ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រូ​អង្គ​រថា​យ​ហ្គឺ​រ ថា​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការជួប​ជាមួយ ណាហ្គា​វើ​ល ចុង​សប្ដាហ៍​នេះ​នៃ​លី​គ​កំពូល​កម្ពុជា

គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ លោក Oriol Mohedano បានបង្ហាញ​ចំណាប់អារម្មណ៍​របស់ខ្លួន នា​ល្ងាច​ថ្ងៃ​ព្រ​ហ​ស្បតិ៍ ទី​២៣ ខែសីហា ឆ្នាំ​២០១៩ អំពី​ការត្រៀមខ្លួន​ប្រកួត​សម្រាប់​សប្តាហ៍​ទី​២១ ទល់នឹង​ក្រុមបាល់ទាត់​ណាហ្គា​វើ​លដ៍ នៅ​ថ្ងៃអាទិត្យ ទី​២៥ ខែសីហា ឆ្នាំ ២០១៩ នៅ​កីឡដ្ឋាន​ខេត្តសៀមរាប (​ស្វាយ​ធំ​) លើ​ទឹកដី​របស់ខ្លួន​ផ្ទាល់​។

ការប្រកួត​រវាង អង្គ​រថា​យ​ហ្គឺ​រ ជាមួយ​ណាហ្គា​វើ​លដ៍ គឺ​ត្រូវបាន​ចាត់ទុកថា​ជាការ​ប្រកួត​មួយ​ក្នុងចំណោម​ប្រកួត​ទាំង ៧​គូ នៅ​សប្ដាហ៍​ទី​២១ ដែល​នឹង​ជក់ចិត្ត​ត្បិត​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ជាមួយ​ណាហ្គា​វើ​លដ៍ សុទ្ធតែជា​ក្រុម​ខ្លាំង​ឈរ​នៅ​តំបន់​កំពូល​តារាង និង​ជាពិសេស​កំពុង​ត្រូវបាន​អ្នកគាំទ្រ​តាមដាន​ជាប្រចាំ ជាពិសេស​ចំពោះ​ណាហ្គា​វើ​លដ៍ ដែលមាន​លទ្ធភាព​ប្រជែង​ពាន​ពី​ក្រុម​ដែល​កំពុង​រក្សា​កំណត់ត្រា​មិន​ចាញ់​សោះ​តាំងពី​ចាប់ផ្ដើម​កំពូល​កម្ពុជា រដូវ​កាល​២០១៩ នេះ​មក គឺ ព្រះខ័ន​ស្វាយរៀង ហើយ​ឈរ​នៅ​កំពូល​តារាង​។

យ៉ាងណាមិញ​នៅមុន​ការប្រកួត​មកដល់ លោក Oriol Mohedano បានលើកឡើង​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុក​របស់​ក្លិប​ថា «​ការប្រកួត​ជើង​ទី​១ យើង​បាន​ចាញ់​ណាហ្គា​វើ​លដ៍ ៤-០ ក្នុង​រដូវ​កាល​នេះ យើង​មានបទពិសោធន៍ ៣​ប្រកួត​ដែល​គួរ​ឲ្យ​សោកស្ដាយ​មែនទែន​។ ជើង​ទី​១ ប៉ះ​ជាមួយ​ភ្នំពេញ និង​ណាហ្គា​វើ​លដ៍ ជើង​ទី​២ ប៉ះ​ជាមួយ​វិសាខា​»​។

លើសពីនេះទៅទៀត គ្រូបង្វឹក​ដដែល​រូប​នេះ​បាន​សង្កត់ធ្ងន់​ទៀតផង​ដែរ​ថា «​ចំពោះ​ក្រុម​យើង​ផ្ទាល់​តែងតែ​ចង់បាន​លទ្ធផល​ល្អ តែ​ពិតជា​សោកស្ដាយ​ខ្លាំង​ចំពោះ​ការប្រកួត​ដែល​ចាញ់ ប៉ុន្តែ​ពួកយើង​បាន​រៀនសូត្រ និង​ខិតខំ​ធ្វើយ៉ាងណា​កុំ​ឲ្យ​មានការ​សោកស្ដាយ​នេះ​កើតឡើង​ជាថ្មី​ម្ដងទៀត​»​។

ចំពោះ​យោបល់​ជុំវិញ​ការប្រកួត​ជាមួយ​ណាហ្គា​វើ​លដ៍ លើ​ទឹកដី​របស់​ខ្លួន​វិញ លោក​លើកឡើង​យ៉ាង​ដូច្នេះ​ថា «​ពួក​យើង​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​សម្រាប់​ការប្រកួត​នេះ ដោយ​ក្ដី​រីករាយ ពីព្រោះ​ការប្រកួត​នេះ​យើង​ត្រៀមខ្លួន​រួចជាស្រេច ហើយក៏​ទន្ទឹង​រង់ចាំ​ការប្រកួត​នេះ​មកដល់​ផងដែរ​។ ពួកយើង​នឹង​ខិតខំ​ប្រឹងប្រែង​ជានិច្ច ដើម្បី​ទទួលបាន​លទ្ធផល​ល្អ នូវពេល​បញ្ចប់​រដូវ​កាល​»​។

ងាក​មក​តារាង​ចំណាត់ថ្នាក់​វិញ​អង្គ​រថា​យ​ហ្គឺ​រ បច្ចុប្បន្ន​កំពុង​ឈរ​នៅ​លេខ​៥ មាន​៣៩​ពិន្ទុ ខណៈ​ណាហ្គា​វើ​លដ៍ វិញ​ឈរ​នៅ​លេខ​២ ដោយមាន​៤៤ ពិន្ទុ​ក្នុង​ដៃ​។

សូម​រំលឹក​ថា ជំនួប​រវាង​អង្គ​រថា​យ​ហ្គឺ​រ ទល់នឹង​ណាហ្គា​វើ​លដ៍ កាលពី​ជើង​ទី​១ គឺ​បញ្ចប់​ទៅដោយ​ណាហ្គា​វើ​លដ៍ ឈ្នះ អង្គ​រថា​យ​ហ្គឺ​រ ៤-០ នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​។

ដោយឡែក​ការប្រកួត​ថ្ងៃ​ជើង​ទី​២ រវាង​ក្រុម​ទាំងពីរ នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៩ នឹង​ចាប់ផ្តើម​នៅ​ម៉ោង ៣​និង​៣០ នាទី​រសៀល នា​កីឡដ្ឋាន​ខេត្តសៀមរាប៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114