ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​ និង​ចិន​ ចុះ​កិច្ចព្រមព្រៀង​លើ​កិច្ចសហការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ជូន​ពលរដ្ឋ​ឲ្យ​បាន​១០០%​ នៅ​ឆ្នាំ​២០២៥

​ភ្នំពេញ​ ៖ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្ប​កម្ម​បាន​ថ្លែងថា កម្ពុជា​និង​ចិន​ចុះ​កិច្ចព្រមព្រៀង​លើ​កិច្ចសហការ​រៀបចំ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ជូន​ពលរដ្ឋ​គ្រប់​ទីប្រជុំជន​ទាំងអស់​ក្នុងប្រទេស​កម្ពុជា​តាម​តម្រូវការ​ឲ្យបាន​១០០%​ នៅ​ឆ្នាំ​២០២៥​ខាង​មុខ​នេះ​។ ​

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ថ្លែង​បែបនេះ ​ក្រោយ​ទទួល​ការអនុញ្ញាត​ពី​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ដឹកនាំ​ប្រតិភូ​ក្រសួង​មួយក្រុម រួមទាំង​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ អញ្ជើញ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​អំពី​ការងារ​ទឹកស្អាត នៅ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន​ថ្មីៗ​នេះ​។​

​ក្នុងឱកាស ​នៃ​ការបំពេញ​បេសកកម្ម​នោះ ប្រតិភូ​កម្ពុ​ជាមាន​ជំនួប​ប្រជុំ​ពិភាក្សា និង​ស្តាប់​បទ​បង្ហាញ​ជាមួយ​ភាគី​ចិន ដ៏​មាន​សារៈសំខាន់​រួមមាន​ ៖

