ព័ត៍មានទាន់​ហេតុការណ៏
Search

​កីឡាករ Conor McGregor សុំទោស​សម្រាប់​ការវាយប្រហារ​មកលើ​បុរស​ចាស់​ម្នាក់​នៅក្នុង​រង្គសាល​

​កីឡាករ​វាយ​ដាក់​ទ្រុង Conor McGregor បាន​និយាយ​សុំទោស​កាលពី​ថ្ងៃ​ព្រ​ហ​ស្បតិ៍ សម្រាប់​ការវាយប្រហារ​របស់គាត់​មកលើ​បុរស​វ័យ​ចំណាស់​ម្នាក់​នៅ​រង្គសាល​ក្នុង​ទីក្រុង Dublin ដែល​ត្រូវបាន​គេ​ចាប់​ជាប់​ក្នុង​វី​ដេ​អ មុន​ពែ​ល​បែកធ្លាយ​កាលពី​សប្តាហ៍​មុន​។

នៅក្នុង​បទសម្ភាសន៍​ជាមួយ ESPN​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ កីឡាករ​សម្បូរ​ជម្លោះ​ជនជាតិ​អៀរ​ឡង់​ម្នាក់នេះ បាន​និយាយថា លោក​ត្រូវបានធ្វើ​ឲ្យ​អាប់ឱន​មុខ​ដោយសារតែ​ទង្វើរ​របស់លោក​នៅក្នុង​វីដេអូ ដែល​លោក​បាន​ឲ្យ​កណ្តាប់ដៃ​បុរស​ម្នាក់​។

លោក​បាន​និយាយថា លោក​ខុស​ធ្ងន់​ណាស់​។ បុរស​ម្នាក់​នោះ គួរតែមាន​ពេលវេលា​រីករាយ​នៅក្នុង​រង្គសាល បើ​លោក​មិន​ធ្វើបែបនេះ​ទេនោះ​។

លោក​បន្តថា លោក​ត្រូវតែ​មក​ទីនេះ ហើយ​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​កំហុស​ខ្លួនឯង​។ លោក​ជំពាក់​មនុស្ស​ដែល​គាំទ្រ​លោក​។ លោក​ជំពាក់​ម្តាយ​របស់លោក ឪពុក​របស់លោក គ្រួសារ​របស់លោក ។ លោក​ជំពាក់​មនុស្ស​ដែល​បាន​បង្វឹក​លោក​នៅក្នុង​កីឡា​វាយ​ដាក់​ទ្រុង​នេះ​។ វា​មិន​សមជា​ទង្វើ​របស់លោក​នោះទេ​។

សូមបញ្ជាក់ថា ឧប្បត្តិ​ហេតុនេះ បច្ចុប្បន្ន​កំពុងបើក​ការស៊ើបអង្កេត​ដោយ​ក្រុមនគរបាល ហើយ​កីឡាករ McGregor បាន​និយាយថា លោក​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ទទួលយក​ការដាក់ទោស​ណាមួយ​។​

​កីឡាករ McGregor បាន​បញ្ជាក់ថា មិន​សំខាន់​ថា​អ្វី​កើតឡើង​ចំពោះ​រូបលោក​នោះទេ លោក​ត្រូវតែ​ប្រឈម​ជាមួយនឹង​វា​។

ខណៈពេល​នោះដែរ អតីត​ជើងឯក​វាយ​ដាក់​ទ្រុង UFC​វ័យ​៣១​ឆ្នាំ បាន​និយាយថា លោក​ចង់​វិលត្រឡប់​មករក​ការប្រកួត​វិញ ថ្វីត្បិតតែ​បានប្រកាស​ការចូលនិវត្តន៍​កាលពី​ខែមីនា ក៏ដោយ​។​

​កីឡាករ McGregor មិន​ធ្លាប់​ដែល​ឡើង​សង្វៀន​ម្តងណា​ឡើយ ចាប់តាំងពី​ចាញ់​ការប្រកួត​ជាមួយ​កីឡាករ Khabib Nurmagomedov​កាលពី​ខែតុលា ឆ្នាំ​កន្លងទៅ​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114