ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋបាល​រាជធានី​ សម្រេច​បន្ត​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​២​កន្លែង​ទៀត​ នៅលើ​មហាវិថី​ម៉ៅ​សេទុង​ក្នុង​ខណ្ឌ​ទួលគោក​

ភ្នំពេញ ​៖ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ឆ្លងកាត់​ផ្លូវ ប្រកបដោយ​សុវត្ថិ​ភាព មិន​ប្រឈម​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ណាមួយ​កើតឡើង​ រដ្ឋបាល​រាជធានី​បានសម្រេច​បន្ត​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​២​កន្លែង​ទៀត​ នៅលើ​មហាវិថី​ម៉ៅ​សេទុង ​ក្នុង​អាណាចក្រ​ខណ្ឌ​ទួលគោក។​

មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​ពីរ​ទីតាំង ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ឆ្លងកាត់​លើ​មហាវិថី​ម៉ៅ​សេទុង​ ក្នុង​អាណាចក្រ​ខណ្ឌ​ទួលគោក។ ​ក្នុងនោះ​រួមមាន ៖ ​គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ដែលមាន​ទីតាំង​ស្ថិតនៅលើ​មហាវិថី​ម៉ៅ​សេទុង ​ខាងកើត​សាលាបឋមសិក្សា​សន្ធរម៉ុក​មួយកន្លែង និង​មួយកន្លែង​ទៀត ​មាន​ទីតាំង​ស្ថិតនៅលើ​មហាវិថី​ម៉ៅ​សេទុង​ដែរ តែ​នៅ​ខាង​លិច​ផ្សារ​ដើម​គ ក្នុង​សង្កាត់​ផ្សារ​ដើម​គរ​ជាប់​ព្រំប្រទល់​ខណ្ឌ​បឹង​សាឡាង ​ខណ្ឌទួលគោក​។

ការសម្រេចឲ្យ​មាន​ការស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​ពីរ​ទីតាំង​ខាងលើនេះ ដោយសារតែ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មើលឃើញថា ទីតាំង​ខាងលើ​មាន​ចរាចរណ៍​ឆ្លងកាត់​ច្រើន ដោយ​នៅជាប់​ផ្សារ​ និង​សាលារៀន។​

មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អះអាង​ផងដែរ​ថា គម្រោង​ស្ថាបនា​ផ្លូវ​ថ្មើរជើង​ខាងលើ​នេះ​​ គឺ​ឆ្លើយ​តប​ទៅនឹង​ប្រទេសជាតិ​ដែល​កំពុងតែ​មានការ​អភិវឌ្ឍ​រីកចម្រើន ហើយ​ទីក្រុង​កាន់តែ​ស៊ីវិល័យ ពិសេស​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​មិន​ប្រឈម​គ្រោះថ្នាក់​កើតឡើង​។​

​សូម​បញ្ជាក់​ថា មកដល់ពេលនេះ ​រាជធានី​ភ្នំពេញ​ មាន​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​៣​កន្លែង​ហើយ ដោយ​២​កន្លែង​នៅ​តំបន់​ជម្ពូ​វ័​ន្ត ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មួយកន្លែង​ទៀត​នៅ​តំបន់​ភ្លើងស្តុប​នាង​គង្ហីង ខណ្ឌ​៧​មករា ហើយ​បើ​គម្រោង​នេះ​ស្ថាបនា​រួចរាល់ រាជធានី​ភ្នំពេញ​ នឹង​មាន​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​៥​កន្លែង៕​

ដោយ ៖ ស្រីរ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114