ព័ត៍មានទាន់​ហេតុការណ៏
Search

MCL 2019៖ ៤​គូ​ថ្ងៃ​សៅរ៍ មាន​គ្រាប់​បាល់​ដល់​ទៅ ១៦​គ្រាប់​កើតឡើង និង​សុទ្ធតែ​សម្រេច​ក្រុម​ឈ្នះ​ចាញ់

ការប្រកួត​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2019) សប្ដាហ៍​ទី​២០ នា​ល្ងាច​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៩ បានបញ្ចប់​ទៅដោយ ព្រះខ័ន​រាជ​ស្វាយរៀង បន្ត​កំណត់ត្រា​មិនដែល​ចាញ់ ក្រោយ​ឈ្នះ បឹងកេត ស្រប​ពេលដែល​វិសាខា ឈ្នះ យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ដោយ​តដៃ​មិនបាន និង​ក្រសួងការពារជាតិ

*​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ជាមួយ វិសាខា
​ការប្រកួត​រវាង​ក្រុម​ដែល​បានបញ្ចប់​ទៅដោយ យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម ១៨​ឆ្នាំ ចាញ់ វិសាខា ចាស់ដៃ ០​ទល់​៧ នេះ បានក្លាយ​ជាការ​ប្រកួត​ដ៏​ជក់ចិត្ត​ជាមួយនឹង​គ្រាប់​បាល់​ដ៏​ច្រើន​គ្រាប់​កើតឡើង​។ នៅក្នុង​វគ្គ​ទី​១ នាម​ជា​ក្រុម​ភ្ញៀវ​ដែលមាន​ប្រៀប គ្រាប់​បាល់ ៣​គ្រាប់​បានកើត​ឡើង ដែល​ធ្វើបាន​សម្រេច​ដោយ​កីឡាករ Da Cruz នៅ​នាទី​៣១ និង​៣៥ មុននឹង​កីឡាករ កែវ សុខ​ផេង បន្ថែម​គ្រាប់​ទី​៣ នៅ​នាទី​៤២ និង​បាន​រក្សា​លទ្ធផល ០​ទល់​៣ ដល់​ចប់​វគ្គ​ទី​១​។

ការប្រកួត​ចូលដល់​វគ្គ​ទី​២ បាន ១៤​នាទី កីឡាករ Ajaiyi Opeyemi បា​នរក​គ្រាប់​បាល់​ទី​៤ បានសម្រេច រហូតដល់​នាទី​៧៩ ទើប​គ្រាប់​បាល់​ទី​៥ កើតឡើង​ទាត់​បញ្ចូល​ទី​ដោយ​កីឡាករ Da Cruz ដដែល​និង​ជា​គ្រាប់​បាល់ ៣​គ្រាប់​ម្នាក់ឯង ក្នុងការ​ប្រកួត​នេះ​។ ប៉ុន្តែ Da Cruz ជាថ្មី​ម្ដងទៀត​បាន​រកបាន ២​គ្រាប់​បន្ថែមទៀត នៅ​នាទី​៨៤ និង​៨៧ ហើយ​រក្សា​លទ្ធផល​ចុងក្រោយ វិសាខា ឈ្នះ យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ០-៧​។

*​បឹងកេត ជាមួយ ព្រះខ័ន​រាជ​ស្វាយរៀង​
ជាការ​ប្រកួត​ដែល​ពិសេស​ជាងគេ​សម្រាប់​ថ្ងៃ​សៅរ៍ ទី​២៤ ខែសីហា ឆ្នាំ​២០១៩​នេះ សម្រាប់​ការប្រកួត​រវាង​ក្រុម​ទាំងពីរ​មាន​គ្រាប់​បាល់​កើតឡើង​តិច​គ្រាប់ ដ្បិត​ជា​ក្រុម​ខ្លាំង​ដូចគ្នា​។ នៅក្នុង​ការប្រកួត​នៅ​វគ្គ​ទី​១ មាន​គ្រាប់​បាល់​២​គ្រាប់​កើតឡើង ពោលគឺ​កើតចេញពី​ក្រុម​ម្ចាស់ផ្ទះ​បឹងកេត មុន​ដែល​ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ Julius Oiboh នៅ​នាទី​៣០ ប៉ុន្តែ​រំលង​បានតែ​២ នាទី គឺ​នៅ​នាទី​៣២ ផ្ទាល់​ក្រុម​ភ្ញៀវ​បាន​តាម​ស្មើ​វិញ​ភ្លាមៗ ដោយ​កីឡាករ Privat Mbarga និង​បាន​រក្សា​លទ្ធផល​នេះ​ដល់​ចប់​ការប្រកួត​ក្នុង​វគ្គ​ទី​១​។

