ព័ត៍មានទាន់​ហេតុការណ៏
Search

ខ្វាន់​ចៃ ផេ​ត​និរោធ មក​សងសឹក វង្ស​ណ​យ ឯ ឯម ​សុធី ជួប ផា​យ៉ាក់​ហ៊​រ៉ា​ន់ នៅ​សង្វៀន​ខា​រ៉ា​បាវ​បាយ័ន​ស្ទឹងមានជ័យ​

​វង្ស ណ​យ អ្នក​ប្រដាល់​កម្ពុជា នៃ​ក្លិប​កុលបុត្រ​គុន​ខ្មែរ និង ឯម សុធី អ្នក​ប្រដាល់​ក្លិប ថ្មគោល​ពោធិ​សែន​ជ័យ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ នៅលើ​សង្វៀន​ខា​រ៉ា​បាវ របស់​បាយ័ន​ស្ទឹង​មាន​ជ័យ នា​យប់​ថ្ងៃ​អាទិត្យ ​ទី​២៥​ ខែ​សីហា ឆ្នាំ​២០១៩​នេះ។

​វង្ស ណ​យ គេ​នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ខ្វាន់​ចៃ ផេ​ត​និរោធ ( Kwanchai Petch niroth ) ។​ ពួកគេ​ទាំងពីរ នឹង​ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧៣​គីឡូក្រាម។​

​ខ្វាន់​ចៃ ផេ​ត​និរោធ នេះ គេ​មក​សងសឹក​វង្ស ណ​យ​វិញ បន្ទាប់ពី​គេ​បាន​ប្រកួត​ចាញ់​វង្ស ណ​យ ដោយ​ពិន្ទុ​មិន​អស់ចិត្ត កាលពី​ជួបគ្នា​ថ្ងៃទី​០៦​ ​កក្កដា​កន្លងមក​នោះ។ អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មាន​កំណត់ត្រា​ប្រកួត​៩០​លើក ឈ្នះ​៧២​លើក ចាញ់​១៧​លើក ស្មើ​០១​លើក និង​ធ្លាប់​វាយ​ដៃគូ​ឲ្យ​សន្លប់​ជាង​២០​លើក​ឯណោះ។ តែបើ​ធៀប​ជាមួយ​ប្រវត្តិ​ប្រកួត​របស់​វង្ស ណ​យ គឺ​នៅតែ​តិចជាង​ដែរ ដោយ​វង្ស ណ​យ មាន​កំណត់​ត្រា​ប្រកួត​រហូតដល់ ២១៤​លើក ឈ្នះ​១២១​លើក ចាញ់​៦៥​លើក និង​ស្មើ​៥​លើក។​

​ទោះជា​យ៉ាងណា វង្ស ណ​យ ជួប​ប្រកួត​ជាមួយ​ខ្វាន់​ចៃ ផេ​ត​និរោធ​លើក​នេះ ក៏​មិនជា​ធានា​ប៉ុន្មាន​ដែរ ព្រោះ​វង្ស ណ​យ គេ​មិនបាន​ត្រៀមខ្លួន​ល្អ​នោះទេ សម្រាប់​ការប្រកួត​នេះ ព្រោះ​គេ​ឡើង​ប្រកួត​ញឹកញាប់​ពេក។

​វង្ស ណ​យ បន្ទាប់ពី​សន្លប់​ធំ​ក្នុង​ទឹក​ទី​១ ដោយសារ​ត្រូវ​មួយ​ផ្កាប់​ចាន​ចំ​កញ្ចឹងក​របស់​ក្វាន់ អេក កាលពី​ថ្ងៃទី​១៧​សីហា​កន្លងមក​នោះ។​

​ដោយសារ​ហេតុផល​នេះ កាលពី​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍​នេះ វង្ស​ណ​យ ដែល​រងរបួស​ដោ​យស​ន្ល​ប់​ទឹក​ទី​១​នោះ ត្រូវបាន​លោក ឆឹង យ៉ៅ​យ៉េន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​សកល​ និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ចេញ​លិខិត​ទៅ​គណៈកម្មការ​ផ្គូផ្គង និង មន្ត្រី​បច្ចេកទេស​ទាំងអស់​គ្រប់​សង្វៀន សុំ​ផ្អាក​ចាប់​គូ ​វង្ស​ណ​យ​ មួយ​រយៈ​សិន ដើម្បី​ឲ្យ​ វង្ស ណ​យ បាន​សម្រាក​សម្រួល​សុខភាព។

តែ​យ៉ាងណា វង្ស ណ​យ នៅតែ​ប្រកួត​នាពេលនេះ។ យ៉ាងណា វង្ស ណ​យ លើក​នេះ អាច​ថា​គេ​មាន​ការ​ប្រុងប្រយ័ត្ន​ជាង​មុន ដែល​ធ្វើ​ឲ្យ ​ខ្វាន់​ចៃ ផេ​ត​និរោធ ពិបាក​សង្ឃឹម​ឈ្នះ​ណាស់។​