ទី១-ជំនួប​ប្រជុំ​ជាមួយ​ក្រុមហ៊ុន Zhongfang ដែលជា​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​មួយ​ដ៏​ធំ​របស់​ចិន ដោយ​ក្នុងនោះ​ភាគី​ក្រុមហ៊ុន​បានបង្ហាញ​អំពី​ការវិនិយោគ​របស់ខ្លួន​នៅ​កម្ពុជា ដែល​កំពុង​សាងសង់​អគារ​ខុន​ដូ​, សណ្ឋាគារ​, អគារ​ពាណិជ្ជកម្ម​, ហិរញ្ញវត្ថុ​, ទេសចរណ៍ និង កម្សាន្ត ដែលមាន​នៅក្នុង​រាជធានី​ភ្នំពេញ​ចំនួន​០២ ទីតាំង និង​មានបំណង​វិនិយោគ​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀង​ផងដែរ។ តាមរយៈ​នេះ ក្រុមហ៊ុន​បានស្នើ​ឲ្យ​ភាគី​កម្ពុជា ជួយ​គាំទ្រ​តាម​គ្រប់​រូបភាព ដូចជា ការ​លើកលែង​ពន្ធ និង​ជាពិសេស គឺ​ស្នើឲ្យ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ពង្រីក​គម្រោង​វិនិយោគ​ដើម្បី​ផ្គត់ផ្គង់​ទឹកស្អាត​ដល់​តំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​។ ជាការ​ឆ្លើយតប​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់​ជូន​ភាគី​ក្រុមហ៊ុន​ថា រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​អនុវត្ត​នូវ​គោលនយោបាយ​លើកទឹកចិត្ត​ដល់​វិនិយោគិន​នៅ​កម្ពុជា ដោយ​ភាគី​ក្រុមហ៊ុន​ចាំបាច់​ត្រូវ​ដាក់​សំណើ​វិនិយោគ​តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។ ដោយឡែក ទាក់ទង​នឹង​ការផ្គត់ផ្គង់​ទឹកស្អាត​វិញ លោក​ទេសរដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ផងដែរ​ថា រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ កំពុងតែ​ខិតខំ​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា ក្នុងការ​ពង្រីក​សមត្ថ​ភាព​ផ្គត់ផ្គង់​ទឹកស្អាត​សម្រាប់​រាជធានី​ភ្នំពេញ​ទាំង​មូល ទន្ទឹមនឹងនោះ​ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក៏​កំពុង​បន្ត​ពិភាក្សា​ជាមួយ​បណ្តា​ដៃគូ​ឯកជន​នានា​ក្នុង​ការសិក្សា​ពី​លទ្ធភាព​វិនិយោគ​លើ​ប្រព័ន្ធ​ផ្គង់​ផ្គង់​ទឹកស្អាត​បន្ថែម​តាម​រូបភាព​ផ្សេងៗ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ប្រើប្រាស់​ទឹកស្អាត​កើនឡើង​ដ៏​គំហុក​នៅក្នុង​រាជធានី​ភ្នំពេញ​។ ទី​២-​ប្រតិភូ​ក្រសួង​ក៏បាន​ទស្សនកិច្ច​សិក្សា​នៅ​ក្រុមហ៊ុន​រដ្ឋ Beijing Enterprises Water Group Limited (BEWG) ដែលជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​ទទួលបន្ទុក​ការផ្គត់ផ្គង់​ទឹកស្អាត​នៅតាម​បណ្តា​ទីក្រុង​របស់​ប្រទេស​ចិន​ប្រមាណ​១៣៩ ទីតាំង​និង​ផ្គត់ផ្គង់​ទឹកស្អាត ៣៦.៨​លាន​ម​៣/​ថ្ងៃ និង​មាន​បុគ្គលិក​ប្រមាណ ៥០.០០០​នាក់ ។ ក្រុមហ៊ុន BEWG បាន​កំពុង​អនុវត្ត​គម្រោង​ជាច្រើន​នៅក្នុង​ទីក្រុង​ប៉េកាំង​រួមមាន ការកសាង​ប្រភពទឹក ការការពារ​ប្រភពទឹក ការផលិត ​និង​ផ្គត់ផ្គង់​ទឹកស្អាត ការគ្រប់គ្រង ​និង​កែច្នៃ​សំរាម​, ការ​គ្រប់គ្រង​និង​ប្រព្រឹត្ត​កម្ម​សម្អាត​ទឹកស្អុយ​, ការការពារ​បរិស្ថាន​ធម្មជាតិ និង​ទេសចរណ៍ ជាដើម​។ ក្រុមហ៊ុន BEWG មានបទពិសោធន៍​ពេញលេញ និង​ហិរញ្ញវត្ថុ​គ្រប់គ្រាន់ ទាំង​ក្នុងប្រទេស​ចិន និង​ក្រៅ​ប្រទេស​។ ក្រុមហ៊ុន​ក៏បាន​បង្ហាញ​ឆន្ទៈ និង​បំណង​ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​លើ​វិស័យ​ទាំងអស់​ខាងលើនេះ​នៅ​កម្ពុជា​ផងដែរ ដោយ​ក្រុមហ៊ុន​មាន​សមត្ថភាព​វិនិយោគ​, សិក្សា​រចនា​ប្លង់​, សាងសង់​, និង​ដំណើរការ​គ្រប់គ្រង​ថែទាំ​ដោយផ្ទាល់ ជាពិសេស​លើ​ការងារ​ផ្គត់ផ្គង់​ទឹក​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ប្រើប្រាស់​ទឹកស្អាត​នៅ​កម្ពុជា និង​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​ផ្គត់ផ្គង់​ទឹកស្អាត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​បាន​១០០% នៅតាម​ទីប្រជុំជន​នៅ​ឆ្នាំ​២០២៥ ខាងមុខនេះ​។ ចំពោះ​វិស័យ​ទឹកស្អាត ក្រុមហ៊ុន BEWG ក៏បាន​អភិវឌ្ឍន៍​នូវ​បច្ចេកវិទ្យា​ចុងក្រោយ សម្រាប់ធ្វើ​ការសម្អាត​ទឹក​គ្រប់​ប្រភេទ រួមទាំង​ទឹកសមុទ្រ​ផងដែរ ដែល​បច្ចុប្បន្ន ក្រុមហ៊ុន BEWG កំពុងធ្វើការ​ផ្គត់ផ្គង់​ប្រព័ន្ធ​ផលិត​ទឹកស្អាត​ពី​ទឹកសមុទ្រ​ជូន​ដល់​ប្រជាពលរដ្ឋ និង​កងទ័ព​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។ ជាការ​ឆ្លើយតប​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​គោលបំណង​របស់​ក្រុមហ៊ុន BEWG ហើយ​ដោយបាន​បញ្ជាក់ថា កម្ពុជា​ គឺ​ស្វាគមន៍​ជានិច្ច​ចំពោះ​ការ​វិនិយោគ​លើ​គ្រប់​វិស័យ ហើយ​រូបលោក​ផ្ទាល់​នឹង​ខិតខំ​សម្រប​សម្រួល​ជួយ​ជ្រោមជ្រែង​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ដើម្បីឲ្យ​មានការ​អភិវឌ្ឍ​បន្ថែមទៀត​សម្រាប់​កម្ពុជា ជាពិសេស លើ​ការងារ​ផ្គត់ផ្គង់​ទឹកស្អាត ដើម្បី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម​។ ក្នុងឱកាស​ដំណើរ​ទស្សនកិច្ច​នោះ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​, ក្រុមហ៊ុន BEWG និង​ក្រុមហ៊ុន Noble Water (Cambodia) Co., Ldt បាន​ចុះហត្ថលេខា​រួមគ្នា​លើ​អនុស្សារណៈ​យោគយល់ សម្រាប់​ការអភិវឌ្ឍន៍​វិស័យ​ទឹកស្អាត​នៅ​កម្ពុជា។ ទី​៣-​ក្រុមហ៊ុន​រដ្ឋ Beijing Enterprises Water Group Limited (BEWG) បានបង្ហាញ​នូវ​បច្ចេកវិទ្យា​ប្រព័ន្ធ​ផលិតកម្ម​ទឹកស្អាត ជាច្រើន​ម៉ូ​ដែល ជាពិសេស​ប្រព័ន្ធ Smart Water Treatment System ដែល​ប្រើប្រាស់​ជាមួយ​ថាមពល​កកើត​ឡើងវិញ ដូចជា​ថាមពល​ពន្លឺព្រះអាទិត្យ និង​ថាមពល​កម្លាំង​ខ្យល់ (Solar & Wind Turbine) ដែល​សមស្រប​សម្រាប់​យក​មកប្រើប្រាស់​នៅ​តំបន់​ដាច់ស្រយាល​ពុំទាន់​មាន​អគ្គិសនី​ទៅដល់ និង​មានតម្លៃ​សមស្រប​សម្រាប់​ប្រទេស​យើង​។​

