ព័ត៍មានទាន់​ហេតុការណ៏
Search

បញ្ចប់​តំណែង​លោក សេង សុវណ្ណារ៉ា ពី​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ទំនងជា​ពាក់ព័ន្ធ​បញ្ហាដីធ្លី​ប្រមាណ​ជិត​១០០០​ហិកតា​នៅ​មណ្ឌលគិរី

ភ្នំពេញ​ ៖ លោក សេង សុវណ្ណារ៉ា ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណ​ចក្រ​កម្ពុជា បានសម្រេច​បញ្ចប់​តំណែង​ពី​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ហើយ នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៩ ហើយ​បញ្ហា​នេះ ទំនងជា​ទាក់ទង​ទៅនឹង​បញ្ហាដីធ្លី​ប្រមាណ​១​ពាន់​ហិកតា​នៅ​ខេត្តមណ្ឌលគិរី​។

ការសម្រេច​បញ្ចប់​តំណែង​ពី​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​នេះ បានធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានសម្រេច​ដកចេញ​ពី​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចូល​មូលដ្ឋាន​ខេត្តមណ្ឌលគិរី​។

យោងតាម​ព្រះរាជក្រឹត្យ​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៩ ត្រង់​ប្រការ​១​បាន​បញ្ជាក់ថា “​បញ្ចប់​មុខតំណែង​ឯកឧត្តម សេង សុវណ្ណារ៉ា ពី​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​”​។ ដែល​ព្រះរាជក្រឹត្យ​នេះ ធ្វើឡើង​បន្ទាប់ពី​មានការ​ទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៣ ខែសីហា កន្លងទៅ​ថ្មីៗ​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានសម្រេច​ដក​លោក សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ចេញពី​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តមណ្ឌលគិរី ហើយ​ដាក់ជំនួស​មកវិញ​ដោយ​លោក មាស ប្រុស ប្រធាន​រដ្ឋបាល​សាលាដំបូង​ខេត្តមណ្ឌលគិរី តែ​នៅក្នុង​សេចក្តីសម្រេច​នេះ មិនបាន​បង្ហាញ​អំពី​មូលហេតុ ដែលនាំឱ្យ​មានការ​ដក​លោក សេង សុវណ្ណារ៉ា នោះទេ ប៉ុន្តែ​ជាការ​កត់សម្គាល់​នោះ ការសម្រេច​ដក​លោក សេង សុវណ្ណារ៉ា ពី​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តមណ្ឌលគិរី បាន​កើតមានឡើង​បន្ទាប់ពី​ផ្ទុះ​រឿងរ៉ាវ​ពាក់ព័ន្ធ​ការរំលោភ​យក​ដី​រដ្ឋ​ប្រមាណ​១​ពាន់​ហិកតា ស្ថិតនៅ​ភូមិ​អ​ន្ត្រេះ ឃុំ​អរ​បួន​លើ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ហើយ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បានសម្រេច​ដក​ដី​ជិត​១០០០ ហិកតា​ពី​លោក សេង សុវណ្ណារ៉ា មក​ទុកជា​សម្បត្តិ​រដ្ឋ​វិញ ក្រោយពី​រកឃើញថា ដី​នោះ​ស្ថិតនៅក្នុង​ដែន​អភិរក្ស​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន​។

តាម​ដំណើរ​រឿង គឺ​កាលពី​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៩ អភិបាលខេត្ត​មណ្ឌលគិរី​លោក ស្វាយ សំ​អ៊ាង បានចេញ​លិខិត​ឱ្យ​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​លោក សេង សុវណ្ណារ៉ា កាន់កាប់​ដីធ្លី​ទំហំ​ជិត​១​ពាន់ ហិកតា​ស្ថិតនៅ​ភូមិ​អ​ន្ត្រេះ ឃុំ​អរ​បួន​លើ ស្រុក​កោះ​ញែក ស្របទៅតាម​ច្បាប់ ប៉ុន្តែ​នៅ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ លោក ស្វាយ សំ​អ៊ាង បានចេញ​លិខិត​បដិសេធ​ទទួលស្គាល់​លិខិត ដែល​អាជ្ញាធរខេត្ត​បានចេញ​នោះ​វិញ ក្រោយពី​រដ្ឋបាល​ខេត្តមណ្ឌលគិរី បាន​ចុះ​ពិនិត្យ​ជាក់ស្ដែង​រកឃើញថា ដី​ទំហំ​ជិត​១​ពាន់​ហិកតា ដែល​អាជ្ញាធរខេត្ត​បានចេញ​លិខិត​ឱ្យ​លោក សេង សុវណ្ណារ៉ា កាន់កាប់​នោះ ស្ថិតនៅក្នុង​ដែន​អភិរក្ស​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114