ព័ត៍មានទាន់​ហេតុការណ៏
Search

សំបុត្រ​ទស្សនា​វគ្គ​ជម្រុះ World Cup រវាង កម្ពុជា ប៉ះ ហុងកុង ត្រៀម​ដាក់លក់ ១០​ថ្ងៃមុន​ការប្រកួត​មកដល់

ព្រឹក​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បានប្រកាស​ថ្ងៃ​ដាក់លក់​សំបុត្រ​ចូល​ទស្សនា​ការ​ប្រកួតរ​វាង​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា និង​ក្រុម​ជម្រើស​កោះ​ហុងកុង ដោយ​នឹង​ចាប់ផ្ដើម​លក់​ពី​ថ្ងៃទី​២៦ ខែសីហា ពោលគឺ ១១​ថ្ងៃមុន​ការប្រកួត​ដំបូង​នេះ​មកដល់​។

សម្រាប់​តម្លៃ​សំបុត្រ​ចូល​ទស្សនា​ជំនួប​ពានរង្វាន់​បាល់ទាត់​ពិភពលោក ឆ្នាំ​២០២២ សម្រាប់​ប្រទេស​ក្នុង​ទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និង​វគ្គ​ជម្រុះ​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) គឺមាន​តម្លៃ ១០,០០០​រៀល និង ៥,០០០​រៀល​។

តម្លៃ ១០,០០០​រៀល គឺ​នៅ​តំបន់​មាន​ដំបូល និង​ភ្ជាប់​ដោយ​កៅអី​ជ័រ ខណៈ​សំបុត្រ​ដែលមាន​តម្លៃ ៥,០០០​រៀល គឺ​នៅ​តំបន់​អត់​ដំបូល​។

សំបុត្រ​នេះ​ដូចគ្នា​ផងដែរ ទៅនឹង​ការដាក់​លក់​កាលពី​ឆ្នាំ​២០១៥ ដែល​កម្ពុជា បាន​ចូលរួម​ប្រ​កូត​ក្នុង​វគ្គ​ជម្រុះ​បាល់ទាត់ ដោយ​កាលពី​ជំនួប​ដំបូង​បើកឆាក​ទទួល សិង្ហ​បុរី និង​បាន​ស្រូប​ទាញ​អ្នកគាំទ្រ​ដល់​ទៅ ៦៣,០០០​នាក់ ដែលជា​កំណត់ត្រា​ពុំមាន​ធ្លាប់មាន​នៅក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​កម្ពុជា ក៏ដូចជា​ក្នុង​វគ្គ​ជម្រុះ​បាល់ទាត់​ពិភពលោក ជុំ​ទី​២ ប្រចាំ​ទ្វីបអាស៊ី ផងដែរ​។

ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​២ ពានរង្វាន់​ដដែល​ខាងលើនេះ កម្ពុជា ស្ថិតនៅ​ពូ​ល C ជាមួយ​ក្រុម​ខ្លាំងៗ​ដូចជា ជម្រើសជាតិ​អ៊ីរ៉ង​, ជម្រើសជាតិ​អ៊ីរ៉ាក់​, ជម្រើស​កោះ​ហុងកុង និង​ជម្រើសជាតិ​បា​រ៉ែ​ន​។ ជំនួប​បើកឆាក កម្ពុជា ត្រូវ​ប៉ះ​ជាមួយ ហុងកុង ផ្ទាល់​នៅ​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ មុននឹង​បន្ត​ទទួល​ជំនួប​ទី​២ ជាមួយ បា​រ៉ែ​ន នៅ​ថ្ងៃទី​១០ ខែ​ដដែល ការប្រកួត​ទាំងនេះ​ក៏​នឹងមាន​ការផ្សាយ​ផ្ទាល់​តាមរយៈ​ស្ថានីយទូរទស្សន៍ BTV News ផងដែរ​។

គួរ​រំលឹក​ផងដែរ​ថា មុន​ការប្រកួត​មកដល់​នេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ទើបតែ​បាន​ប្រកាស​ពីថ្ងៃ​បង្ហាញ​បញ្ជី​ឈ្មោះ​បឋម​កីឡាករ​ជម្រើសជាតិ ផងដែរ​ដោយ​គ្រោង​នឹង​ប្រកាស​នៅ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៩ ស្រប​ពេលដែល​គូប្រកួត ហុងកុង បានប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ​របស់ខ្លួន ២៣​រូប​ជា​ផ្លូវការ​រួចរាល់​ហើយ ហើយ​គ្រោង​នឹង​មក​កម្ពុជា ២​ថ្ងៃមុន​ការប្រកួត​មកដល់​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114