ព័ត៍មានទាន់​ហេតុការណ៏
Search

ឌុ​ម កែវ​ដា តស៊ូ​ជាមួយ ហ្វា នី​មិត្ត ឯ ឡុង ជីន ជួប តោ​កញ្ចាស់ រី ដា នៅ​សង្វៀន​ឆេ​ម​ពាន​SEATV

អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា ឌុ​ម កែវ​ដា អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ហ្វា នី​មិត្ត (Fa Nimith) នា​យប់​ថ្ងៃអាទិត្យ ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៩​នេះ នៅ​សង្វៀន​ឆេ​ម​ពានរ​បស់​SEATV។​

​ឌុ​ម កែវ​ដា និង ហ្វា នី​មិត្ត ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម​។ ​ឌុ​ម កែវ​ដា មិនដឹងថា អាច​យកឈ្នះ​ហ្វា នី​មិត្ត បាន​ឬ​អត់​នោះ​ទេ? ព្រោះថា អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មាន​ផ្លែ​ល្អ និង​រឹងមាំ​ណាស់។ នេះ​បើតាម​លោក​ញាណ សុធី អ្នកចាត់ចែង​កម្មវិធី​ប្រដាល់​ប្រចាំ​SEATV​ឲ្យ​ដឹង។​

​លោក ញាណ សុធី ឲ្យ​ដឹង​ទៀតថា ហ្វា​នី​មិត្ត ​គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ច្រើនលើក​ហើយ​កន្លង​មក។ អ្នក​ប្រដាល់​ថៃ​រូបនេះ គឺមាន​ស្នៀត​ប្រដាល់ ​និង​បច្ចេកទេស​មិនជា​អន់​នោះឡើយ។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៨​លើក ឈ្នះ​៦២​លើក ចាញ់​១៦​លើក។​

​យ៉ាងណា ឌុ​ម កែវ​ដា មិនអាច​មើលស្រាល ឬ ធ្វេសប្រហែស​ចំពោះ​ហ្វា នី​មិត្ត នោះទេ​?។ ឌុ​ម កែវ​ដា គេ​ជា​អ្នក​ប្រដាល់​ល្អ ឌុ​ម កែវ​ដា ទោះបី​ចិត្ត​របស់​គេ​មិនសូវ​ធំ​ក៏ដោយ។ ទាំង​កណ្ដាប់ដៃ ទាត់ ជង្គង់ កែង សុទ្ធ​តែមាន​ផ្លែ​ល្អ។ កែវ​ដា កាលពី​ចុងខែ​ឧសភា​កន្លងទៅ នៅ​លើ​សង្វៀន​SEATV នេះ​គេ​បាន​ជួប​ប្រកួត​ជាមួយ​ថៃ ភេត ភូ​លួង​(Phat Phuluong) ហើយ​បាន​វាយ​អ្នក​ប្រដាល់​ថៃ​នោះ​អោយ​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​៥។ ឌុ​ម កែវ​ដា គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១០៩​លើក ឈ្នះ​៨៩​លើក ចាញ់​១៧​លើក និង​ស្មើ​ពិន្ទុ​៣​លើក។​

​ចំពោះ​ហ្វា នី​មិត្ត វិញ គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ច្រើនដង​ហើយ​កន្លងមក ។ អ្នក​ប្រដាល់​ថៃ​ម្នាក់នេះ មាន​កាយសម្បទា​រឹងមាំ មាន​កម្ពស់​ប្រហាក់ប្រហែល​កែវ​ដា​ដែរ គឺ​១,៧០​ម៉ែត្រ ហើយ​កែវ​ដា ១,៦៨​ម៉ែត្រ។ តែ​យ៉ាងណា ហ្វា​និមិត្ត មិនដឹងថា អាច​វាយ​ឈ្នះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា ឌុ​ម កែវ​ដា បាន​ឬ​អត់​នោះទេ​?។​

​ឡុង ជិន អ្នក​ប្រដាល់​នៃ​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​សាក​កណ្តាប់ដៃ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ រី ដា​(Reda) ហៅ​តោក​ញ្ជា​ស់ ។​

​អ្នក​ប្រដាល់​ជើងចាស់​កម្ពុជា​-​ថៃ​ពីរ​រូបនេះ ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម​។​អ្នក​ប្រដាល់​ថៃ​រូបនេះ ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ច្រើនលើក​ហើយ​កាលពីពេល​កន្លងមក ដោយមាន​ឈ្នះ​មាន​ចាញ់ តែ​គេ​មិន​ធ្លាប់​ជួប​ជាមួយ​ឡុង ជិន​នោះទេ។

