ព័ត៍មានទាន់​ហេតុការណ៏
Search

បន្ទាប់ពី​មាន​ជម្លោះ​អំពី​កោះ Greenland ពេលនេះ​លោក Trump បែរជា​សរសើរ​នាយក​រដ្ឋមន្ត្រី​ដា​ណឺ​ម៉ាក​វិញ

លោក​ប្រធានាធិបតី Donald Trump បាន​លើកសរសើរ​ចំពោះ​នាយករដ្ឋមន្ត្រី​ដា​ណឺ​ម៉ាក​កាលពី​ថ្ងៃ​សុក្រ​ពោលគឺ​ពីរ​ថ្ងៃ​បន្ទាប់ពី​លោក​បាន​លុបចោល​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់លោក​ទៅកាន់​ប្រទេស​នេះហើយ​បាន​ស្តីបន្ទោស​លោកស្រី​ចំពោះ​ការច្រានចោល​គំនិត​របស់លោក​ក្នុង​ការទិញ​កោះ Greenland​។​

​មេដឹកនាំ​អាមេរិក​រូបនេះ​បាន​និយាយថា លោក​ទទួលបាន​ការហៅ​ទូរស័ព្ទ​ពី​លោកស្រី​នាយករដ្ឋមន្ត្រី Mette Frederiksen ដែល​លោក​ធ្លាប់បាន​ហៅថា​ជា​មនុស្ស​អាក្រក់​នៅពេលដែល​លោកស្រី​ច្រានចោល​គំនិត​របស់លោក​ក្នុង​ការទិញ​កោះ Greenland​។​

​ប៉ុន្តែ​កាលពី​ថ្ងៃ​សុក្រ លោក​បាន​កែប្រែ​គំនិត​ដោយ​ហៅ​លោកស្រី​ថា​ជា “​ស្ត្រី​ដ៏​អស្ចារ្យ​” វិញ​។​

​លោក Trump បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅពេល​លោក​ត្រៀម​ចាកចេញ​ទៅកាន់​កិច្ចប្រជុំ​កំពូល G7 ក្នុងប្រទេស​បារាំង​ថា “​យើង​មានការ​សន្ទនា​ដ៏​អស្ចារ្យ​មួយ​”​។​

​លោក Trump បាន​និយាយថា “​យើង​មាន​ទំនាក់ទំនង​ល្អ​ណាស់​ជាមួយ​ប្រទេស​ដា​ណឺ​ម៉ាក​ហើយ​យើង​បាន​យល់ព្រម​និយាយ​គ្នា​នៅពេល​ក្រោយ​។ លោកស្រី​បាន​ទូរស័ព្ទ​មក​ខ្ញុំ​ហើយ​ខ្ញុំ​ពិតជា​ពេញចិត្ត​ខ្លាំងណាស់​”​។​

​ជម្លោះ​មុននេះ​បាន​ជំរុញ​ឲ្យ​លោក Trump លុបចោល​ផែនការ​ធ្វើ​ទស្សនកិច្ច​ទីក្រុង Copenhagen នៅ​ខែក្រោយ​បន្ទាប់ពី​លោកស្រី Frederiksen និយាយថា កោះ Greenland ដែលជា​តំបន់​ស្វយ័ត​មួយ​របស់​ប្រទេស​ដា​ណឺ​ម៉ាក​គឺ​មិនមែន​សម្រាប់​លក់​ទេ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ នៅក្នុង​សុន្ទរកថា​កាលពី​ល្ងាច​ថ្ងៃ​សុក្រ លោក Trump មិនបាន​និយាយ​អ្វី​ទាំងអស់​អំពី​ការរៀបចំ​ដំណើរ​ទស្សនកិច្ច​ឡើងវិញ​៕ AFP

វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114