ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​បញ្ជូន​អត្ត​ព​លិ​ក​២៥៩​នាក់​ទៅ SEA Games ​លើក​ទី​៣០ ​ឆ្នាំ​២០១៩​ នៅ​ហ្វីលីពីន​

​មកដល់ពេលនេះ ចំនួន​អត្ត​ព​លិ​ក​ទៅ​ចូលរួម​ប្រកួត​កីឡា SEA Games​ទី​៣០​នៅ​ប្រទេស​ហ្វីលីពីន ត្រូវ​ក្រសួង​អប់រំ យុវជន​និង​កីឡា សម្រេច​ជា​ផ្លូវការ​ហើយ គឺ​៣០​ប្រភេទ​កីឡា ដែល​ក្នុងនោះ មាន​អត្ត​ព​លិ​ក​សរុប​ចំនួន​២៥៩​នាក់។​

​ព្រឹត្តិការណ៍​កីឡា ស៊ី​ហ្គេម នៅ​ប្រទេស​ហ្វីលីពីន គ្រោង​នឹង​ចាប់ផ្ដើម​ដំណើរ​ប្រកួត​ផ្លូវការ ពីថ្ងៃ​ទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​នាយ​បេសកកម្ម​ផង​នោះ បានអោយដឹងថា ពេលនេះ​រដ្ឋមន្ត្រីក្រសួង​អប់រំ អប់រំ យុវជន និង​កីឡា លោក ហង់​ជួន ណា​រ៉ុ​ន បានចេញ​បញ្ជី​ប្រតិភូ​ជា​ផ្លូវការ​ហើយ ដោយ​ប្រតិភូ​កីឡា​កម្ពុ​ជាមាន​ចំនួន​សរុប ៤០០​នាក់ ក្នុងនោះ​មាន​៣០​ប្រភេទ​កីឡា និង ១៧៦ វិញ្ញាសា។ ក្នុង​ចំនួន​ប្រតិភូ​ទៅ​ស៊ី​ហ្គេម​នេះដែរ គឺមាន​ថ្នាក់ដឹកនាំ និង​មន្ត្រី​កីឡា ៤២​នាក់​, អ្នកដឹកនាំ​ក្រុម ២៩​នាក់​, គ្រូបង្វឹក និង​គ្រូ ជំនួយ ៦៣​នាក់​, កីឡាករ ១៨៨ នាក់​, កីឡាការិនី ៧១​នាក់ និង​អាជ្ញាកណ្តាល ៨​នាក់​។​

​ក្នុង​បញ្ជី​ប្រ​ភិ​ភូ​នេះ បានកំណត់​នូវ​ចំណុច​៤​ផ្នែក​ធំៗ ដោយ​៩​ប្រភេទ​កីឡា​ត្រូវបាន​ចាត់ទុកជា​ប្រភេទ កីឡា​សក្តានុពល​ក្នុងការ​ដណ្តើម​មេដាយ រួមមាន​៖ តេ​ក្វាន់​ដូ WT ប៉េតង់ ជឺ​ជី​តស៊ូ ប្រដាល់​គុន​ខ្មែរ សីដក់ ប្រដាល់សកល វាយ​កូន​បាល់ ល្បុក្កតោ ចំបាប់​។​

ប្រភេទ​កីឡា​ប្រជាប្រិយ៍ រួមមាន​៖ បាល់ទះ​លើ​ក្តារ បាល់ទះ​ឆ្នេរ ខ្សាច់ បាលទាត់ U22 និង​បាល់បោះ​។ ប្រភេទ​កីឡា​ចាំបាច់ ចំនួន​១៥ រួមមាន​៖ អត្តពលកម្ម ហែល​ទឹក កាយសម្ព័ន្ធ វាយ​កូនឃ្លី​លើ​តុ វាយ​សី ប្រណាំង​ទោចក្រយាន គុន​ដាវ វាយកូនគោល ទូកក្តោង កា​រ៉ា​តេ យូ​ដូ ទ្រី​យ៉ា​ត្លុង កីឡា​រាំ សូ​ហ្វ​តិ​ន្នី​ស ទូក​ប្រពៃណី​-​កា​នូ ឃិ​ក​បុក​ស៊ី​ង​។

​ចំពោះ​ប្រភេទ​កីឡា​ក្រៅ​ការប្រមូលផ្តុំ មាន​២​ប្រភេទ​កីឡា គឺ​កីឡា​អេឡិចត្រូនិក (E-Sport) និង​ហុក​គី​។

សូម​រម្លឹកថា កាលពី​ស៊ី​ហ្គេម លើក​ទី​២៩ ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី កម្ពុជា​បាន​បញ្ជូន ប្រភេទ​កីឡា​ចំនួន​២៤​ប្រភេទ ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​ក្នុងចំណោម​ប្រភេទ​កីឡា​ចំនួន​២៤​ប្រភេទ​ដែល​កម្ពុជា​បញ្ជូន​ទៅនោះ មាន​៧​ប្រភេទ​កីឡា​ដណ្ដើមបាន​មេដាយ គឺ​តេ​ក្វាន់​ដូ ប៉េតង់ ប្រដាល់​គុន​ខ្មែរ ប្រដាល់​សាកល ជិះសេះ សី​ឈិន​ឡូ​ន និង វាយ​កូន​បាល់ ដោយ​រកបាន​មេដាយ​ចំនួន​១៧​គ្រឿង គឺ​មេដាយមាស​ចំនួន​៣​គ្រឿង មេដាយ​ប្រាក់​ចំនួន​២​គ្រឿង និង មេដាយសំរិទ្ធ​ចំនួន​១២​គ្រឿង។​ ​

ឈ្នះ​មេដាយមាស​៣​វិញ្ញាសា (​តេ​ក្វាន់​ដូ WT ប៉េតង់ និង​ប្រដាល់​គុន​ខ្មែរ​) មេដាយ​ប្រាក់​២​វិញ្ញាសា និង​មេដាយ​សំរឹទ្ធ ចំនួន​១២​វិញ្ញាសា សរុប​មេដាយ​ចំនួន​១៧​វិញ្ញាសា ដោយ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៨ ក្នុងចំណោម​១១​ប្រទេស ក្នុង​អាស៊ីអាគ្នេយ៍ ដោយ​កម្ពុជា​ឈរលើ​៣​ប្រទេស គឺ​ឡាវ មេដាយ​មាស​២ ខណៈ​ប្រ៊ុយណេ និង​ទី​ម័​រ​ខាងកើត គ្មាន​មេដាយមាស​ដូចគ្នា​៕​

ដោយ ៖ វិ​សិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114