ព័ត៍មានទាន់​ហេតុការណ៏
Search

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន ទទួល​អំណោយ​មនុស្សធម៌ ពី​ព្រះ​មេគុណ​ខេត្ត​ប៉ៃលិន និង​ជា​ចៅអធិការ​វត្ត​ប៉ា​ហ៊ី

​ប៉ៃលិន ​៖ កាលពីព្រឹក​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៩ លោកស្រី ពៅ សុខ អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត តំណាង​លោកស្រី បាន ស្រីមុំ ប្រធាន​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត ដឹកនាំ​សមាជិក​សមាជិកា​សាខា នាយក នាយករង​ប្រតិបត្តិ​សាខា អនុសាខា និង​មន្ត្រី​ប្រតិបត្តិ​សាខា​កាកបាទក្រហម ចូលរួម​ទទួល​អំណោយ​មនុស្សធម៌ ពី​ព្រះគ្រូ​រតន​មុនី អ៊ា សុ​ផន ព្រះ​មេគុណ​ខេត្ត​ប៉ៃលិន និង​ជា​ចៅអធិការ​វត្ត​ពោធិ​មា​រាម ហៅ​វត្ត​ប៉ា​ហ៊ី ដែល​ព្រះអង្គ​មាន​ទឹក​ព្រះទ័យ​ជ្រះថ្លា​ ដើម្បី​ចូលរួម​ជាមួយ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ប៉ៃលិន។​

​ព្រះគ្រូ​រតន​មុនី អ៊ា សុ​ផន ព្រះ​មេគុណ​ខេត្ត​ប៉ៃលិន និង​ជា​ចៅអធិការ​វត្ត​ពោធិ​មា​រាម ហៅ​វត្ត​ប៉ា​ហ៊ី ក្នុងនាម​ព្រះសង្ឃ និង​គណៈកម្មការ​អាចារ្យ​វត្ត បាន​សម្តែង​នូវ​ទឹក​ព្រះទ័យ​ជ្រះថ្លា ក្នុង​វិស័យ​មនុស្ស​ធម៌ និង​ចូលរួម​គាំទ្រ​សកម្មភាព របស់​កាកបាទក្រហម​កម្ពុជា ដែលមាន ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន ក្នុង​បេសកកម្ម​ជួយសង្គ្រោះ ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​ជួប​នូវ​ភយន្តរាយ​ផ្សេងៗ។ នៅក្នុង​ឱកាស​នោះ​ព្រះអង្គ ក៏បាន​សន្យាថា នឹង​ចូលរួម​ឧបត្ថម្ភ​អំណោយ​មនុស្ស​ធម៌ ជូន​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន ជា​បន្តទៅទៀត​ទៅ​នៅពេល​ក្រោយ។​

​ថ្លែង​ក្នុង​ពិធី​ទទួល​អំណោយ​មនុស្សធម៌ ពី​ព្រះ​មេគុណ​ខេត្ត​នោះដែរ លោកស្រី ពៅ សុខ អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត តំណាង​លោកស្រី បាន ស្រីមុំ ប្រធាន​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត បាន​មាន​មតិ​សំណេះសំណាល ដោយ​នាំមក​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ ពី​ថ្នាក់ដឹកនាំ​គណៈ​កិត្តិយស​សាខា និង​ប្រធាន​សាខា ជាពិសេស​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ប្រគេន និង​ជូន​ចំពោះ​ព្រះសង្ឃ លោកតា លោកយាយ លោក លោកស្រី ដែលមាន​វត្តមាន នៅទីនេះ​ដោយ​កី្ត​នឹក​រឭក។ ជួសមុខ​ឲ្យ​គណៈ​កិត្តិយស​សាខា និង​ប្រធាន​សាខា​កាកបាទក្រហម​ខេត្ត​ប៉ៃលិន ទាំងមូល លោកស្រី បាន​វាយតម្លៃ​ខ្ពស់ ពី​កាយវិការ​មនុស្សធម៌ ដ៏​ឧត្តុង្គឧត្តម របស់​ព្រះគ្រូ​រតន​មុនី អ៊ា សុ​ផន ព្រះ​មេគុណ​ខេត្ត​ប៉ៃលិន និង​ជា​ចៅអធិការ​វត្ត​ពោធិ​មា​រាម ហៅ​វត្ត​ប៉ា​ហ៊ី ដែល​រយៈពេល​កន្លងមក ក៏ដូចជា​ពេលនេះ បាន​ជួយឧបត្ថម្ភ​នូវ​អំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ រួមទាំង​ថវិកា ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ផងដែរ។ លោកស្រី ក៏បាន​បន្តថា ​៖ សកម្មភាព​របស់​ព្រះអង្គ ក្នុងឱកាស​នេះ គឺជា​កាយវិការ​គំរូ​ដ៏​ល្អ​ប្រពៃ មិន​អាច​កាត់ថ្លៃ​បាន ចំពោះ​ព្រះសង្ឃ​ទូទៅ និង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ក្នុង​ខេត្ត​ប៉ៃលិន ដែល​បាន​បង្ហាញ ឲ្យ​ឃើញ​យ៉ាងច្បាស់ នូវ​វប្បធម៌ ​នៃ​ការចែករំលែក​ដែលជា​ប្រពៃណី​ដ៏​ល្អ​ផូរផង់ របស់​ដូនតា​ខ្មែរ​យើង​តាំងពី​បូរាណ​មក​ម្ល៉េះ។

លោកស្រី ក៏បាន​សន្យាថា​ ៖ ចំពោះ​អំណោយ​ទាំងនេះ សាខា​នឹង​នាំយកទៅ​ចែកជូន​ដល់ដៃ​ជន​ងាយ​រងគ្រោះ និង​ជនរងគ្រោះ​ប្រកបដោយ​តម្លាភាព និង​ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​គ្រឹះ​ទាំង​៧​ប្រការ របស់​ចលនា​កាកបាទក្រហម ពិសេស​មិន​គិត​ពី​និន្នាការ​នយោបាយ ជាតិ​សាសន៍ ឬ សាសនា​ឡើយ។​

​សូមបញ្ជាក់ថា​ ៖ អំណោយ​ដែល​ប្រគល់ជូន​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​រួមមាន​ ៖ អង្ករ​៣៨ ការុង (​ស្មើនឹង​១៣៣៧ គីឡូ​),​មី​២១​កេស​,​ឃិត​០៨​កញ្ចប់​ធំៗ​,​ទឹក​សុទ្ធ​៦៨​យួរ​,​ទឹកស៊ីអ៊ីវ​១៨ យួរ​,​ទឹកត្រី​១៦​យួរ​,​ត្រីខ​០៣​យួរ​,​ទឹកសៀង​០១​ដប​ធំ​,​ធុង​ទឹក​០២​ធុង​,​កន្ទេល​០២​ខ្សែ​,​ស្រាក់​០២​យួរ​,​ស្ករស​០១​ថង់​ធំ​,​អំបិល ០១​ថង់​ធំ និង​ថវិកា​១​លាន​រៀល​ផងដែរ​៕​

ដោយ ៖ សេង សុវណ្ណារិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114