​ប្រតិភូ​ក្រសួង​ក៏មាន​ជំនួប​ប្រជុំ​ជាមួយ​សមាគម​មិត្តភាព​របស់​ចិន គឺជា​សមាគម​ដ៏​ធំ​មួយ​ដែលមាន​សមាជិក​ជាច្រើន មកពី​គ្រប់​វិស័យ​ទាំងអស់​។ សមាគម​ចិន​ក៏បាន​បង្ហាញ​នូវ​បំណង​ជំរុញ ​និង​បង្កើន​ទំនាក់​ទំនងជា​មិត្តភាព និង​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​បន្ថែមទៀត ដើម្បី​ចូលរួម​អភិវឌ្ឍន៍​កម្ពុជា​លើ​គ្រប់​វិស័យ រួមទាំង​វិស័យ​ទឹកស្អាត​ផងដែរ​។ ជាការ​ឆ្លើយតប លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី បាន​បង្ហាញ​នូវ​ឆន្ទៈ​ក្នុង​ការផ្តល់​កិច្ចសហការ​ដើម្បី​រឹតចំណង​មិត្ត​ភាពជា​ប្រពៃណី​រវាង​កម្ពុជា និង​ចិន ឲ្យ​កាន់តែ​រឹងមាំ ​និង​ស្ថិតស្ថេរ​ជា​រៀង​រហូត​៕

ដោយ ៖ វិមាន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114