ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ពាន​ទ័ព​ពី​បុរាណ លាក់ខ្លួន​ក្បែរ​ព្រំប្រទល់​ខេត្ត​សៀមរាប​-​ឧ​ត្ត​រ​មានជ័យ​

ស្ពាន​ទ័ព គឺជា​ស្ពាន​បុរាណ​ខ្មែរ ហើយ​តាម​ការ​បញ្ជាក់​ពី​អ្នកស្រាវជ្រាវ ស្ពាន​នេះ​មាន​ប្រវែង វែង​ជាង​គេ ដែល​សង់​នៅ​សម័យ​នោះ​។

​ទោះជា​មាន​អាយុ​រាប់រយឆ្នាំ​ទៅហើយ​ក្តី ប៉ុន្តែ​ស្ពាន​នេះ​នៅមាន​ភាពរឹងមាំ​នៅឡើយ ពិសេស​ជើង​ក្រោម ដោយ​មិន​គិត​ពី​បង្កាន់ដៃ​ដែល​រង​ការបំផ្លាញ​ដោយ​ធម្មជាតិ និង​មនុស្ស​ឡើយ​។ ស្ពាន​បុរាណ ស្ពាន​ទ័ព បាន​លាក់ខ្លួន​នៅក្នុង​ព្រៃរបោះ​មួយ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីរួមស្រុក​ស្រីស្នំ​ ខេត្ត​សៀមរាប និង​ទីរួមស្រុក​ចុងកាល់​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នោះ​ទេ​។ ​ផែន​ទីមួយ​ទាក់ទង​នឹង​ផ្លូវ​បុរាណ និង​សំណង់​ស្ពាន​នានា ក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​។

​ស្ពាន​ទ័ព​ជា​ស្ពាន​មួយ​ដែល​សង់​ឡើង​ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ នៅ​ចុង​សតវត្ស​ទី​១២ ដើម​សតវត្ស​ទី​១៣​។ ស្ពាន​នេះ​សង់​លើផ្លូវ​បុរាណ​ពី​រាជធានី​អង្គរ​ ភ្ជាប់​ទៅ​ប្រាសាទ​ភី​ម៉ៃ ​ប្រទេស​ថៃ​។​

ស្ពាន​ទ័ព​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ជើងទៀន ឃុំ​ជើងទៀន ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ខេត្តសៀមរាប (​ស្រុក​ស្រីស្នំ​) និង​មាន​ចម្ងាយ​ប្រហែល​៨០០​ម ពី​ប្រាសាទ​ព្រហ្មកិល ហើយ​មាន​ចម្ងាយ​៣២​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​ឧ​ត្ត​រ​មានជ័យ។​ ស្ពាន​នេះ​មាន​បណ្ដោយ​ប្រវែង​១៥០​ម កម្ពស់​១០​ម៉ែត្រ និង​ទទឹង ១៦,៤០​ម៉ែត្រ ដែល​សង់​ឡើង​ពី​ថ្ម​ភក់ និង​លាយ​ថ្មបាយ​ក្រៀម​ ដែល​លាតសន្ធឹង​ពី​ជើង​ទៅ​ត្បូង និង​មាន​រន្ធ​តា​ដេ​វ (​ប្រហោង​ទ្វារ​ស្ពាន​) ចំនួន​២៨​។ រហូតមកដល់​បច្ចុប្បន្ន ស្ថានភាព ​នៃ​ស្ពាន​នេះ ​គឺ​នៅមាន​សភាព​រឹងមាំ​ល្អ​នៅឡើយ​សម្រាប់​ការ​ទស្សនា​កម្សាន្ត និង​ការស្រាវជ្រាវ​។ ភ្ញៀវទេសចរ​អាច​ចុះទៅ​ទស្សនា​ដល់​ជើង​ក្រោម​ នៃ​ស្ពាន​បាន​ក្នុង​រដូវប្រាំង​។ ១៥០​ម៉ែត្រ​សម័យ​នោះ តើ​មានស្រុក​ណា​គេ​ធ្វើបាន​។

​ហើយ​ខាង​វិស្វករ​គេ​គិត​ទៀត គេ​ដឹង​ទៀត ផ្ទៃដី​ចុះ​ពី​ភ្នំ​ដងរែក ចុះ​ពី​ផ្ទះ​តា​ម៉ុក​មក ទម្រាំ​មកដល់​កន្លែង​ហ្នឹង ស្ពាន​ទ័ព ផ្ទៃដី​ប៉ុន្មាន​គីឡូម៉ែត្រ ហើយ​រងទឹក​ភ្លៀង ប៉ុន្មាន​ម៉ែត្រ​គីប ដែល​វា​ត្រូវ​ហូរ​ទៅ​ទន្លេសាប ដូច្នេះ​គេ​ត្រូវធ្វើ​ស្ពាន​ឲ្យ​ធំ ហើយ​ច្រើន​ទៀត​តាម​បណ្តោយ​ផ្លូវ​នេះ​(​ផ្លូវ​បុរាណ​)​។​

​លោក ខៀវ ចាន់ បន្ថែមថា នៅ​តំបន់​នេះ គេ​អាច​ពិនិត្យឃើញថា ក្នុង​ចម្ងាយ​ផ្លូវ​ប្រមាណ ៥​គីឡូម៉ែត្រ​