​លោក ថៃ អ៊ូ អ្នកដឹកនាំ​ប្រតិភូ​កីឡាករ​ថៃ​មក​ប្រកួត​អោយដឹងថា រី ដា អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​កម្ពស់​ទាប​ជាង​ឡុង​ជិន តែ​ប្រវត្តិ​ប្រកួត​របស់គេ គឺ​ច្រើនជាង​ឡុង ជិន។​ឡុង ជិន មាន​កម្ពស់​១,៦៩​ម៉ែត្រ ឯ រី ដា តែ​១,៦៤​ម៉ែត្រ ប៉ុណ្ណោះ។​

​រី ដា ប្រកួត​បាន​ចំនួន​ជាង​១១៩​លើក ដោយ​ឈ្នះ​១០៣​លើក ចាញ់​១៥​លើក និង​ស្មើ ០១​លើក ខ​ណះ​ដែល​ឡុង ជិន អ្នក​ប្រដាល់​កម្ពុជា​យើង​ប្រកួត​បាន​ចំនួន​៧៩​លើក ឈ្នះ​៦២​លើក ចាញ់​១៥​លើក និង​ស្មើ​០២​លើក។

​ឡុង ជិន ធ្លាប់​ប្រកួត​ជាមួយ​ថៃ​ច្រើនលើក​ហើយ​កន្លងមក។​ ជា​អ្នក​ប្រដាល់​ដែលមាន​ទម្ងន់​ជើង​ទាត់​ខ្លាំង កណ្តាប់ដៃ​លឿន រហ័ស និង​ខ្លាំង​នោះ ឡុង ជិន វាយ​មិន​ញញើត​អ្នក​ប្រដាល់​ថៃ​នោះឡើយ។

​យ៉ាងណា ស្ថានភាព​ប្រកួត​របស់​ឡុង ជិន នាពេល​ចុង​ក្រោយនេះ ឃើញថា​មានការ​រីកចម្រើន​ជាង​មុន ដោយសារ​គេ​ហ្វឹកហាត់​ដិតដល់។ ទោះជា​យ៉ាងណា សម្រាប់​ការប្រកួត​លើក​នេះ ឡុង ជិន គេ​មាន​ទំនុកចិត្ត​អាច​ផ្ដួល​អ្នក​ប្រដាល់​ថៃ​រី ដា នេះ​បាន។​ ចាំមើល តើ​ឡុង ជិន អាច​យកឈ្នះ រី ដា បាន​ឬ​អត់?។

​ដោយឡែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ អ្នក​ប្រដាល់​ជើងចាស់​ហ៊ា ចាន់ថន ឬ​សារឹម វ៉ាន​ថន ក្លិប​គី​សែ​មាន​រិ​ទ្ធ ដែល​បាត់​មុខ​ពីស​ង្វៀន​យូរ​ឆ្នាំ​ហើយ​នោះ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់​ដូចគ្នា​គឺ​ចៅ ផល​ឌឿ ក្លិប​សំរោង​កោង ខេត្តបាត់ដំបង ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៩​គីឡូក្រាម។​

​ចាន់ថន ពីមុន​គេ​វាយ​ខ្លាំង​និង​ល្អ តែ​ក្រោយ​បាត់​មុខ​មួយរយៈ​នោះ មិនដឹងថា​គេ​នៅ​វាយ​ល្អ​ដូច​មុន ឬ​យ៉ាងណា​នោះទេ ? ។​ចាំមើល តើ​ក្នុងជំនួប​លើកដំបូង​នេះ ហ៊ាន ចាន់ថន​អាច​យកឈ្នះ​លើ ចៅ ផល​ឌឿ​បាន​ឬ​អត់? ។​

​អែ​ត កែវ អ្នក​ប្រដាល់​ស្រករ​ក្រោយ​នៃ​ក្លិប​តា​ព្រហ្ម​មានជ័យ ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ថ្មី​ដូចគ្នា​ហាន ស៊ី​ចាន់ ក្លិប​កុលបុត្រ​គុន​ខ្មែរ ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម ។​ចំណែក​ពុ​យ ឡាយ ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិសាត់ ត្រូវ​ជួប​ប្រកួត​ជាមួយ​សូត្រ សាណូ ក្លិប​បក្សី​ស្លាប​ដែក ដោយ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម៕

ដោយ ៖ វិ​សិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114