ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី​ជាន់ខ្ពស់​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​អះអាង​ថា ​បរិមាណ​ជួញ ដូរ​ភាគហ៊ុន​ប្រចាំថ្ងៃ​នៅ​កម្ពុជា​មាន​សន្ទុះ​កើនឡើង​ខ្ពស់

ភ្នំពេញ​ ៖​ មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា​បាន​អះអាងថា ​បរិមាណ​ជួញដូរ​ភាគហ៊ុន​ប្រចាំ​ថ្ងៃជា​មធ្យម​នៅ​កម្ពុ​ជា មាន​សន្ទុះ​កើន​ឡើង​ខ្ពស់ ​ពោលគឺ​កើនឡើង​រហូតដល់​ទៅ​ជាង​៦​ដង​។

លោក ហុង សុ​ហួរ​អគ្គនាយក នៃ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ក្នុង ពិធី​ចុះបញ្ជី​លក់​សញ្ញា​ប័ណ្ណ​សាជីវកម្ម​ជា​ផ្លូវការ​របស់​ធនាគារ វឌ្ឍនៈ​អាស៊ី ចំកាត់ នៅ ផ្សា​រមូល​ប​ត្រ​កម្ពុជា​ កាលពី​ព្រឹក​ថ្ងៃ​ទី២៣ ខែសីហា ឆ្នាំ២០១៩​ឲ្យ​ដឹង​ថា ​បរិមាណ​ជួញដូរ​ភាគហ៊ុន​ប្រចាំ​ថ្ងៃជា​មធ្យម នៅ​ក្នុង​រយៈពេល​៧​ខែ ឆ្នាំ​២០១៩ បាន​កើន​ដល់ ១០៣. ៩២៨​ហ៊ុន ក្នុង​មួយថ្ងៃ ពោល​គឺ​មានការ​កើន​ឡើង​ជាង ៦​ដង ច្រើនជាង​ឆ្នាំ​២០១៨ ដែល​មាន​ត្រឹមតែ ១៦.២២៩ ហ៊ុន ក្នុង​មួយថ្ងៃ​។

រីឯ​ទំហំ​ជួញដូរ​ភាគហ៊ុន​ប្រចាំ​ថ្ងៃជា​មធ្យម​វិញ​ក៏បាន​កើន​ឡើង​ជាង ៩​ដង ពី​ប្រមាណ ១០៦,៨៨​លាន​រៀល​ក្នុង​មួយថ្ងៃ (​ប្រហែល ២៦,៧១៩​ដុល្លារ​អាមេរិក​) នៅ​ឆ្នាំ​២០១៨ ទៅ ១.០០៨, ៤៣ លាន​រៀល ក្នុង​មួយថ្ងៃ (​ប្រហែល ២៥២.១០៨​ដុល្លារ​អាមេរិក​) ក្នុង​រយៈពេល​៧​ខែ ឆ្នាំ​២០១៩​ដូចគ្នា​។

លោក​បាន​បន្ត​ទៀត​ថា ​គិត​មក​ថ្ងៃនេះ យើង​មាន​ក្រុមហ៊ុន​ចុះបញ្ជី​សរុប​ចំនួន ៨ ដែល​ក្នុង​នោះ​មាន ក្រុមហ៊ុន​ចំនួន ៥ បាន​ចុះបញ្ជី​ជា​ភាគហ៊ុន និង ៣ ទៀត​ចុះបញ្ជី​ជា​សញ្ញា​ប័ណ្ណដោយ ក្រុមហ៊ុន​ទាំង​៨​នេះ​បាន​ប្រមូល​ទុន​ពី​ទីផ្សារ​មូល​ប​ត្រ សរុប​ប្រមាណ​ជាង ១៦០ លាន​ដុល្លារ​ហើយ​ក្រុមហ៊ុន​ទាំងនេះ មិន​ត្រឹមតែ​ទទួលបាន​ទុន​រយៈពេល​វែង សម្រាប់​វិនិយោគ​ប៉ុណ្ណោះ​ទេ តែ បានទទួល​ការលើកទឹកចិត្ត ពន្ធ ដែល​បច្ចុប្បន្ននេះ​មាន​កម្រិត​ស្មើនឹង ៥០% នៃ​ពន្ធ​លើ​ប្រាក់ចំណូល​ដែល​ត្រូវ​បង់ ហើយ​និង​កេរ្តិ៍ឈ្មោះ និង​ទំនុកចិត្ត​ពី​សាធារណជន​មកលើ​ក្រុមហ៊ុន​ផងដែរ​។

លោក​បាន​បន្ថែម​ទៀត​ថា បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ចុះបញ្ជី​បាន​កើន​ឡើង​ស្រប​ពេល​ដែល ចំនួន​គណនី​ជួញដូរ ទំហំ​ជួញដូរ​និង​តម្លៃ​ហ៊ុន​នៅ​លើ​ទីផ្សារ​បាន​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ​។ ជាក់​ស្តែង មូលធនូបនីយកម្ម​ទីផ្សារ​បាន​កើន​ឡើង​ពី​ប្រមាណ 9, ៧៧ ទ្រី​លាន​រៀល (​ប្រហែល​៤៤២, ៩២ លាន​ដុល្លារ​អាមេរិក​) នៅ​ឆ្នាំ​២០១៨ ទៅ ២,២៩ ទ្រី​លាន​រៀល (​ប្រហែល​៥៧២, ២៤ លាន​ដុល្លារ​អាមេរិក​) គិត​ត្រឹម​បំណាច់​ខែកក្កដា ឆ្នាំ​២០១៩ ពោល​គឺមាន​កំណើន​ប្រមាណ​២៩%។

