ព័ត៍មានទាន់​ហេតុការណ៏
Search

ខាំ​ សុខ ​ធ្វើ​សិក្ខាសាលា ​ស្តីពី​ការ​ផ្សព្វផ្សាយ​នីតិវិធី​បែបបទ​រដ្ឋបាល​ និង​ហិរញ្ញវត្ថុ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២​ ដែល​ហៅ​កាត់​ថា​ ខាំ​ សុខ​(CAMSOK)​ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​សីហា ​ឆ្នាំ​២០១៩​នេះ​ បាន​បើក​ធ្វើ​សិក្ខាសាលា​ស្ដីពី​ការផ្សព្វផ្សាយ​នីតិវិធី​បែបបទ​រដ្ឋបាល​និង​ហិរញ្ញវត្ថុ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​។​

​លោក​វ៉ា​ត់ ​ចំរើន ​អគ្គលេខាធិការ​ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ​ឆ្នាំ​២០២៣ បាន​បញ្ជាក់​ថា សិក្ខាសាលា​នេះ ​គឺមាន​អត្ថន័យ​ខ្លឹមសារ​សំខាន់​ណាស់ ដើម្បី​យើង​ដើរ​ទៅមុខ​ទាំងអស់គ្នា ក្នុង​គោលការណ៍​រួមមួយ​ពី​គោលការណ៍​រដ្ឋបាល​គោលការណ៍​ហិរញ្ញវត្ថុ​នេះ​គឺជា​គោលការណ៍​មូលដ្ឋាន​នៅក្នុង​ការអនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ ហើយ​ក៏​ជា​ធាតុ​ចូល​មួយ​ដែល​យើង​ឯកភាពគ្នា​ជា​ធ្លុង​មួយ​សម្រាប់​អនុវត្ត​កម្មវិធី​ ខាំ​ សុខ ​ទទួលបាន​ជោគជ័យ។​

​លោក វ៉ា​ត់ ចំរើន បាន​សង្កត់ធ្ងន់ថា ​ដើម្បី​ឲ្យ​ស៊ី​ហ្គេម​២០២៣ ​ទទួលបាន​ជោគជ័យ​នោះ យើង​ត្រូវ​ការ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​មាន​សមត្ថភាព កីឡាករ​កីឡា​ការិនី​របស់​យើង​មាន​សមត្ថភាព ហើយ​ខិត​ជិតគ្នា និង​ខិតខំ​ទាំងអស់គ្នា​ធ្វើ​ការ​កែទម្រង់​តាម​គោលការណ៍​រាជរដ្ឋាភិបាល​ ក៏ដូចជា​ក្រសួង​អប់រំ​នូវ​គោលនយោបាយ​ជាតិ​កីឡា​។​ យើង​ត្រូវតែកំណត់​ហើយ​យល់ថា ចាប់ពីពេលនេះ​តទៅ ​យើង​មាន​កាតព្វកិច្ច​ទទួលខុស​ត្រូវ​ចំពោះ​មុខ​ជាតិ​ទាំងមូល នៅក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ​យើង​ត្រូវ​នាំគ្នា​ចូលរួម​ទាំងអស់គ្នា​ធ្វើការ​កែតម្រូវ​ការកែទម្រង់ ដែល​យើង​យល់ ដឹង​ទាំងអស់គ្នា​ថា ក្នុង​ការកែ​ទម្រង់​គឺ​រាជ​រដ្ឋាភិបាល​បានដាក់​ចេញ​ទិសដៅ​ថា​កែទម្រង់​រស់ ៩៩% អត់​កែទម្រង់​យើង​ស្លាប់​៩៩%។​

​លោក ប៉ូ រតនា អគ្គលេខាធិការរង ​និង​ជា​ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ ​និង​ផ្គត់ផ្គង់ នៃ​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ បានបញ្ជាក់​ឲ្យ​ដឹងថា ដោយ​យោងតាម​ស្មារតី​ នៃ​កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ និង​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​និង​ផែនការ​សកម្មភាព​រប​ស់​ខាន់​សុខ​សម្រាប់​ឆមាស​ទី​២ ឆ្នាំ​២០១៩ គណៈកម្មាធិការ​គណៈកម្មកា​រ​ហិរញ្ញវត្ថុ​និង​ផ្គត់ផ្គង់​និង​អគ្គលេខាធិការដ្ឋាន​បានរៀបចំ​គោលការណ៍​ណែនាំ​ស្ដីពី​នីតិវិធី​ហិរញ្ញវត្ថុ​ក្នុងការ​រៀបចំ​គំរូ​ស្នើសុំ​ថវិកា​កម្មវិធី​អភិវឌ្ឍន៍​អត្ត​ព​លិ​ក​ដល់​សហព័ន្ធ​កីឡា​ជាតិ​កម្ពុជា​ដែល​ក្នុងនោះ​មួយ ​គឺ​ផ្ដល់​ថវិកា​សម្រាប់​ការហ្វឹកហាត់​ និង​បណ្ដុះបណ្ដាល​នៅក្រៅ​ប្រទេស​សម្រាប់​រយៈពេល​ខ្លី​មធ្យម ​និង​វែង​ពី​ផ្ដល់​ថវិកា​សម្រាប់​ការប្រកួត​កម្រិត​ជើងឯក​ឆ្នាំ​ទាន ​និង​ប្រកួត​ជំនួស​អូ​ឡាំ​ពិក​ប្រកួត​ឡើង rangking ជា​ផ្លូវការ​របស់​សហព័ន្ធ​អន្តរជាតិ​ជា​លក្ខណៈ​អន្តរជាតិ ក្នុង​ និង​ក្រៅប្រទេស​។​

​លោក​ប៉ូ រតនា បាន​បន្ត​ដោយ​សំណូមពរ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ អនុវត្តតាម​គោលការណ៍​ណែនាំ​នេះ ប្រកប ដោយ​ស្មារតី​ទទួល ខុសត្រូវ​និង​ធានា​ដល់​គោលការណ៍​ចីរភាព​តម្លាភាព គណនេយ្យ​ភាព សុចរិត​ភាព និង​ស័ក្ដិ​សិទ្ធ​ភាព ដែលមាន​ចែង​ជា​ធរមាន​ក្នុង​ផែនការមេ​ឆ្ពោះទៅ​ការធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី ៣២ ឆ្នាំ ២០២៣​ដែល​ទទួលបាន​ការឯកភាព​ទាំងស្រុង​ពី​គណៈរដ្ឋមន្ត្រី​ក្នុងសម័យ​ប្រជុំ​ពេញអង្គ​នៅ​ថ្ងៃទី២២ ខែមេសា ​ឆ្នាំ​២០១៦៕

​ដោយ ៖ វិ​សិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114