​គឺមាន​ស្ពាន​រហូត​ចំនួន​៧​រួមមាន ស្ពាន​មេម៉ាយ ស្ពាន​ព្រះ​ចង្អេរ ស្ពាន​ហាល​ជាដើម​។​

​ភាពរឹងមាំ ​នៃ​ស្ពាន​សម័យ​នោះ គឺ​វិស្វករ​គិត​ខ្ពស់​ពី​គ្រឹះ​បាត​ស្ពាន​ក្រាស់​ ឬ​ស្តើង ដែល​រៀបចំ​ទៅតាម​បរិមាណ​ទឹក ​និង​ល្បឿន​ទឹក​។​

​ក្បាលស្ពាន​ទាំងសងខាង​ នៃ​ស្ពាន​ទ័ព ​ឬ​ស្ពាន​ទិ​ទ្ធ គេ​រៀបចំ​ជា​ជម្រាល​ធ្វើ​ពី​ថ្មបាយក្រៀម ដើម្បី​ការពារ​ពី​ការហូរ​ច្រោះ​។​

​ក្រោយ​ផ្លូវ​វៀង​(​ផ្លូវជាតិ​៦៨)​ត្រូវបាន​ស្ថាបនា​រួច ផ្លូវ​កាត់​ស្ពាន​ទ័ព ត្រូវបាន​ផ្អាក​ចរាចរណ៍​ទាំងស្រុង​។​

​កន្លងមក ផ្លូវ​នេះ​ជា​គមនាគមន៍​មួយ​យ៉ាងសំខាន់ ហើយ​មាន​រថយន្ត​ដឹកទំនិញ​ធំៗ​ៗ​ឆ្លងកាត់​។​

​អំឡុងពេល​ផ្លូវ​នេះ​នៅ​ដំណើរការ ស្ពាន​ទ័ព​រង​ទម្ងន់​មិន ក្រោម​៧០​តោន​ទេ នេះ​និយាយ​ចំពោះ​ឡាន​ដឹក​ស៊ីម៉ងត៍​ធុន​ធ្ងន់​ និ​ង​ ត​កន្ទុយ​គ្នា​ផង​។​

​បើតាម​វិស្វករ​ដែល​គេ​យក​បំណែក​ថ្មបាយក្រៀម​នៃ​ស្ពាន​នេះ​ទៅ​គណនា​រក​ផ្ទៃ​រង ​ឬ​បន្ទុក​របស់​ស្ពានថ្ម ដែល​យកទៅ​មិនល្អ​ពេក គឺ​មធ្យម នៅ​ឃើញថា ស្ពាន​នេះ នៅ​អា​ច​រង​ទម្ងន់​បាន​៤០​តោន​នៅ​ឡើយ​។​ ហើយ​បើ​យើង​មើល​ស្ពានបេតុង​ឥឡូវ តើ​ទៅ​អាច​ទទួល​ទម្ងន់​បាន​៤០​តោន​ទេ​។​

​ជាទូទៅ ឃើញ​គេ​ដាក់​២០​ទៅ​២៥​តោន​ហ្នឹង ប៉ុន្តែ​ស្ពាន​យើង​នោះ បើ​យើង​គិតពី​ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័ន​មកដល់​ឥឡូវ​វា​៨០០​ឆ្នាំ ​នៅ​ទទួលបាន​៤០​តោន ចុះបើ​ពេលធ្វើ​ថ្មីៗ​ តើ​រង​ទម្ងន់​បាន​ប៉ុន្មាន​។​ហើយ​កាលនោះ គេ​អត់​មាន​ឡាន​អី​ទេ មានតែ​ដំរី ដែល​ដំរី​មួយ​ពី​៥​ទៅ​៧​តោន ហើយ​មួយ​ទ័ព​ដំរី តើ​ប៉ុន្មាន មិន​ក្រោម​៧០​តោន​ទេ បើ​ដំរី​១០​ក្រោម​។​ នេះ​ជាការ​រៀប​រា់​របស់​លោក ខៀវ ចាន់ ទៅដល់​ក្រុមនិស្សិត​ដែល​កំពុង​យកចិត្តទុកដាក់​ស្តាប់​។​ តាម​ការសិក្សា​ស្រាវជ្រាវ​ពី​អ្នកជំនាញ​ប្រភព​ថ្មបាយ​ក្រៀម ដែល​យកមក​សង់ស្ពាន​ទ័ព គឺ​យក​ពី​ភ្នំ​ស្រីស្នំ ដែលមាន​ចម្ងាយ​ប្រមាណ​១០​គីឡូម៉ែត្រ​។​

​នៅតាម​ជើងភ្នំ​នោះ មាន​ស្នាម​កាត់​ថ្មបាយក្រៀម ហើយ​អ្នកភូមិ​នៅ​ទីនោះ​ឲ្យ​ឈ្មោះថា ស្រះ​រោយ​។​ហើយ​នៅក្បែរនោះ​ក៏មាន​ភ្នំ​មួយទៀត​ដែលជា ប្រភព​រ៉ែ​ដែក​ដ៏​សំខាន់ ហើយ​ក្បែរ​ជើងភ្នំ​នោះ​ទៀត ក៏​មាន​កន្លែង​ស្លដែក​ពី​បុរាណ​ផងដែរ​៕​

ដោយ ៖ ​ចាន់ ធី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114