ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ ​ចុះ​បោះបង្គោល វាស់វែង​ និង​ឈូស​ឆាយ​បើកផ្លូវ​ស្រប​ប្រឡាយ​ទ្វារ​ទឹក​គីឡូម៉ែត្រ​លេខ​៩ តាម​សំណើ​ពលរដ្ឋ​

​ភ្នំពេញ ៖ ជា​បន្តបន្ទាប់​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ សហការ​ជាមួយ​ការិយាល័យ​ភូមិបាល​ខណ្ឌ និង មន្ត្រី​ពាក់ព័ន្ធ ព្រមទាំង​ម្ចាស់​ក្បាលដី បាន​ចុះ​បោះបង្គោល​ព្រំ​តាម​ក្បាលដី និង​បោះ​បង្គោល​កំណត់​ដី​ចំណី​ប្រឡាយ​សាធារណៈ​ចុង​ព្រែក​អូរ​វែង និង​ដី​កម្មសិទ្ធិ​របស់​លោក​ឧកញ៉ា លឹម ហេង មាន​ទីតាំង​ស្ថិតនៅ​ប្រឡាយ​ទ្វារ​ទឹក​ស្វាយប៉ាក ក្រុមទី​៣ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ដើម្បី​ធ្វើការ​ឈូសឆាយ​ពង្រាប បើកផ្លូវ​ប្រវែង​១២០​ម៉ែត្រ​តាម​សំណើ​របស់​ប្រជាពលរដ្ឋ​ដើម្បី​ឈូសឆាយ​ធ្វើ​ផ្លូវ​មួយ​ផ្លូវ​ថ្មី​១​ខ្សែ​នេះ​ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥​ ទៅ​ផ្លូវ​៥៩៨ (​ផ្លូវ ឯកឧត្ដម ជា សុផារ៉ា​)​។​

​នេះ​បើតាម​ការបញ្ជាក់​ពី លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ ឫស្សីកែវ នៅ​ថ្ងៃទី​២១​ ខែសីហា ឆ្នាំ​២០១៩ ក្នុងឱកាស​ដឹកនាំ​ក្រុមការងារ​ចម្រុះ​រដ្ឋបាល​ខណ្ឌ ចុះ​បោះបង្គោល​កំណត់​ព្រំ​ដី​ចំណី​ប្រឡាយ​និង​ដី​កម្មសិទ្ធិ ដើម្បី​បើក​កំណាត់​ផ្លូវ​អម​ប្រឡាយ​ជំ​ហ៊ាន​ទី​១ តាម​ទិន្នន័យ​ជើង​ម៉ែត្រ​ដែល​ក្រុម​ការងារ​បានធ្វើការ​វាស់វែង​កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៩ កន្លងទៅ ហើយ​ថ្ងៃទី​២២​ ខែសីហា​នេះ​ អាជ្ញាធរ​ ក៏បាន​ដាក់​គ្រឿងចក្រ​ឈូសឆាយ​បើកផ្លូវ​តែម្តង។​

លោក​បាន​បន្តថា ផ្លូវ​ថ្មី​១​ខ្សែ​នេះ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥​ទៅ​ផ្លូវ​៥៩៨ (​ផ្លូវ ឯកឧត្ដម ជា សុផារ៉ា​)​ដែល​ជា​ចំណែក​មួយ​ដ៏​សំខាន់​ក្នុងការ​បញ្ចៀស​ចរាចរណ៍​ តែងតែ​កកស្ទះ​ជាប្រចាំ​នៅ​ស្តុ​ប​គីឡូម៉ែត្រ​លេខ​៩​ក្បាល​តេ ​ផ្លូវ​៥៩៨ ​កែង​នឹង​ផ្លូវជាតិ​លេខ​៥។​

​លោក ប្រាជ្ញ សីហា បាន​មានប្រសាសន៍ថា ​៖ ​ជា​លទ្ធផល ក្រុមការងារ​បាន​បោះបង្គោល​តាម​ព្រំដី​ប្រឡាយ​សាធារណៈ ចំនួន​៦​បង្គោល និង​បោះបង្គោល​កំណត់​ព្រំដី​កម្មសិទ្ធិ ចំនួន​៧​បង្គោល តាម​ប័ណ្ណ​កម្មសិទ្ធិ ដែលមាន​ប្រវែង សរុប​១២០​ម៉ែត្រ​។​ ដោយ​ការងារ​ខាងលើនេះ មានការ​ណែនាំ​ពី​លោក អភិបាល​រាជធានី​ភ្នំពេញ ឃួ​ង ស្រេង ហើយ​លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ បើក​កិច្ចប្រជុំ​បន្ទាន់​ឱ្យ​ក្រុមការងារ​ចុះ​ពិនិត្យ​និង​សម្របសម្រួល​បាន​លេចចេញ​ជា​រូបរាង ដែល​អាជ្ញាធរ​សង្ឃឹមថា​ក្រោយ​ការស្ថាបនា​ផ្លូវ​រួច​នឹង​កាត់បន្ថយ​បានការ​កកស្ទះ​នៅ​កែង​ស្តុ​ប​ផ្លូវ​៥៩៨ និង​ផ្លូវជាតិ​លេខ​៥​មួយ​កម្រិត​ធំ​៕

ដោយ ៖ ឌី​រៀ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114