​ចាំមើល វង្ស ណ​យ និង ខ្វាន់​ចៃ ផេ​ត​និរោធ នេះ តើន​រណា​ជា​អ្នកឈ្នះ? ​ក្នុងការ​ជួបគ្នា​លើក​ទី​២​នេះ​។ វង្ស ណ​យ គេ​ប្រកួត​ចុងក្រោយ​នេះ បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ក្វាន់ អេក ក្នុង​ទឹក​ទី​១ កាលពី​ថ្ងៃទី​១៧​ ខែ​សីហា ឆ្នាំ​​២០១៩​កន្លងទៅ។​

​ចំពោះ អ្នក​ប្រដាល់​កម្ពុជា ឯម សុធី ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ត្រូវគេ​ផ្តល់​ឱកាស​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ ផា​យ៉ាក់​ហ៊​រ៉ា​ន់ ឆ​.​ហារ​ផា​យ៉ាក់ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម។

​ឯម សុធី ជា​អ្នក​ប្រដាល់​វ័យក្មេង​ដែល​វាយ​ខ្លាំង ក្នុងចំណោម​អ្នក​ប្រដាល់​កម្ពុជា​ដែលមាន​វ័យក្មេង​និង​ទម្ងន់​ដូចគ្នា​នោះ ហើយ​សុធី​ គេ​ក៏​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ម្នាក់​ដែរ សម្រាប់​ពេល​បច្ចុប្បន្ននេះ។ សុធី ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ច្រើន​នាក់​មកហើយ​នាពេល​កន្លងមក ដែល​លទ្ធផល​ភាគ​ច្រើន​ឈ្នះ​ច្រើនជាង​ចាញ់​រាល់ពេល​ជួប​ជាមួយ​ថៃ​នោះ​។​ ការប្រកួត​លើកចុងក្រោយ​នេះ ឯម សុធី បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ សា​ហៈ​រ៉ាត់ អោយ​សន្លប់​ក្នុង​ទឹក​ទី​១ កាលពី​ថ្ងៃទី​២៧​ ខែ​កក្កដា​ ឆ្នាំ​២០១៩។​

​និយាយ​ជារួម សុធី ​ទាំង​បទពិសោធន៍ ទាំង​ស្នៀត​ប្រដាល់ ល្បិចកល ​និង​កាយសម្បទា សុទ្ធតែ​ល្អ​និង​ខ្លាំង ដែល​អាច​ទុកចិត្តបាន​ថា អាច​ទប់ទល់ ​និង​តស៊ូ​ជាមួយ​អ្នក​ប្រដាល់​ថៃ រូបនេះ​បាន​៥​ទឹក​មិន​ខាន។

​អ្នក​ប្រដាល់​ថៃ ផា​យ៉ាក់​ហ៊​រ៉ា​ន់ ឆ​.​ហារ​ផា​យ៉ាក់ នេះ ជា​ជើង​ខ្លាំង​ម្នា​ក់នៅ​ស្រុកថៃ ដែលមាន​ស្នៀត​ប្រដាល់​ល្អ​ និង​ខ្លាំង ហើយ​បទពិសោធន៍​លើ​រេញ​របស់គេ​គួរសម​ដែរ​។ ​ផា​យ៉ាក់​ហ៊​រ៉ា​ន់ មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​កន្លងមក។

​បើតាម​កម្រិត​សមត្ថភាព​បច្ចេកទេស​និង​កាយសម្បទា​របស់​ពួកគេ​ទាំងពីរ​នេះ គេ​មិន​រំពឹងថា ឯម សុធី ចាញ់​ផា​យ៉ាក់​ហ៊​រ៉ា​ន់ ឆ​.​ហារ​ផា​យ៉ាក់ នោះទេ ដោយសារ​សុធី គេ​មាន​ផ្លែ​ល្អ​ជាង​ផា​យ៉ាក់​ហ៊​រ៉ា​ន់ ។ យ៉ាងណា ឯម សុធី មិនអាច​មើលស្រាល​អ្នក​ប្រដាល់​ថៃ​រូបនេះ នោះឡើយ។ ចាំមើល ឯម សុធី គេ​អាច​ផ្ដួល​អ្នក​ប្រដាល់​ថៃ ផា​យ៉ាក់​ហ៊​រ៉ា​ន់ ឆ​.​ហារ​ផា​យ៉ាក់ បាន​ឬ​អត់​នោះ​?។​

​ដោយឡែក ថន វាសនា អ្នក​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ គង់ សំបូរ អ្នក​ប្រដាល់​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្តសៀមរាប។ ពួកគេ​ទាំងពីរ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០ គីឡូក្រាម។ នេះ​ជា​ជំនួប​មួយ​ដ៏​សំខាន់ ដែល​អ្នក​ប្រដាល់​ទាំងពីរ​នេះ ត្រូវការ​ឈ្នះ​រៀងៗ​ខ្លួន។ ចាំ​មើល តើន​រណា​ឈ្នះ​រវាង​ថន វាសនា និង គង់ សំបូរ នោះ​?៕

​ដោយ ៖ វិ​សិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114