ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​និង​ម្ចាស់​រោងចក្រ​ផលិត​ពូក​កំពុង​យក​គ្រឿងចក្រ​មក​ផ្តួល​រំលំ​អគារ​ដែល​រង​ការ​ឆេះ​បំផ្លាញ​

​ភ្នំ​ពេ​ញ ៖ លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាននិងកំពុង​សហការ​ជាមួយ​លោក​កាន់ ចន្ថា អាយុ​៦៣​ឆ្នាំ​ ដែល​ជា​ម្ចាស់​រោងចក្រ​ផលិត​ពូក​ដើម្បី​យក​គ្រឿងចក្រ​មក​ផ្តួលរំលំ​អគារ​ដែល​រង​ការឆេះ​បំផ្លាញ​។

យោង​តាម​ប្រភព​ពី​លោក​ពេជ្រ កែវ​មុនី អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ​បាន​មានប្រសាសន៍ថា ​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែសីហា​នេះ​ លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​អញ្ជើញ​ចុះមក​ពិនិត្យមើល​ទីតាំង​រោងចក្រ​ដែល​រង​ការបំផ្លាញ ​ដោយ​អគ្គិភ័យ​ចាប់ពី​១៣​និង​២០​នាទី​រសៀល​ ថ្ងៃ​ទី​២៣​រហូតដល់​ព្រឹក​ថ្ងៃ​ទី​២៤​ ខែសីហា​នេះ​ ដោយ​ក្នុង​នោះ​អភិបាល​បានសម្រេច​ឲ្យ​វាយកំទេច​អគារ​នោះ​ចោល​ព្រោះ​មិនអាច​ជួសជុល​ប្រើប្រាស់​បានឡើយ​ដោយសារតែ​ជញ្ជាំង​អគារ​ត្រូវ​ប្រេះស្រាំ​អស់​ទៅហើយ​។

លោក​អភិបាលខណ្ឌ​បាន​បន្ត​ថា ​ក្នុង​ព្រឹក​នេះ​ក៏​មាន​ការ​អញ្ជើញ​ចុះ​ពិនិត្យ​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម មក​ពិនិត្យ​និង​សម្រេច​ផងដែរ​។

ទាក់ទិន​ករណី​គ្រោះ​អគ្គិ​ភ័យ​នេះ​ គឺ​នគរបាល​មូលដ្ឋាន​បានធ្វើ​របាយការណ៍​ជូនទៅ​ថ្នាក់លើ​ថា​កំពុងតែធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ​ប៉ុណ្ណោះ​។​

បើ​តាម​ប្រភព​ពី​លោក​ជា វង្ស​ចិន្តា ប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌមានជ័យ​បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា​អគារ​ដែល​ឆេះ​នេះ​គឺ​ត្រូវតែ​វាយ​កំទេច​ចោល ​ព្រោះ​ជញ្ជាំង​អគារ​ត្រូវ​ប្រេះស្រាំ​អស់ហើយ​។ ​លោក​បន្ត​ថា ​រោងចក្រ​នេះ​ធ្លាប់​ជួប​គ្រោះ​អគ្គិភ័យ​នៅ​អំឡុង​ឆ្នាំ​២០០៩ ​ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ដូច​ថ្ងៃនេះ​ទេ​។

លោក​ជា វង្ស​ចិន្តា បន្ត​ទៀត​ថា ​ផ្ទៃដី​រោងចក្រ​ផលិត​ពូក​នេះ​មាន​ទំ​ហ៊ុំ​១០៤៧៥​ម៉ែត្រការ៉េ​។​ហើយ​ទីតាំង​នេះ​ជា​កម្ម​សិទ្ធ​របស់លោក កាន់ ចន្ថា ភេទ​ប្រុស​អាយុ​៦៣ឆ្នាំ​ ស្ថិត​ក្នុង​ដីឡូត៍​គ្មាន​លេខ​ភូមិ​ចំរើន​ផល​ទី​១​ សង្កាត់​បឹងទំពន់​ទី​១ ​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។

គួរ​បញ្ជាក់​ថា​ អគារ​នេះ​ត្រូវ​បាន​គ្រឿងចក្រ​មក​ផ្តួល​រំលំ​ចាប់ពី​ម៉ោង​១២​និង​២០​នាទី​រសៀល​ ថ្ងៃ​ទី​២៤​ខែសីហា​ ដោយ​ផ្នែក​ជំនាញ​មានការ​យកចិត្តទុកដាក់​បំផុត​ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស៕
ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114