ព័ត៍មានទាន់​ហេតុការណ៏
Search

លី​គ​កំពូល​កម្ពុជា​ ៖ ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ មាន ៤​គូប្រកួត​តទល់​គ្នា ខណៈ ព្រះខ័ន​រាជ​ស្វាយរៀង ជួប បឹងកេត

ការប្រកួត​លី​គ​កំពូល​កម្ពុជា រដូវ​កាល ២០១៩ នឹង​ចូលដល់​សប្តាហ៍​ទី ២១ ក្នុង​ថ្ងៃ​សៅរ៍ ទី ២៣ ខែ សីហា​នេះហើយ ដោយមាន​ការប្រកួត​ចំនួន ៤​គូ គឺ យុវជន​សាលា​បាល់ទាត់​បាទី ជួប វិសាខា ភ្នំពេញ​ក្រោ​ន ជួប សូល​ទី​ឡូ​អង្គរ ក្រសួងការពារជាតិ ជួប គិរីវង់ និង​គូ​ពិសេស គឺ បឹងកេត ជួប ព្រះខ័ន​រាជ​ស្វាយរៀង​។

​យុវជន​សាលា​បាល់ទាត់​បាទី ជួប វិសាខា
ក្រុម​ទាំងពីរ​នឹង​ប្រឈមមុខ​ដាក់គ្នា​នៅ​កីឡដ្ឋាន សាលា​បាល់ទាត់​បាទី វេលា​ម៉ោង និង៣០​នាទី​រសៀល ដោយ​ផ្សាយ​ផ្ទាល់​ជូន​ទស្សនា​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក កម្ពុ​ជាថ្មី​។ គិត​ត្រឹម​បច្ចុប្បន្ននេះ យុវជន​បាទី នៅ​បាត​តារាង​នៅឡើយ ដោយមាន ៣​ពិន្ទុ ខណៈដែល វិសាខា វិញ ត្រូវការ​ឈ្នះ​ជា​ចាំបាច់ ដើម្បី​ប្រជែង​ជាមួយ​ក្រុម​កំពូល​តារាង ព្រះខ័ន​រាជ​ស្វាយរៀង ព្រោះ​ពួកគេ​មាន​គម្លាត​ដល់​ទៅ ៨​ពិន្ទុ។

​ជួបគ្នា​កាលពី​ជើង​ទី​១ វិសាខា បាន​យកឈ្នះ យុវជន​បាទី ៥ ទល់នឹង ១ ។ ភ្នំពេញ​ក្រោ​ន ជួប សូល​ទី​ឡូ​អង្គរ ​ក្រុម​ទាំងពីរ​នឹង​ប្រឈមមុខ​ដាក់គ្នា​នៅ​កីឡដ្ឋាន ស្មា​ត អ អេស អ៊ិន វេលា​ម៉ោង ៦និង០០​នាទី​ល្ងាច ផ្សាយ​ផ្ទាល់​ជូន​ទស្សនា​ដោយ​ទូរទស្សន៍ BTV​។ ភ្នំពេញ​ក្រោ​ន បច្ចុប្បន្ន​អស់​ឱកាស​ប្រជែង​ពានរង្វាន់​ហើយ ដោយ​ស្ថិតនៅ​លេខ​រៀង​ទី ៦ មាន ៣៥​ពិន្ទុ តែ​នៅមាន​ឱកាស​ដើម្បី​ប្រជែង​យក​តំបន់​កំពូល​ទាំង ៤ រី​ចំណែកឯ សូល​ទី​ឡូ​អង្គរ​វិញ មាន ២៣​ពិន្ទុ ស្ថិតនៅ​លេខ​រៀង​ទី ៩ ដោយ​ពួកគេ​មិនទាន់​ស្គាល់​ជ័យជម្នះ​ឡើយ ក្នុង​ជើង​ទី​២​នេះ​។

​ជួបគ្នា​កាលពី​ជើង​ទី​១ សូល​ទី​ឡូ បាន​យកឈ្នះ​លើ​ភ្នំពេញ​ក្រោ​ន ១ ទល់នឹង ០ ។​
ក្រសួងការពារជាតិ ជួប គិរីវង់​សុខ​សែន​ជ័យ​
ក្រុម​ទាំងពីរ​នឹង​ប្រឈមមុខ​ដាក់គ្នា​នៅ​កីឡដ្ឋាន ខ​.​ភ​.​ម (​ស្តា​ត​ចាស់​) វេលា​ម៉ោង ៦និង០០​នាទី​ល្ងាច ដោយ​ផ្សាយ​ផ្ទាល់​ជូន​ទស្សនា​លើ​ទំព័រ Youtube របស់ CNCC​។ គិត​ត្រឹម​បច្ចុប្បន្ន ក្រសួងការពារជាតិ ក៏​កំពុងតែ​ត្រូវការ​ពិន្ទុ​ដើម្បី​ប្រជែង​តំបន់ Top4 ផងដែរ ដោយមាន ៣៥​ពិន្ទុ​ស្មើ ភ្នំពេញ​ក្រោ​ន ស្ថិតនៅ​លេខ​រៀង​ទី ៧ ។ រីឯ គិរីវង់ ស្ថិតនៅ​លេខ​រៀង​ទី ១០ មាន ២២​ពិន្ទុ។

ជួបគ្នា​កាលពី​ជើង​ទី​១ គិរីវង់ បានផ្តល់​មេរៀន​ដល់​ក្រសួងការពារជាតិ ដោយ​បំបាក់ ៤ ទល់នឹង ១​។​

​បឹងកេត ជួប ព្រះខ័ន​រាជ​ស្វាយរៀង​
​ជំនួប​កំពូល​ប្រចាំ​សប្តាហ៍​ទី ២១​នេះ នឹងធ្វើ​ឡើង​នៅ​កីឡដ្ឋាន ខេ​ម​បូ​ឌា​អ៊ែ​វ៉េ វេលា​ម៉ោង ៣និង៣០​នាទី​រសៀល ផ្សាយ​ផ្ទាល់​ជូន​ទស្សនា​ដោយ​ទូរទស្សន៍ BTV​។ បឹងកេត​ត្រូវការ​ឈ្នះ​ដាច់ខាត ដើម្បី​បង្អាក់ដំណើរ​ទៅ​គ្រង​ជើងឯក​របស់ ស្វាយរៀង ខណៈដែល​ក្រុម​កំពូល​តារាង​វិញ មិនត្រូវ​ការ​ចាញ់​ឡើយ​ដើម្បី​បន្ត​កំណត់ត្រា​របស់ខ្លួន​។
​ជួបគ្នា​កាលពី​ជើង​ទី​១ ក្រុម​ទាំងពីរ បាន​ត្រឹម​ចែក​ពិន្ទុ​គ្នា ក្នុង​លទ្ធផល ២-២៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114