទីលាន​ជាមួយ​ក្លិប​តាំងពី​ឆ្នាំ ២០១៧​។

បង្ហាញខ្លួន​ក្នុង​ជម្រើស​១១​នាក់​ដំបូង ក្នុងនាម​ជា​ប្រធាន​ក្រុម ដឹកនាំ​ប្រកួត​តទល់​ជាមួយនឹង​ខេត្តកំពង់ចាម កាលពី​ថ្ងៃអាទិត្យ ទី​១៨ ខែសីហា​កន្លងទៅនេះ សំអឿន ពិដោរ​បាន​រៀបរាប់ថា​៖ “ ខ្ញុំ​សប្បាយរីករាយ​ចំពោះ​ការបង្ហាញ​ខ្លួន​លើកដំបូង​ក្នុង​លី​គ​វិញ ព្រោះ​ខ្ញុំ​ខកខាន​បង្ហាញខ្លួន​យូរ​មកហើយ ហើយ​អាចជួយ​ក្រុម​ដណ្តើមបាន​៣​ពិន្ទុ តែ​យ៉ាងណាក៏ដោយ ខ្ញុំ​ដឹងថា​កម្លាំង​របស់ខ្ញុំ មិនទាន់​ពេញ ១០០​ភាគរយ​នៅឡើយ​ទេ ដូចនេះ​ខ្ញុំ​នឹង​ព្យាយាម​ហ្វឹកហាត់​បន្ថែម និង​ថែរក្សា​កម្លាំង​ឲ្យ​ដូច​មុន​វិញ“។

គួររំលឹក​ថា សំអឿន ពិដោរ ខកខាន​នៅក្នុង​ការបង្ហាញ​ខ្លួន​នៅក្នុង​ជម្រើស​ដំបូង​ឲ្យ​ក្រុម នៃ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ចាប់តាំងពី​ខែ ធ្នូ ឆ្នាំ ២០១៧ មកម្ល៉េះ​។ ការ​ទទួលរង​នូវ​របួស​សរសៃពួរ​ជង្គង់ វា​គឺជា​ពេលវេលា​ដ៏​យូរអង្វែង​មួយ និង​ជាការ​លំបាក​មួយ​ផងដែរ​សម្រាប់ ពិដោរ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ ខណៈពេលដែល​រូបគេ​នឹង​វិល​ត្រលប់​ចូល​ទីលាន​ប្រកួត​វិញ បន្ទាប់ពី​ការរង​របួស​នេះ ហើយ​គេ​ក៏​នឹង​បន្ត​ចូលរួម​លេង​ឲ្យ​ក្លឹប​ដែល​រូបគេ​ស្រឡាញ់​ម្តងទៀត​ផងដែរ​។

​ពិដោរ និយាយ​ទៅកាន់​អ្នកគាំទ្រ​របស់ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖ “ ជាដំបូង​សូម​ថ្លែងអំណរគុណ​ដល់​អ្នកគាំទ្រ​នៅ​ខេត្តស្វាយរៀង ដែល​តែងតែ​មក​គាំទ្រ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​ផ្ទាល់​នៅ​កីឡដ្ឋាន និង​អ្នកគាំទ្រ​មួយចំនួន ដែល​ទស្សនា​តាម Live, Facebook ជាដើម និង​សាទរ​ការវិលត្រឡប់រ​បស់​ខ្ញុំ​ចូលរួម​លេង​ឲ្យ​ក្លិប​វិញ ជូនពរ​ឲ្យ​ពួកគាត់​ជួបតែ​សំណាងល្អ និង​សេចក្តីសុខ “។

​គួរឲ្យ​ដឹងថា នៅ​ថ្ងៃ​សៅរ៍ ទី​២៤ ខែសីហា ឆ្នាំ​២០១៩​នេះ ក្នុង​ដំណើរ​ឆ្ពោះទៅ​គ្រង​ដំណែង​ជើងឯក​លីគ​របស់​ព្រះខ័ន​រាជ​ស្វាយរៀង គឺ​ពួកគេ​នឹងត្រូវ​ជួប​ក្លិប​បឹងកេត វេលា​ម៉ោង ៣និង៣០​នាទី​រសៀល នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែ​វ៉េ ក្នុង​សប្តាហ៍​ទី ២១៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114