លោក​សង្ឃឹមថា​ ក្នុង​ឆ្នាំ​បន្ទាប់​ៗ​តទៅទៀត​យើង​នឹង​ទទួល​បាន​លទ្ធផល​កាន់តែ​កាន់តែ​ប្រសើរ​និង​ច្រើនជាង​នេះ​ ហើយ​យើង​ប្តេជ្ញា​ថា​ នឹង​ធ្វើ​ឲ្យ​ទីផ្សារ​នេះ កាន់តែ​មាន​ភាព​ទាក់ទាញ និង​រស់​រវើក​សម្រាប់​ទាំង​វិនិយោគិន​ទូទៅ​និង​សម្រាប់​ក្រុមហ៊ុន​ ដែល​មាន​បំណង​កៀរគរ​ទុន​ពី​សាធារណជន​។

ជា​មួយ​គ្នា​នេះ​ដែរ ​លោក​រំ​ពឹង​ទីផ្សារ​មូល​ប​ត្រ នឹង​អាច​ក្លាយជា​ឧបករណ៍​វិនិយោគ​ដ៏​មាន​សក្តានុពល​សម្រាប់​អ្នក​វិនិយោគ​ដូច​នៅក្នុង​ប្រទេសជិតខាង និង​អាច​ក្លាយជា​វេទិកា​មួយ​ដែល​ជួយ​កៀរគរ​ទុន និង​គាំទ្រ​ដល់​ការរីកចម្រើន​របស់​ក្រុមហ៊ុន​ក្នុងស្រុក​នានា ការបង្កើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​សេដ្ឋ​កិច្ច​។

ចំណែក​លោក​បណ្ឌិតសភា​ចា​រ្យ ហ៊ាន សា​ហ៊ី​ប រដ្ឋលេខាធិការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​បានលើកឡើង​ថា​ ផ្សា​រមូល​ប​ត្រ​កម្ពុជា​បាននឹងកំពុង​ក្លាយទៅជា​ច្រក​ហិរញ្ញប្បទាន​មួយ សម្រាប់​ក្រុមហ៊ុន​សហគ្រាស ដែល​ត្រូវការ​ទុន​បន្ថែម​និង​កំពុង​បាន​ផ្តល់​នូវ​បរិយាកាស​អំណោយផល ដល់​អ្នកចូលរួម​នៅ​ក្នុង​ទីផ្សារ​មូល​ប​ត្រ​នេះ​។

លោក​បាន​បន្ត​ថា ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា បាន​បង្កើត​ឱកាស​កៀរគរ​មូលធន តាមរយៈ​មូលបត្រ មាន​ចំនួន​សរុប​ប្រមាណ​ជាង​១៦១​លាន​ដុល្លារ​ឤមេរិក ហើយ​ក្នុង​នោះ​ការ​កៀរគរ​មូលធន តាមរយៈ​មូល​ប​ត្រ​បំណុល​មាន​ចំនួន​ប្រមាណ​៧១​លាន​ដុល្លារ​ឤ​មេ​រិ​ក ​ខណៈ​ដែល​ផ្សារ​នេះ​ទើប​ចាប់ផ្តើម​ការងារ​ក្នុង​រយៈពេល​ជិត​៨​ឆ្នាំ​កន្លង​មក​នេះ​។ នេះ​ជា​ទំហំ​មូលធន​ដ៏​ធំធេង​មួយ​ដែល​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា ឤច​បើកឱកាស​កៀរគរ​បាន​មូលធន​ពី​ទីផ្សារ​ក្នុងស្រុក​។

លោក​បណ្ឌិត​សភា​ចា​រ្យ ហ៊ាន សា​ហ៊ី​ប បាន​គូសបញ្ជាក់​ថា នៅ​ដើម​ឆ្នាំ​២០១៩​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​អនុក្រឹត្យ ស្តីពី ការ​លើកទឹកចិត្ត​ពន្ធដារ ក្នុង​វិស័យ​មូល​ប​ត្រ​ជា​លើក​ទី​៣​ដើម្បី​លើកទឹកចិត្ត​និង​ជំរុញ​ក្រុមហ៊ុន​សហគ្រាស​ទាំងឡាយ​ឲ្យ​ធ្វើ​ការបោះ​ផ្សាយ​និង​ចុះបញ្ជី​មូល​ប​ត្រ​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ដែល​ក្នុងនោះ​នឹង​ធ្វើឱ្យ​ក្រុមហ៊ុន​/​សហគ្រាស បោះផ្សាយ​មូល​ប​ត្រ ទទួលបាន​ការបន្ថយ​ពន្ធ​លើ​ប្រាក់ចំណូល​៥០% នៃ​ពន្ធ​លើ​ប្រាក់ចំណូល​ត្រូវ​បង់​រយៈពេល​៣​ឆ្នាំ​ផងដែរ​៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114