ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធានាធិបតី​អ៊ីតាលី ​កំណត់​យក​ថ្ងៃ​អង្គារ​ ដើម្បី​ស្វែងរក​រដ្ឋាភិបាលចម្រុះ​ថ្មី

ប្រធានាធិបតី​អ៊ីតាលី​លោក Sergio Mattarella បានកំណត់​យក​ថ្ងៃ​អង្គារ​ជា​ពេល​កំណត់​សម្រាប់​គណបក្សនយោបាយ​នានា​ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះ​ដែល​អាច​ដំណើរការបាន​មួយ​ពោលគឺ​ពីរ​ថ្ងៃ​បន្ទាប់ពី​សម្ព័ន្ធភាព​បាន​បែកបាក់​គ្នា​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​លំដាប់​ទី​បី​របស់​តំបន់​ចាយប្រាក់​អឺរ៉ូ​មួយ​នេះ​ធ្លាក់ចូល​ទៅក្នុង​វិបត្តិ​នយោបាយ​។​

​លោក Mattarella អាយុ​៧៨​ឆ្នាំ​បានបញ្ចប់​កិច្ចចរចា​វិបត្តិ​រយៈពេល​២​ថ្ងៃ​ជាមួយ​អ្នកនយោបាយ​សំខាន់ៗ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ពិនិត្យ​មើលថា​តើ​សម្ព័ន្ធភាព​ឋិត​ឋេ​រ​មួយ​អាច​ត្រូវបាន​បង្កើតឡើង​ដែរ​ឬក៏​អត់​បន្ទាប់ពី​មានការ​បែកបាក់​នៃ​ភាពជា​ដៃគូ​រវាង​គណបក្ស Five Star Movement (M5S) និង​គណបក្ស League ស្តាំនិយម​។​

​លោក Matarella បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​វិមាន​ប្រធានាធិបតី​ថា “​នៅ​ថ្ងៃ​អង្គារ​ខ្ញុំ​នឹង​រៀបចំ​ការពិគ្រោះ​យោបល់​បន្ថែម​ទៀតហើយ​ធ្វើការ​សម្រេចចិត្ត​ចាំបាច់​។ លោក​បន្តថា “​វិបត្តិ​ត្រូវតែ​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា​និង​ជាមួយ​ការសម្រេចចិត្ត​ច្បាស់លាស់​”​។​

​បន្ទាប់ពី​មាន​ជម្លោះ​នយោបាយ​រយៈពេល​៤៨​ម៉ោង លោក Mattarella បាន​និយាយថា សម្ព័ន្ធភាព​នាពេល​អនាគត​នឹង​ត្រូវការ​កម្មវិធី​ជាក់លាក់​មួយ​ដែល​អាច​ត្រូវបាន​អនុម័ត​នៅក្នុង​សភា​។​

​ប្រសិនបើ​រដ្ឋាភិបាលចម្រុះ​មិន​ត្រូវបាន​បង្កើតឡើង​ទេនោះ បន្ទាប់មក​លោក Mattarella អាច​នឹង​ពិចារណា​លើ​រដ្ឋាភិបាល​បច្ចេកទេស​មួយ​ឬ​រៀបចំ​ការបោះឆ្នោត​មុនពេល​កំណត់​មួយ​ពោលគឺ​ក្នុង​រយៈពេល​ត្រឹមតែ​១៤​ខែ​ប៉ុណ្ណោះ​បន្ទាប់ពី​ការបោះឆ្នោត​សភា​លើកចុងក្រោយ​។​

​គួរបញ្ជាក់​ជាថ្មី​ថា វិបត្តិ​នេះ​បាន​កើតឡើង​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី Giuseppe Conte បាន​លាលែង​ពី​តំណែង​កាលពី​ថ្ងៃ​អង្គារ​

​សម្ព័ន្ធភាព​រវាង​គណ​បក្ស M5S និង​គណបក្ស​ប្រជាធិបតេយ្យ PD កំពុងតែ​ទទួលបាន​សន្ទុះ​ខណៈ​កិច្ចពិភាក្សា​ផ្លូវការ​គ្រោង​នឹង​ចាប់ផ្តើម​។​

​បន្ទាប់ពី​ការពិភាក្សា​ជាមួយ​លោក Mattarella, មេដឹកនាំ​គណបក្ស M5S លោក Luigi Di Maio បាន​និយាយថា លោក​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ចរចា​រក​សំឡេង​ភាគច្រើន​នៅក្នុង​សភា​។​

​លោក​បានដាក់​ចេញ​នូវ​គោលនយោបាយ​សំខាន់ៗ​ចំនួន​១០​ចំណុច​រួមទាំង​ផែនការ​កាត់បន្ថយ​ចំនួន​តំណាងរាស្ត្រ​នៅក្នុង​សភា​ពី​៩៥០​មក​ត្រឹម​៦០៥​នាក់​ផងដែរ​៕ AFP

​វណ្ណ​វណ្ណ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114