ព័ត៍មានទាន់​ហេតុការណ៏
Search

ក្មេង​ម្នាក់​ក្នុងចំណោម​៣​នាក់​ចេញ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​មិនបាន​សម្រេច​ត្រូវ​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​បាន​ម្នាក់

បន្ទាយមានជ័យ ៖ ក្មេង​ម្នាក់​ក្នុងចំណោម​៣​នាក់​ចេញ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ជនជាតិ​ចិន​មិនបាន​សម្រេច​ត្រូវ​កម្លាំង​អាវុធហត្ថ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី​នួន ​នី​ណា​រ៉ូ ​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ចុះ​បង្ក្រាប​បាន​ម្នាក់​ នៅ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៩​។

លោក​វរសេនីយ៍ត្រី​នួន​នី​ណា​រ៉ូ បាន​ឲ្យ​ដឹង​ថា ​តាម​ពាក្យ​ប្តឹង​របស់​ជនរងគ្រោះ​ឈ្មោះ ដែង ឈី​ង​ឈីង ភេទ ស្រី អាយុ២៣​ឆ្នាំ ជនជាតិ​ចិន រស់នៅ​បណ្តោះអាសន្ន ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ប្រាប់​កម្លាំង​អាវុធ​ថា​នៅ​ថ្ងៃកើតហេតុ​នោះ​ខ្លួន​និង​មិត្ត​ម្នាក់ទៀត​បាន​ដើរលេង​និង​រក​ទិញ​ឥ​វ៉ាន់​នៅ​ម្តុំ​មុខ​កាស៊ីណូ​ហ្គោល​ដិ​ន ស្រាប់តែ​ពេលនោះ​មាន​ជនសង្ស័យ​១​ក្រុម មាន​គ្នា​៣​នាក់ ជិះ​ម៉ូតូ ១​គ្រឿង បានមក​ឆក់​ទូរស័ព្ទ​ពី​ដៃ​របស់ខ្លួន​ពេលនោះ​ខ្លួន​បាន​ស្រែក​ឲ្យ​គេ​ជួយ បណ្តាល​ឲ្យ​ម៉ូតូ​ជនសង្ស័យ​ដួល​ពេល​បាន​ដំណឹង​ថា​មាន​ចោរឆក់​កម្លាំង​កងរាជអាវុធហត្ថ​ដែល​ឈរជើង​នៅក្បែរ​នោះបាន​ទៅ​ជួយ​អន្តរាគមន៍ និង​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ ឈ្មោះ ឈួ​ត ឈឿត ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​មិន​ពិតប្រាកដ​ក្នុង​ក្រុង​ប៉ោយប៉ែត ចំណែក​ជនសង្ស័យ​២​នាក់​ទៀត បាន​ស្ទុះ​លើក​ម៉ូតូ​ជិះ​គេចខ្លួនបាត់​ក្រោយពី​ឃាត់ខ្លួន​ហើយ​បាន​បញ្ជូនមក​ទីបញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត។

លោក​វរសេនីយ៍ទោ​ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា ​ដោយ​បាន​ការ​អនុញ្ញាត​ពី​លោក​ឧ​ត្ត​ម​ស​នី​យ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កង​រាជ​អាវុធ​ខេត្ត លោក​បាន​ចាត់​ឲ្យ​កម្លាំង​ជំនាញ​សាកសួរ​ចម្លើយ​លើ​ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា​ ខ្លួន​ពិតជា​បាន​ឆក់​ទូរស័ព្ទ​របស់​នារី​ជនជាតិ​ចិន​ខាងលើ​ពិតប្រាកដ​មែន​។​

ក្រោយពី​បញ្ចប់​ការស៊ើបអង្កេត​និង​តាម​ចម្លើយសារភាព​របស់​ជនស​ង្ស័​យ​ ត្រូវ​បាន​ចោទប្រកាន់​ពីបទ​លួច​ឆក់​ កម្លាំង​ជំនាញ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់​៕
គង្គា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114