ព័ត៍មានទាន់​ហេតុការណ៏
Search

នារី​ម្នាក់​ បើក​រថយន្ត​​បុក​របាំង​ថ្ម​ពុំ​ចែក​ទ្រូង​ផ្លូវ​បាក់​អស់​២​កង់ ​ទៅមុខ​លែងរួច

ភ្នំពេញ ​៖ របាំង​ថ្ម​ចែកផ្លូវ​បាន​បាក់​អស់​២​កង់ ចំណែក​រថយន្ត​បាន​ហោះ​ទៅ​ពាក់​ពីលើ​របាំង​ទៅមុខ​លែងរួច ក្រោយពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដោយមាន​នារី​ម្នាក់​រួម​ដំណើរ​ជាមួយនឹង​នារី​ម្នាក់ទៀត​ បើករថយន្ត​ឡិច​ស៊ី​ស​មួយគ្រឿង ក្នុង​ល្បឿន​លឿន ​ហើយ​បាន​ជ្រុល​ចង្កូត​ទៅ​បុក​របាំង​នេះ​យ៉ាង​ពេញទំហឹង​នោះ​។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឆ្លង​ចូល​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​មុខ​ផ្សារ​ដេប៉ូ តាម​បណ្ដោយ​ផ្លូវ​២១៥(​ផ្លូវ​នេ​រុ​ហ៍​) ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌ​ទួលគោក។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅមុន​កើតហេតុ​ គេ​បាន​ឃើញ​នារី​ម្នាក់​រួម​ដំណើរ​ជាមួយ​នារី​ម្នាក់ទៀត​បើក​រថយន្ត​ឡិច​ស៊ីស​RX-330​មួយ​គ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AK-5806 ធ្វើដំណើរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុច​កើតហេតុ​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ជ្រុល​ទៅបុក​របាំង​ថ្ម​ចែកផ្លូវ​ពេញទំហឹង ​បណ្តាល​ឲ្យ​បាក់​អស់​ចំនួន​២​កង់ ហើយ​រថយន្ត​បង្កឡើង​គង​ពីលើ​កល់​ជាប់​ទៅមុខ​លេង​រួច ចំណែក​អ្នកបើកបរ​ និង​រួម​ដំណើរ​បានគេច​ចេញពី​កន្លែង​កើត​ហេតុ​បាត់ស្រមោល​បន្សល់ទុក​រថយន្ត​។​

ក្រោយ​កើតហេតុ ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ដល់​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕

ដោយ ៖ ​ស្រីរ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114