ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​ធុន​ធំ​ បត់​លើ​កំណាត់​ផ្លូវ​កោង ជ្រុល​បុក​នឹង​រថយន្ត​តូច ស្លាប់​ម្នាក់​

បាត់ដំបង ៖ ជនជាតិ​ចិន​ម្នាក់ ដែលមាន​ការងារ​នៅក្នុង​រោងចក្រ​ស៊ីម៉ងត៍​ដូន​មា​យ បាន​ស្លាប់​បន្ទាប់ពី​បាន​បញ្ជូន​ដល់​មន្ទីរពេទ្យ​សុវណ្ណ ក្រោយពី​មានការ​ប៉ះទង្គិច​គ្នា​រវាង​រថយន្ត និង​រថយន្ត រួចមក។​

យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​បញ្ជាក់ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើត​ឡើង កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ វេលា​ម៉ោង៤និង១៥នាទីល្ងាច ត្រង់ចំណុច​ទល់មុខ​វត្ត​ដូន​មា​យ ស្ថិតក្នុងភូមិ​ដូន​មា​យ ឃុំស្តៅ ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង រវាង រថយន្ត និង​រថយន្ត ទិសដៅ​ខ្វែងគ្នា។​

យោងតាម​ការ​ពិនិត្យ​នៅ​លើ​ចំណុច​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​បញ្ជាក់ថា​ នៅពេល​កើតហេតុ គឺមាន​រថយន្ត​ធុន​ធ្ងន់១គ្រឿង ម៉ាក Fuso ពណ៌ ស ពាក់​ស្លាក​លេខ តាកែវ 3 A 2411 បាន​បើកបរ​ពី ជើង ទៅ​ត្បូង លុះ​ពេលមកដល់​ត្រង់ចំណុច​កើតហេតុ​ខាងលើ រថយន្ត​ធំ​នោះ​ក៏បាន​បត់​ចូល​ទៅលើ​ផ្លូវ​រោងចក្រ​ស៊ីម៉ងត៍ ស្របពេល​ជាមួយគ្នា​នោះដែរ ក៏មាន​រថយន្ត​ម៉ាក​លុច​ស៊ី​ស​RX 300 ១​គ្រឿង ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2AZ 2813 បើកបរ​ដោយ​ជនជាតិ​ចិន ដែល​បម្រើ​ការងារ​នៅក្នុង​រោងចក្រ ដែល​កំពុងបើក​ចេញពី​ក្នុងនោះ​មកវិញ ដោយសារតែ​រថយន្ត​ធំ​បត់​ជ្រុល ​ក៏បាន​បុក​ទៅលើ​រថយន្ត​តូច​នោះ​ពេញ​មួយ​ចំហៀង​រថយន្ត​តែម្តង។​

ភ្លាមៗ​នោះដែរ គេ​ក៏បាន​ស្គាល់​ថា ជនរងគ្រោះ ដែលជា​ជនជាតិ​ចិន​នោះ​មាន ឈ្មោះ ស៊ូ ចុង​ហ៊រ ភេទ​ប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅ​ភូមិ​ដូន​មា​យ ឃុំ​ស្តៅ ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង របួសធ្ងន់​និង​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​សុវណ្ណ​ នៅ​ក្រុង​បាត់ដំបង ប៉ុន្តែ​នៅពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ ត្រូវ​បាន​គេ​រាយការណ៍​ថា ជនរងគ្រោះ​ស្លាប់​បាត់ទៅហើយ ដោយឡែក​អ្នកបើកបរ​រថយន្ត​ធំ​ក៏បាន​រត់​គេចខ្លួន​ដោយ​សុវត្ថិភាព​ផងដែរ។ បើកបរ​ចេញពី​ផ្លូវ​ខាង​ស្តាំ គោលបំណង​បើកបរ​ឡើង​ទៅ​ទិស​ខាង​ជើង ក៏បាន​ប៉ះ​ជាមួយ​រថយន្ត​ធំ ដែល​បើកបរ​មកពី​ទិស​ខាង​ជើង គេច​មក​ខាងឆ្វេង បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ ចំណែក​ភាគី​រថយន្ត​ធំ បាន​រត់​គេចខ្លួនបាត់។

បើតាម​ការអះអាង​ពី ​លោក​វរសេនីយ៍ទោ ផាន់ ឡុង អធិការរង ទទួល​ផែន​សណ្ដាប់ធ្នាប់ បាន​បញ្ជាក់ថា នេះ​គឺជា​កំហុស​របស់​រថយន្ត​ធំ​ទាំងស្រុង ដូច្នេះ​បច្ចុប្បន្ន​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​លោក​កំពុង​ធ្វើការ​ស្រាវជ្រាវ​ហើយ​ ដើម្បី​នាំខ្លួន​អ្នកបើកបរ​យកមក​សាកសួរ​នៅ​ចំពោះ​មុខ​ច្បាប់ ដោយឡែក​រថយន្ត​ទាំង២គ្រឿង ក៏បាន​នាំយកមក​រក្សាទុក​ជា​បណ្ដោះអាសន្ន នៅក្នុង​អធិការដ្ឋាន​ផងដែរ៕

ដោយ ៖ សោ និយម​រ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114