ចូលដល់​វគ្គ​ទី​២ ការប្រកួត​រវាង​ក្រុម​ទាំងពីរ​ដែល​ត្រូវការ​ឈ្នះ​រៀងៗ​ខ្លួន បាន​ព្យាយាម​វាយ​សម្រុក​គ្នា​ទៅវិញទៅមក​រហូតដល់​នាទី​៦៤ គ្រាប់​បាល់​ទី​២ របស់​ព្រះខ័ន​រាជ​ស្វាយរៀង បានកើត​ឡើង ដែល​ធ្វើបាន​សម្រេច​ដោយ​កីឡាករ នេន សុធា​រ័ត្ន ពេលវេលា​ដែល​សេសសល់ បឹងកេត បានត្រឹមតែ​កៀបសង្កត់ បូក​ជាមួយ​ឱកាស​រក​គ្រាប់​បាល់​មួយចំនួន ប៉ុន្តែ​លទ្ធផល​ចុងក្រោយ​បញ្ចប់ទៅ បឹងកេត ចាញ់ ព្រះខ័ន​រាជ​ស្វាយរៀង ១-២ បន្ត​កំណត់ត្រា​មិនដែល​ចាញ់​ឈានដល់ ២១​ប្រកួត​ក្នុង​លី​គ​នា​រដូវ​កាល ២០១៩ នេះ​។

*​ក្រសួងការពារជាតិ ជាមួយ គីរីវង់​សុខ​សែន​ជ័យ
ជាការ​ប្រកួត​ដែល​ធ្វើឡើង​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ បានបញ្ចប់​ទៅដោយ​លទ្ធ​ផល​ប្រផិតប្រផើយ ក្រសួងការពារជាតិ ចាញ់ គីរីវង់​សុខ​សែន​ជ័យ ១​ទល់​២ ដោយ​ដើមឡើយ​ម្ចាស់ផ្ទះ​ក្រសួងការពារជាតិ បាន​បើក​ការនាំ​មុខមុន​ដោយ​កីឡាករ អ៊ុ​ព កា​ម៉ុ​ល នៅ​នាទី​៣៧ ប៉ុន្តែ​ប្រែប្រួល​មកវិញ​នៅ​វគ្គ​ទី​២ បន្ទាប់ពី​គីរីវង់​សុខ​សែន វាយបក​បាន ២​គ្រាប់​មកវិញ​ពី​ការ​ទាត់​ចូល​ទី​ដោយ​កីឡាករ ដាវ នី​ម នៅ​នាទី​៥៦ និង ដាវ នី​ម ដដែល​ថែម​គ្រាប់​ទី​២ ឲ្យ​គីរីវង់ នៅ​នាទី​៧៩ ហើយ​បាន​រក្សា​លទ្ធផល​ដល់​ចប់​ការប្រកួត គីរីវង់​សុខ​សែន​ជ័យ យកឈ្នះ​ម្ចាស់ផ្ទះ ក្រសួងការពារជាតិ ១-២​។​

*​ភ្នំពេញ​ក្រោ​ន ជាមួយ សូល​ទី​ឡូ​អង្គរ​
​ជាការ​ប្រកួត​នៅ​ម៉ោង ៦​ល្ងាច​តំណាលគ្នា​ក្រសួងការពារជាតិ ជាមួយ គីរីវង់​សុខ​សែន​ជ័យ បញ្ចប់ទៅ​ដោយមាន​គ្រាប់​បាល់ ប្រផិតប្រផើយ ២-១ ដូចគ្នា ដោយ​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន ជា​ក្រុម​ដែល​ឈ្នះ ពី​ការប្រកួត​នេះ​។

ការប្រកួត​នេះ នៅ​វគ្គ​ទី​១ ពុំមាន​គ្រាប់​បាល់​កើតឡើង​ឡើយ​ដោយបាន​ត្រឹម​រក្សា​លទ្ធផល ០-០ ប៉ុន្តែ​នៅ​វគ្គ​ទី​២ ក្រុម​ភ្ញៀវ​សូល​រី​ឡូ​អង្គរ បាន​បើក​ការនាំ​មុខមុន​នៅ​នាទី​៧៥ ដោយ​កីឡាករ​វ័យក្មេង រ័ត្ន សំណាង ប៉ុន្តែ​ម្ចាស់ផ្ទះ​ហាក់​មិន​បង្អង់​ភាព​ស្រេកឃ្លាន​ជ័យជម្នះ ទីបំផុត​រក​គ្រាប់​តាម​ស្មើ​នៅ​នាទី​៨១ ដោយ​កីឡាករ Dzarma Bata និង​រំលង ២​នាទី​បន្ទាប់មកទៀត Booysen Shane រក​គ្រាប់​ជ័យជម្នះ​នៅ​នាទី​៨៣ និង​រក្សា​លទ្ធផល​នេះ​ដល់​ចប់​ការប្រកួត​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114