ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​សម្អាត​មីន​ឆ្នាំ​២០១៩ របស់​បញ្ជាការ​ដ្ឋាន​វិស្វកម្ម កងទ័ព​ជើង​គោក ខេត្តតាកែវ

តាកែវ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក កាលពី​ថ្ងៃ​សុក្រ ទី​២៣ ខែសីហា ឆ្នាំ​២០១៩ បាន​ចូលរួម​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​សម្អាត​មីន​ឆ្នាំ​២០១៩ របស់​បញ្ជាការ​ដ្ឋាន​វិស្វកម្ម កងទ័ព​ជើង​គោក ខេត្តតាកែវ។

​ថ្លែង​នៅ​ក្នុង​ពិធី​នោះ លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ ដែល​កង​កម្លាំ​ង​វិស្វកម្ម កងទ័ពជើងគោក សម្រេច​បាន​ក្នុង​រយៈកាល​កន្លងមក​នេះ ទាំង​លើ​ការងារ​បម្រើ​ប្រយុទ្ធ និង​ការ​កសាង​ស្តារ​រាល់​ហេដ្ឋារចនាសម្ព័ន្ធ​ជាតិ ជាពិសេស​ការស្ថាបនា​បណ្តាញ​ផ្លូវ​គមនាគមន៍ និង​ការ​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​បម្រើ​ឲ្យ​ការងារ​អភិវឌ្ឍន៍​ទាំងនេះ​។

សមិទ្ធផល​ការងារ​ខាងលើ​នេះ គឺជា​ការ​ចូលរួមចំណែក​មួយ​យ៉ាងសំខាន់​ក្នុងនាម​កងយោធពល​ខេមរភូមិន្ទ ជាមួយនឹង​ប្រតិបត្តិ​ករ​ផ្សេងទៀត នៅ​ក្នុង​កិច្ចសហការ​បោ​សម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​។

​លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត លើកឡើង​ទៀត​ថា បញ្ជាការ​ដ្ឋាន​វិស្វកម្ម កងទ័ពជើងគោក ដែល​កំពុង​ប្រារព្ធ​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​បោស​សំអាត​មីន​ឆ្នាំ​២០១៩ ជំនា​ន់ទី​១៣៧ ពិតជា​បានជា​ឆ្លើយតប​ទៅ​នឹង​សំណូមពរ​ភារកិច្ច​ជំនាញ​ចំពោះ​មុខ​របស់​បញ្ជាការ​ដ្ឋា​ន​វិស្វកម្ម កងទ័ពជើងគោក ព្រមទាំង​បណ្តា​កងឯកភាព​ពាក់ព័ន្ធ នៅក្នុង​ការងារ​បោសសម្អាត​មីន ដោយ​ក្នុងនោះ​សិក្ខាកាម​ទទួល​បាន​ចំណេះដឹង និង​បទពិសោធន៍ ដែល​ចាំបាច់​បម្រើ​ឲ្យ​ការងារ​នេះ​។

ទន្ទឹមគ្នា​ជា​មួយ​នឹង​ការអប់រំ​ចិត្តសាស្ត្រ ​ដល់​យោធិន​គ្រប់រូប​ឲ្យមាន​មនសិការ​វិជ្ជាជីវៈ គោរព​ច្បាប់​វិន័យ​កងទ័ព យល់ដឹង​សភាពការណ៍​ថ្មីៗ ជាពិសេស​ការបំពេញ​តួនាទី និង​ភារកិច្ច​របស់ខ្លួន​ក្នុងការ​បម្រើ​ជាតិ​ដោយស្មោះ​ត្រង់​ដាច់ខាត​ជាមួយ ជាតិ សាសនា ព្រះមហាក្សត្រ ក៏ដូចជា​ការធានា​ការអនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក ដែល​បាន​ដាក់ចេញ​។

​តាម​លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត ​ការងារ​ដែល​កងកម្លាំង​វិស្វកម្ម​បាន​បំពេញ គឺ​សំខាន់​ណាស់​បម្រើ​ដល់​វិស័យ​ស៊ីវិល និង​វិស័យ​កងទ័ព​ដើម្បី​ប្រយោជន៍ ជាតិ​ទាំងមូល​។ ដូច្នេះ​ទាមទារ​ឲ្យ​មាន​ជំនាញ​ច្បាស់លាស់ ម៉ត់ចត់ មាន​សមត្ថភាព និង​មានការ​ហ្វឹកហ្វឺន​ជាប់​ជា ប្រចាំ​។ លើសពី​នេះ​ប្រសិទ្ធភាព​សម្ភារៈ គឺ​សំខាន់​ណាស់ ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​សុវត្ថិភាព​។ ដូច្នេះ​សូម​ធ្វើ​ការសហការ​បណ្ដុះបណ្ដាល និង​បំពាក់​សម្ភារៈ​តាម​ជំហាន​។

លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត អះអាង​ថា រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ចំពោះ​និវត្តន៍​ជន អតីតយុទ្ធជន​ដែល​ជា​កងកម្លាំងប្រដាប់អាវុធ រួមមាន​នគរបាលជាតិ កងរាជអាវុធហត្ថ កងទ័ព និង​កងកម្លាំង​បោសសំអាត​មីន (CMAC) ផងដែរ​។ លើសពីនេះ ដើម្បី​កំណែទម្រង់ និង​ប្រសិទ្ធភាព រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​នៅក្នុង​ការបំពេញ​ទ័ព​ជំនាញ និង​មន្ត្រី​នៅតាម​ស្ថាប័ន​ផ្សេង ទៀត ដែល​ចាំបាច់​បំផុត និង​ប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព នឹងធ្វើ​ការ​ឲ្យ​ចំ​ជំនាញ​ដើម្បី​ដើម្បី​ប្រសិទ្ធភាព​ការងារ​៕
សុជាតា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114