ព័ត៍មានទាន់​ហេតុការណ៏
Search

ឯម ឡេង​លី ស្មើ​ពិន្ទុ ចេក​ស្យ៉ា​ម ខណៈ​ជ័រ ពៅ សន្លប់​ទឹក​៣ ​ដោយ​ជង្គង់​ឃុ​ម ​សែន

​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ឯម ឡេង​លី ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ដែល​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ចេក​ស្យ៉ា​ម ចេក​ស្យ៉ា​ម ជី​ម (Jacksiam Jacksiam Gym)​ជា​លើក​ទី​៣ កាលពី​យប់​ថ្ងៃ​សុក្រ​ ទី​២៣​ ខែ​សីហា​ ឆ្នាំ​២០១៩ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​នោះ បាន​ត្រឹម​ស្មើ​ពិន្ទុ​ប៉ុណ្ណោះ។ ពួកគេ​ទាំងពីរ ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧២​គីឡូក្រាម។​

​ឯម ឡេង​លី មានសង្ឃឹម​ឈ្នះ​លើ​ចេក​ស្យ៉ា​ម​ទៅហើយ​ក្នុង​ទឹក​ទី​៣ ក្នុងពេលដែល​ចេក​ស្យ៉ា​ម ​ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨ បន្ទាប់ពី​គេ​ឈឺ​កជើង​ខាងឆ្វេង​នោះ ប៉ុន្តែ​ក្រោយពី​រាប់​ដល់​ប្រាំបី​នោះ ចេក​ស្យ៉ា​ម គេ​អាច​បន្ត​ការប្រកួត​ទៀត​បាន រហូតដល់​ចប់​ទឹក​៥​ និង​មានប្រៀប​ឈ្នះ​លើ​ឯម ឡេង​លី​ ទៀតផង ។​ តែ​យ៉ាងណា ចប់​ការប្រកួត ចេក​ស្យ៉ា​ម​ មិន​បានឈ្នះ​ឯម​ ឡេង​លី​ នោះ​ទេ គឺ​ត្រឹម​ឲ្យ​ស្មើគ្នា​ប៉ុណ្ណោះ។

សូម​បញ្ជាក់​ថា ចេក​ស្យ៉ា​ម ឈឺ ក ជើង​នោះ មិនមែន​ដោយសារ​ឯម ឡេង​លី វាយ​គេ​ត្រូវ​នោះ​ទេ គឺ​មក​រូបគេ​ផ្ទាល់​ទាត់​ទី​លើ​ ឡេង​លី ហើយ​ប្រហែលជា​ត្រូវ​កែង​ដឺ​របស់​ឡេង​លី​ ចំ​កជើង ទើប​បណ្ដាល​ឲ្យ​គេ​ឈឺ​បែបនេះ​នោះ។

​ចេក​ស្យ៉ា​ម ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ច្រើនដង​ហើយ ដោយ​វាយ​ចាញ់​ឯម ឡេង​លី ដោយ​ពិន្ទុ កាល​ពី​ថ្ងៃទី​២៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៨ និង ឈ្នះ ​ឡេង​លី វិញ​ ក្នុង​ទឹក​ទី​២ នា​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​​២០១៩ កន្លង​មក​នោះ ហើយ​ពេលនេះ​ជួប​ជា​លើក​ទី​៣ គឺ​បាន​ត្រឹម​ស្មើ​ពិន្ទុ​គ្នា​ប៉ុណ្ណោះ។ អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មាន​សមត្ថភាព​ខ្លាំងក្លា និង ជា​ម្ចាស់​ខ្សែក្រវាត់​ថែមទៀត។ មិនធម្មតា​ទេ ដែល​ម្ចាស់​ខ្សែក្រវាត់​មក​ជួប​ជាមួយ​ឯម ឡេង​លី ដល់​ទៅ​បី​លើក​បែបនេះ ក៏​ព្រោះតែ​ឡេង​លី ​គេ​ខ្លាំង ​និង​វាយ​ឈ្នះ​ថៃ សឹងតែ​គ្រប់​ថៃ​ដែល​មកជួប​ទៅហើយ។

​ចំពោះ អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ជ័រ ពៅ ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ត្រូវ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ឃុ​ម​សែន ស៊ីត​ឆេ​ហ្វ​ប៊ុន​ថាំ (Khumsen Site Chefbuntham) វាយ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣។ ពួកគេ​ទាំងពីរ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម។

​ជ័រ ពៅ សន្លប់​ដោយសារ​ត្រូវ​នឹង​ជង្គង់​របស់​ឃុ​ម​សែន​ ច្រើន​ជង្គង់​ពេក ហើយ​គួបផ្សំ​នឹង​គេ​រាង​អស់​ស៊ុ​ហ្វ​ផង​នោះ ក៏​ដួលសន្លប់​តែម្តង​ ក្រោយពី​ត្រូវ​ឃុ​ម​សែន ចាប់​អុក​ជង្គង់​ចូល​ពោះ​ទឹក ​និង​ដើមទ្រូង​ប៉ុន្មាន​ជង្គង់​នោះ។​

​ឃុ​ម​សែន គេ​ជា​អ្នក​ប្រដាល់​ថៃ​ចាស់ ដែល​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ម្តង​ពីរដង​ហើយ​កន្លងមក​។ អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ខ្លាំង ព្រោះ​ត្រូវ​ជ័រ ពៅ វាយ​ត្រូវ​ច្រើន​កែង និង​កណ្ដាប់ដៃ​ណាស់ដែរ ប៉ុន្តែ​គេ​នៅតែ​អាច​យកឈ្នះ​ជ័រ ពៅ​ វិញ​បាន​ដដែល។ ឃុ​ម​សែន មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៧៥​លើក ឈ្នះ​៥១​លើក ចាញ់​២១​លើក និង​ស្មើ​០៣​លើក ខណៈ​ដែល​ជ័រ ពៅ គេ​ប្រកួត​ទើបបាន​៤៥​លើក ឈ្នះ​៣៣​លើក និង​ចាញ់​១២​លើក​នោះ។​

​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ម៉ិ​ល សារុន អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ បាន​ផ្តួល​អ្នក​ប្រដាល់​ជើងចាស់ ឌុ​ម កែវ​ដប ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៤ ក្នុង​ការ​ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នោះ ហើយ​សី កា​តុ ក្លិប​កុល​ស​កីឡា ជួប​ប្រកួត​ឈ្នះ ប៉ិត វ​ណ្ណះ ក្លិប​អាវុធហត្ថ​បង្ក្រាប​គ្រឿងញៀន​ស្រុក​រុក្ខ​គិរី ដោយ​ពិន្ទុ ក្នុងការ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម៕

ដោយ ៖ ​វិ​សិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114