ព័ត៍មានទាន់​ហេតុការណ៏
Search

តាមពិត​ប្រពន្ធ​ដែល​វេច​បង្វិច​ចុះ​ចោល​ប្ដី​ កាល​ជាង​១០​ថ្ងៃមុន​នោះ ​គឺជា​ការ​រត់​គេច​ពី​ការធ្វើ​បាប​ពី​សំណាក់​ប្ដី​កំហូច​វិញ​សោះ

ភ្នំពេញ ៖ ពេលនេះ​ស្ដ្រី​ជា​ប្រពន្ធ​បាន​ចេញ​មុខមក​បកស្រាយ​ហើយ​ជុំវិញ​រឿងរ៉ាវ​ដែល​បុរស​ជា​ប្ដី​អះអាង​ថា គ្រាន់តែ​ឈ្លោះប្រកែក​គ្នា​បន្ដិច​បន្ដួច​ប្រពន្ធ​លក់​សម្ភារៈ ដី ធ្លី​និង​ម៉ូតូ វេច​លុយ​ចុះ​ចោល​ប្ដី​បាត់ ដែល​ដំណឹង​នេះ​ធ្វើ​ឲ្យ​នាង​ជា​ប្រពន្ធ​កើតទុក្ខ​មិន​សុខចិត្ត​និង​បាន​ចេញ​មុខមក​បកស្រាយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ប៉ុស្ដិ៍​ចោមចៅ​បី​ថា តាមពិត​គ្មាន​រឿង​ដូច​ប្ដី​នាង​ចោទប្រកាន់​នោះ​ទេ ការ​ចាក​ចេញ​ពី​ផ្ទះ​នោះ​ដោយសារ​នាង​គេច​ចេញពី​ប្ដី​កំហូច​ដែល​វាយ​ធ្វើបាប​នាង​និង​បំផ្លាញ​លុយកាក់​ជាដើម​គ្មាន​រក​ស៊ី​អី​ទេ ទើប​នាង​សម្រេចចិត្ត​ទៅ​មួយ​រយៈ នៅពេល​ប្រពន្ធ​បកស្រាយ​បែបនេះ​បុរស​ជា​ប្ដី​ស្ងាត់​មាត់​ដូច​គេ​ចុក​នៅ​នឹង​មុខ​សមត្ថកិច្ច។

ស្ដ្រី​ជា​ប្រពន្ធ​បានសម្រេច​ចេញមុខ​ត្រឡប់​មក​បកស្រាយ​បែបនេះ​កាលពី ល្ងាច​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩ នៅ​សាលាសង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

តាម​ប្រភព​ព័ត៌មាន​បា​ម​ឲ្យ​ដឹង​ថា នៅ​ពេល​នាង​ជា​ប្រពន្ធ​បកអាក្រាត​ប្ដី​បែបនេះ ប្ដី​ក៏​មាន​វត្ត​មាននៅ​ទី​នោះដែរ​ប៉ុន្តែ បុរស​នេះ​មិន​អាច​ហើប​មាត់​និយាយ​តបត​ជាមួយ​ប្រពន្ធ​សូម្បីតែ​១​ម៉ាត់​ឡើយ។ ស្ត្រី​រូប​នោះ​ឈ្មោះ សៅ រដ្ឋា អាយុ​៣១​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ មាន​ស្រុកកំណើត​នៅ​ក្នុង​ភូមិ​ព្រែក​ឪជ្រឹង​(​ក​) ឃុំ​ព្រែក​រំដេង ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។ ចំណែក​ប្ដី​ឈ្មោះ ចេង ពិសិដ្ឋ អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

នាង​បាន​និយាយ​ថា សម្ដី​ដែល​ប្ដី​នាង​និយាយ​ទាំង​ប៉ុន្មាន​ដូចជា​ជ្រុល​ពេក​ហើយ គឺជា​ពាក្យ​កុហក​បោកប្រាស់​មួលបង្កាច់​ធ្វើ​យ៉ាង​ណា​ឲ្យ​មហាជន​យល់​ច្រឡំ​ថា នាង​ជា​មនុស្ស​អាក្រក់​បំផុត។ ប៉ុន្តែ​ការពិត​នាង​មិនមែន​ជា​មនុស្ស​បែបនេះ​ទេ គឺ​ប្ដី​ទេ​ដែល​ជា​មនុស្ស​ខូច​តែង​រករឿង​វាយ​ធ្វើបាប​រូប​នាង​ជា​ញឹកញាប់ ហើយ​ជា​មនុស្ស​គ្មាន បានការ​មិនដែល​ផ្ដល់​សុភមង្គល​ជូន​នាង​ម្ដងណា​ទេ​។

