ព័ត៍មានទាន់​ហេតុការណ៏
Search

កំពុង​ធ្វើ​បានល្អ​ក្នុង​លី​គ ព្រះខ័ន​រាជ​ស្វាយរៀង តែងតាំង​គ្រូ​ជំនួយ​សញ្ជាតិ​អៀរ​ឡង់​

​ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង កាលពី​ល្ងាច​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៩ បានប្រកាស​បន្ថែម​គ្រូបង្វឹក​បរទេស​ម្នាក់ទៀត គឺជា​គ្រូបង្វឹក​សញ្ជាតិ​អៀរ​ឡង់ មាន​ឈ្មោះថា Colum Curtis ដែល​ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​ក្រុម​ធំ​របស់ខ្លួន​។ នេះ​បើតាម​ការប្រកាស​នៅលើ​បណ្ដាញ​សង្គម​របស់ខ្លួន​។

បើតាម​ការបញ្ជា​ក់លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់​ក្លិប លោក Colum Curtis គឺជា​គ្រូបង្វឹក​ដែល​កំពុងកាន់​អាជ្ញាប័ណ្ណ​កម្រិត UEFA A License ដែល​ទទួលស្គាល់​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប (UEFA) និង​ធ្លាប់មាន​បទពិសោធន៍​ធ្វើ​គ្រូបង្វឹក​ក្លិប​ប​មួយចំនួន នា​ប្រទេស​អៀរ​ឡង់​ខាងជើង សហរដ្ឋអាមេរិក និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន មុន​លោក​ធ្វើដំណើរ​មក​ប្រកប​អាជីព​នៅ​កម្ពុជា តាមរយៈ​ការចូលរួម​ជាមួយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​ពេលនេះ​ផ្ទាល់​តែម្ដង​។

យោងតាម​ការបញ្ជាក់​បន្ថែម កាល​នៅ​ជា​យុវជន លោក Colum បាន​ចំណាយពេល ៥​ឆ្នាំ​ជាមួយ​ក្រុមយុវជន​រប​ស់​ក្លិប​បិសាច​ក្រហម Manchester United ដែល​បើក​មូលដ្ឋាន​សាលា​ហ្វឹកហាត់​នៅ​ប្រទេស​របស់ខ្លួន នាទី​ក្រុង Belfast​។

លោក ធ្លាប់​ជាប់​ជម្រើសជាតិ​អៀរ​ឡង់​ខាងជើង អាយុ​ក្រោម ១៨​ឆ្នាំ ជា​ច្រើនដង​ផងដែរ និង​បាន​ប្រកប​អាជីព​ជាមួយ​ក្លិប​មួយចំនួន​ដូចជា Notts Co, Glentoran និង Cliftonville ជាដើម​។ ក្រៅតែពី​ជាការ​កីឡាករ និង​ជា​គ្រូ​បង្វឹក​នៅ​អៀរ​ឡង់​ខាងជើង លោក Colum ក៏បាន​ដឹកនាំ​បង្វឹក​យុវជន​នៅ​សាលា​ជាច្រើន​ដែលមាន​ទំនាក់ទំនង​ជាមួយ​ក្លិប​ល្បី​នៅ​អង់គ្លេស​ដូចជា Sunderland, QPR និង Brentford ជាដើម ហើយ​បាន​បង្វឹក​កីឡាករ​ដែល​បាន​ចូលរួម​ជា​បន្តបន្ទាប់​ក្នុង​យុវជន​របស់​ក្រុម Manchester United, Liverpool និង Sunderland ផងដែរ​។

ការប្រកាស​តែងតាំង​គ្រូ​ថ្មី​នេះ គឺ​ស្រប​ពេល​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង កំពុង​រក្សា​កំណត់ត្រា​ដ៏​ល្អ​របស់ខ្លួន ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា រដូវ​កាល​២០១៩ ដោយ​មិនទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ម្ដង​ឡើយ ក្រោយ​ឆ្លងកាត់​ការប្រកួត ២០​សប្ដាហ៍ ឈ្នះ​១៦ និង​ស្មើ​៤ មាន ៥២​ពិន្ទុ​ឈរ​កំពូល​តារាង ក្រោម​ការដឹកនាំ​របស់​គ្រូ​បង្គោល​សញ្ជាតិ​អៀរ​ឡង់​ដូចគ្នា គឺ លោក Conor Nestor៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114