ព័ត៍មានទាន់​ហេតុការណ៏
Search

បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​ នៃ​ការវិនិច្ឆ័យ​លើ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​២​ភូមិ​/ឃុំ​រហាត់ទឹក​​

​បន្ទាយមានជ័យ​ ៖ កាលព្រឹក​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៩​នេះ ដីធ្លី​នៅ​ភូមិ​២​គឺ​ភូមិ​ចក​លិច​ និង ភូមិ​ខ្ទុំ ក្នុង​ឃុំ​រហាត់ទឹក ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​ នៃ​ការវិនិច្ឆ័យ​លើ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ហើយ បន្ទាប់ពី​ក្រុមការងារ​វចុះ​វាស់វែង​កំណត់​ទិន្នន័យ​រួច​។

​លោក​ប្រាក់ ប៉ូ​លី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ឲ្យ​ដឹងថា​ គោលបំណង​ នៃ​ការ​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​ នៃ​ការវិនិច្ឆ័យ​លើ​ក្បាលដី​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅពេលនេះ ​គឺ​ដើម្បី​ធ្វើការ​ពិនិត្យ​ផ្ទៀងផ្ទាត់​ទិន្នន័យ​ដែល​ក្រុមការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​របស់​មន្ទី​រដែល​បាន​ចុះ​អនុវត្តតាម​នីតិវិធី​កន្លងមក​។​ ហើយ​ការបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​ នៃ​ការវិនិច្ឆ័យ​នេះ​ គឺមាន​រយៈពេល​១៥​ថ្ងៃ គិតពី​ថ្ងៃទី​២២​សីហា​នេះ​ទៅ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ម្ចាស់​ដី និង​អ្នក​ដែល​ពាក់ព័ន្ធ​ធ្វើការ​ផ្ទៀង​ផ្ទាត់ ឈ្មោះ ស្ថានភាព​គ្រួសារ​ និង​ក្បាលដី​របស់ខ្លួន​ព្រមទាំង​ធ្វើការ​តវ៉ា​ក្នុង​ករណី​មានការ​ខុសឆ្គង​។​នៅពេល​ផុត​រយៈពេល​កំណត់ ​នៃ​ការបិទ​ផ្សាយ​ប្រជាពលរដ្ឋ​មិនអាច​ជំទាស់​តវ៉ា​បាន​ទៀតឡើយ​។​លោក​ប្រាក់ ប៉ូ​លី បាន​បញ្ជាក់​បន្ថែម​ថា កន្លង​មក​នៅក្នុង​ខេត្តបន្ទាយមានជ័យ​បានធ្វើការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ ហើយ​បាន​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​បាន​ចំនួន​១៤២,៨៣៤​ប័ណ្ណ​ដោយមាន​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​ និង​ម្ចាស់​ជំនួយ​នានា​។​ ដោយឡែក​ សម្រាប់​ទិន្នន័យ​ក្បាលដី​នៅក្នុង​ភូមិ​ទាំង​២​ខាងលើនេះ​ មាន​ចំនួន​១,៨០៨ ក្បាលដី​។ ​ក្នុងនោះ ​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​ថ្លែង​ការកោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង របស់​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​ដែល​បាន​សហការគ្នា​បាន​ល្អ​ ក្នុងការ​សម្រួល​ពន្លឿន​ដល់​ការងារ​ចុះបញ្ជី​ដីធ្លី​នៅក្នុង​មូលដ្ឋាន​ភូមិ​ទាំង​២​នេះ ​បាន​ជោគជ័យ​ជា​ស្ថាពរ​តាម​នីតិវិធី​ច្បាប់​។​

លោក​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ ខិតខំ​បង្កបង្កើនផល និង​ការ​ចិញ្ចឹមសត្វ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​កាត់បន្ថយ​ការប្រើប្រាស់​ចំណីអាហារ​នាំចូល​ដែល​លក់​លើ​ទីផ្សារ​ដែល​ប៉ះពាល់​ដល់​សុខភាព និង​ងាក​មក​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​វិញ​ផងដែរ៕

ដោយ ៖ ​គង្គា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114