នាង​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ដោយសារតែ​ការ​រក​រឿង​ប្រើ​អំពើ​ហិង្សា​វាយដំ​រូបនាង​បែប​នេះ​ហើយ​ទើប​នាង​មិន​អាច​រស់នៅ​ជាមួយ​បាន​តទៅទៀត​ក៏​សម្រេចចិត្ត​ចុះ​ចេញទៅ​រស់នៅ​បណ្ដោះអាសន្ន​ផ្ទះ​បង​សិន ដើម្បី​គេច​ពី​ការតាមរក​រឿង​វាយដំ​ពី​សំណាក់​ប្ដី​រូបនេះ​។ ចំណែក​ពាក្យ​ចោទ​ថា នាង​ប្រមូល​ទ្រព្យសម្បត្តិ​ដូចជា​ម៉ូតូ ដី និង​សម្ភារ ប្រើប្រាស់​លក់​អស់​រួច​វេច​លុយ​រត់​នោះ ជា​ពាក្យ​មិន​ពិត​ទាល់តែ​សោះឡើយ ព្រោះ​ទ្រព្យសម្បត្តិ​ទាំងអស់ នោះ​គឺ​បាន​លក់​អស់​តាំងពី​នៅ​ជុំគ្នា​មក​ម្ល៉េះ ហើយក៏​ព្រោះតែ​ប្ដី​មិនបានការ​នេះដែរ។

ក្រោយពី​ប្រពន្ធ​បកស្រាយ​បែបនេះ​នៅ​នឹង​មុខ​បុរស​ជា​ប្ដី​មិន​អាច​និយាយ​ចេញ​សូម្បីតែ​១​ម៉ាត់ ដែល​មើល​ទៅ​ហាក់​ចំ​សាច់រឿង​ដែល​ខ្លួន​ប្រព្រឹត្ត​ទៅលើ​ប្រពន្ធ​។ បន្ទាប់មក​អាជ្ញាធរ​បាន​ប្រាប់​ឲ្យ​អ្នក ទាំង​២​ទៅ​ដោះស្រាយ​គ្នា​តាម​ផ្លូវ​តុលាការ​នៅឯ​ស្រុកកំណើត ដែល​ពួកគេ​រៀបការ​ជាមួយគ្នា​ចុះ ហើយ​ពួកគេ​ក៏បាន​ចាក​ចេញទៅ​បាត់ទៅ​។

គួរ​បញ្ជាក់​ថា កាលពី ថ្ងៃទី​២២ ខែសីហា បុរស​ជា​ប្ដី​រូប​នេះ បាន​កាន់​រូបថត​អាពាហ៍ពិពាហ៍​របស់​ខ្លួន និង​ប្រពន្ធ​ចំនួន​២​សន្លឹក ជា​ភស្តុតាង​ធ្វើដំណើរ ទៅកាន់​សាលាសង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍ ប្រកូក​ប្រកាស​រកប្រពន្ធ​របស់ខ្លួន​ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​ផង។

ដោយ​បុរស​នេះ​បាន​ចោទប្រកាន់​ថា បាន​រៀបការ​ជាមួយគ្នា​ជា​ប្ដី​ប្រពន្ធ​ជាង​៣​ឆ្នាំ​កន្លង​មក​ហើយ គ្រាន់តែ​មានរឿង​ឈ្លោះ​គ្នា​បន្តិចបន្តួច​សោះ ស្រាប់តែ​ប្រពន្ធ​លេង​១​ក្បាច់​ធ្វើ​ឲ្យ​ខ្លួន​ស្ទើរ​កកឈាម​ស្លាប់​ទៅហើយ​។ ដោយ​នាង​បាន​ប្រមូល​សម្ភារៈ​ក្នុង​ផ្ទះ ដីធ្លី និង​ម៉ូតូ​១​គ្រឿង​ផង​លក់​យក​លុយ​ព្រមទាំង​ដេញ​តុងទីន​ថែមទៀត រួច​យក​លុយ​វេច​បង្វិច​រត់ចោល​ខ្លួន ជាង​១០​ថ្ងៃ​កន្លង​មកហើយ​។

បន្ទាប់ពី​មានរឿង​រ៉ាវ​បែបនេះ​ទើប​ពេលនេះ​នាង​ជា​ប្រពន្ធ​បាន ចេញមុខ​មក​បកស្រាយ​ហែក​រឿង និង​ទង្វើ​ដែល​ប្ដី​ធ្វើ​ដាក់​នាង​កន្លងមក​ខ្ទេច​តែម្ដង​ហើយ​ប្ដី​ដូចជា​គ្មាន​ពាក្យ​អី​ឆ្លើយតប​ទៅនឹង​ប្រពន្ធ​ទេ៕
វិទូ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114