ព័ត៍មានទាន់​ហេតុការណ៏
Search

​តារា​រត់ប្រណាំង Christian Coleman ប្រឈម​នឹង​ការព្យួរ​ឈ្មោះ ក្រោយ​មិន​ចូលខ្លួន​ធ្វើតេស្ត​៣​លើក​

​សេចក្តីរាយការណ៍​ជាច្រើន​បាន​អះអាងថា​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ថា តារា​រត់ប្រណាំង Christian Coleman របស់​សហរដ្ឋអាមេរិក អាច​ប្រឈម​នឹង​ការព្យួរ​ឈ្មោះ ក្រោយ​មិន​បង្ហាញខ្លួន​សម្រាប់​ការធ្វើ​តេស្ត​៣​លើក​។

កីឡាករ Coleman​អាយុ​២៣​ឆ្នាំ គឺជា​កីឡាករ​រត់លឿន​ជាងគេ​បំផុត​លើកដំបូង នៅលើ​ពិភពលោក​នៅ​ការរត់​ប្រណាំង​ចម្ងាយ​១០០​ម៉ែត្រ ក្នុងឆ្នាំនេះ ហើយ​និង​ក្លាយជា​កីឡាករ​ឈានមុខ​គេ​ផងដែរ​នៅ​ការប្រកួត World Championships ខែក្រោយ​ក្នុងប្រទេស​កាតា ប៉ុន្តែ​លោក​មិនបាន​ចូល​ខ្លួ​មក​ធ្វើតេស្ត​៣​លើក​រួចមកហើយ​នៅក្នុង​រយៈពេល​១២​ខែ​កន្លងមកនេះ​។

កាសែត Daily Mail និង​កាសែត The Times របស់​អង់គ្លេស បាន​រាយការណ៍​ថា កីឡាករ Coleman​ដែល​បាន​ដកខ្លួន​ចេញពី​ជំនួប Diamond League កាលពី​ថ្ងៃអាទិត្យ​មុន នៅក្នុង​ទីក្រុង Birmingham កំពុងតែ​ប្រឈម​នឹង​ការលំបាក​បំផុត​ចំពោះ​ការមិន​បង្ហាញខ្លួន​រប​ស់លោក​បែបនេះ​។

ក្រោម​បទបញ្ជា​ប្រឆាំង​នឹង​ការប្រើប្រាស់​គ្រឿងញៀន​ទទួលស្គាល់​ជា​អន្តរជាតិ អត្ត​ព​លិ​ក គឺ​តម្រូវ​ឲ្យ​ដឹង​ពី​កន្លែង​ដែល​ពួកគេ​នៅ​ពិតប្រាកដ​ឲ្យ​បាន​៩០​ថ្ងៃមុន​ការធ្វើ​តេស្ត​រក​គ្រឿងញៀន ដើម្បី​សម្របសម្រួល​ដល់​ដំណើរការ​ធ្វើតេស្ត​នៅក្រៅ​ការប្រកួត​។

អត្ត​ព​លិ​កណា​ដែល​ខកខាន​មិនបាន​បង្ហាញ​ខ្លួន​៣​លើក​សម្រាប់​ការធ្វើ​តេស្ត នោះ​ពួកគេ​នឹង​ប្រឈម​ជាមួយ​ការព្យួរ​ឈ្មោះ​ដោយ​ស្វ័យប្រវត្តិ​តែម្តង​។

រាល់​ការព្យួរ​ឈ្មោះ​ណាមួយ​របស់​កីឡាករ Coleman នឹង​ក្លាយជា​ការប៉ះទង្គិច​មួយ​ទៀត​ដល់​អត្ត​ព​លិ​ក ខណៈ​ពេល​ដែល​កីឡា​មួយ​នេះ កំពុងតែ​ស្រាយ​ខ្លួនឯង​ពី​រឿងអាស្រូវ​ប្រើប្រាស់​គ្រឿង​របស់​អត្ត​ព​លិ​ក​រុស្ស៊ី​នោះ​។

កីឡាករ Coleman ដែលជា​ម្ចាស់​កំណត់ត្រា​រត់​ចម្ងាយ​ជាង​៦០​ម៉ែត្រ​ពិភពលោក​នោះ បាន​ក្លាយ​អ្នក​បន្តវេន​ទំនង​ជាងគេ​បំផុត​របស់​វិ​រ​បុរស​រត់ប្រណាំង Usain Bolt បន្ទាប់ពី​ស្តេច​រត់ប្រណាំង​ចា​ម៉ៃ​កា​ម្នាក់នេះ បានប្រកាស​ចូលនិវត្តន៍​កាលពី​ឆ្នាំ​២០១៧៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114