ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមការងារ​អន្តរក្រសួង​ ចុះ​ត្រួតពិនិត្យ​រថយន្ត​មាន​ភាព​មិន​ប្រក្រតី​ ឃាត់ទុក​ជាង​២០០​គ្រឿង ក្នុង​ចំណោម​ជាង​៥០០​គ្រឿង​

ភ្នំពេញ ៖ ក្រុមការងារ​អន្តរក្រសួង បាន​ចុះ​ពិនិត្យ​ជាក់ស្តែង​ចំពោះ​រថយន្ត​មាន​ភាពមិនប្រក្រតី ដែល​មន្ត្រី​គយ និង​រដ្ឋាករ​មាន​សមត្ថកិច្ច​បាន​ឃាត់ទុក​នៅ​ឃ្លាំង​គយ​បណ្ដោយ​មហាវិថី​ឈ្នះ​ឈ្នះ​។

បេសកកម្ម​នេះ​ ដឹកនាំ​ដោយ​ លោក ហ៊ាង សុទ្ធា​យុ​ត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក ជញ្ជូន ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ និង​ជា​សហប្រធាន​ក្រុមការងារ​អន្តរក្រសួង ត​ភ្ជាប់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ដឹកជញ្ជូន​ផ្លូវគោក និង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ទិន្នន័យ​គយ និង​ លោក ប៉ោ សួន អនុ​ប្រធាននាយកដ្ឋាន​កិច្ចការ​ច្បាប់ សវនកម្ម និង​ទំនាក់​ទំនាក់ទំនង​សាធារណៈ និង​ជា​អនុ​ប្រធាន​ក្រុមការងារ ដោយមាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មកពី​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​នាយកដ្ឋាន​ព័ត៌មាន​វិទ្យា និង​ទំនាក់ទំនង​សាធារណៈ​។

ការចុះពិនិត្យ​រថយន្ត​ជាក់ស្ដែង​នាពេលនោះ ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​វាយតម្លៃ​លើ​ភាព​មិនប្រក្រតី ​នៃ​រថយន្ត​គ្មាន​បង្កាន់ដៃ​ពន្ធ​នាំចូល មិនមាន​ស្លាក​លេខ ពាក់​ស្លាកលេខ​ក្លែងក្លាយ ពាក់​ស្លាក​លេខ​បាន​ពី​ផល​ចោរកម្ម រថយន្ត​កាត់ត និង​មាន​បញ្ហា​លេខ​តួ លេខ​ម៉ាស៊ីន ម៉ូដែល និង​ឆ្នាំ​ផលិត និង​ទ្រង់ទ្រាយ​ផ្សេង​ជាដើម​…​។​ល​។​

ជាមួយនឹង​គំនិត​ផ្ដួចផ្ដើម​ដែល​ដឹកនាំ​ដោយ​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក្រោម​ការ​ជ្រោមជ្រែង​ពី​ឯកឧត្តម អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​បង្កើត​ក្រុមការងារ​អន្តរក្រសួង​មួយ ហើយ​កាលពី​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៨ បានសម្រេច​ដាក់​ឲ្យ​ដំណើរការ​យន្តការ​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​ចែករំលែក​ទិន្នន័យ​ចុះបញ្ជី​យាយ​យន្ត និង​ទិន្នន័យ​ពន្ធ​នាំចូល​យានយន្ត​ទៅវិញទៅមក និង​តាមដាន​ភាព​មិនប្រក្រតី​ពាក់ព័ន្ធ​។

កិច្ចសហការ​ដ៏​ល្អ​រវាង​ស្ថាប័ន​ទាំងពីរ​បាន​ផ្តល់​នូ​វ​លទ្ធផល​ជា​វិជ្ជមាន​ជាច្រើន ដូចជា​កា​ចុះបញ្ជី​យានយន្ត​មាន​រយៈពេល​ខ្លី​រហ័ស ធានា​មិន​មានការ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ដែល​អាច​គេច​ផុតពី​ភ្នែក​សមត្ថកិច្ច ទប់ស្កាត់ និង​ចាប់​រថយន្ត​មិន​បង់ពន្ធ​នាំចូល បង្កើន​ប្រសិទ្ធភាព​ការអនុវត្ត​ការប្រមូល​ពន្ធ​នាំចូល​យានយន្ត និង​បង្កើន​ចំណូល​ថវិកាជាតិ។

សូម​ជម្រាបជូន​ថា រថយន្ត​ដែល​ត្រូវបាន​ឃាត់ទុក​នោះ​មាន​ជាង​៥០០​គ្រឿង ក្នុងនោះ​ជាង​២០០​គ្រឿង ត្រូវបាន​ចាប់​ដោយ​គយ​ចល័ត ព្រោះ​មាន​ទិន្នន័យ​កំណត់​គោលដៅ​ច្បាស់លាស់​ពី​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។ កិច្ចខិតខំ​ប្រឹងប្រែង​នេះ​ក៏បាន​ចូលរួម​ធ្វើ​ឲ្យ​ចំណូល​ពន្ធ​នាំចូល​យានយន្ត​មានការ​កើន​ឡើង​ប្រមាណ ៣៤% ក្នុង​ឆ្នាំ​២០១៨ ធៀប​នឹង​ឆ្នាំ​២០១៧៕

​រ៉ា​វុ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114