ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី កសិកម្ម ណែនាំ​ឱ្យ​កសិករ​ធ្វើ​ការដាំ​ដំណាំ​បន្ត​បណ្តាក់​គ្នា ចៀសវាង​ការផលិត​នូវ​ផលិតផល​ជរ​ជន់​លើ​ទីផ្សារ ដែល​អ្នកបញ្ជា​ទិញ​បញ្ចុះតម្លៃ​

ភ្នំពេញ ​៖ រដ្ឋមន្ត្រី កសិកម្ម រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ លោក​វេ​ង សាខុន បាន​ថ្លែង ទៅកាន់ សហគមន៍​ផលិត​បន្លែ ឱ្យ ធ្វើ​ការដាំ​ដំណាំ​បន្ត​បណ្តាក់​គ្នា ចៀសវាង​ការផលិត​នូវ​ផលិតផល​ជរ​ជន់​លើ​ទីផ្សារ ដែល​អ្នកបញ្ជា​ទិញ​បញ្ចុះតម្លៃ​។

ការ​ថ្លែង​របស់លោក រដ្ឋមន្ត្រី បានធ្វើ​ឡើង នៅ​ថ្ងៃទី​២៤ សីហា ឆ្នាំ​២០១៩​នេះ នា​ឱកាស​នេះ​ដែរ​លោក រដ្ឋមន្ត្រី អញ្ជើញ ចុះទៅពិនិត្យ​ចំការ​បន្លែ​របស់​សហគម​ន៍​ផលិត​បន្លែ​សុវត្ថិភាព នៅ​ភូមិ​ពោធិ​ទង និង​ភូមិ​អ្នកតា​ជ័យ ឃុំ​គោក​គង់​លិច ស្រុក​កញ្ជ្រៀច ដែល​កំពុង​ដាំ​បន្លែ​មានដូចជា​ត្រសក់ទ្រើង ខ្ទឹម​ស្លឹក ស្ពៃ​ចង្កឹះ សាលាដ ត្រប់​។​ល​។

​ក្រសួង កសិកម្ម បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​បានរៀបចំ​ចងក្រង​ជា​សហគមន៍​ផលិត​បន្លែ​បាន ៥២​គ្រួសារ ដោយ​រៀបចំ​កម្មវិធី​ដាំ​ដុះ​ទៅតាម​តម្រូវការ​ទីផ្សារ​។ ជា​មតិ​សហគមន៍ ពួកគាត់​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​គិតគូរ​ពី​ការ​ផ្គត់ផ្គង់​អគ្គិសនី​បូមទឹក បញ្ចុះ តម្លៃ​ភ្លើង និង​សម្ភារ​កសិកម្ម​មួយចំនួនទៀត​។ ដោយសារ​បច្ចេកវិទ្យា​បាន​ជ្រាប​ចូលក្នុង​ស្រទាប់​អ្នក​ផលិត​បន្លែ​ដូចជា ការប្រើ​ប្រព័ន្ធ​ដំណក់ទឹក ឬ​សាច ការប្រើប្រាស់​ផ្លា​ស្ទិ​ចគ្រ​បរង​ដើម្បី​រក្សា​សំណើម​ដី និង​កំចាត់​ស្មៅ និង​ការប្រើ​សំណាញ់​សម្រាប់​បន្លែ​វារ​តោង​ឡើង ជំនួស​ឬ​ស្សី ការប្រើ​ពូជ មាន​ប្រភព​ច្បាស់លាស់ ការប្រើ​ជី និង​ថ្នាំ​គីមី​សមស្រប តាម​បច្ចេកទេស​។ បច្ចេកទេស​ទាំងអស់នេះ​អាចជួយ​កាត់បន្ថយ​កម្លាំង​ពលកម្ម ពេលវេលា និង​បាន​ទិន្នផល​ខ្ពស់ រហូតដល់​គ្រួសារ​កសិករ​ខ្លះ​ឈប់​ធ្វើស្រែ​មក​ដាំ​បន្លែ​វិញ​។ ទាំងអស់នេះ គឺជា​របត់​ថ្មី​នៃ​ការ​វិវឌ្ឍន៍​វិស័យ​កសិកម្ម​ពីមួយ​ជំហាន ទៅមួយ​ជំហាន សមស្រប​តា​មន​វា​នុ​វត្ត​នៃ​កសិកម្ម និង​តម្រូវការ​ទីផ្សារ​។

​នាឱកាស​នេះ លោក​បាន​ណែនាំ​ឱ្យ​កសិករ​ធ្វើ​ការដាំ​ដំណាំ​បន្ត​បណ្តាក់​គ្នា ចៀសវាង​ការផលិត​នូវ​ផលិតផល​ជរ​ជន់​លើ​ទីផ្សារ ដែល​អ្នកបញ្ជា​ទិញ​បញ្ចុះតម្លៃ​។ ត្រូវ​ចេះ​បង្កើន​គុណភាព​ដី​តាមរយៈ​ការ​សន្សំ​និង​ប្រើប្រាស់​ជីសរីរាង្គ​ឲ្យ​បាន​ច្រើន​ដើម្បី​ធានា​ដល់​គុណភាព​បន្លែ និង​ជាពិសេស​សុខភាព​អ្នក​ផលិត​ផង និង​អ្នក​បរិភោគ​ផង ហើយក៏​ជួយ​រួមចំណែក​កាត់បន្ថយ​ថ្លៃដើម​ផងដែរ​។ មន្ទីរ​គួរ​បន្ត​ខិតខំ​ជួយ​រៀបចំ​ឃ្លាំង​លក់ ចែកចាយ​មួយ​សម្រាប់​សហគមន៍​ដើម្បី​បង្កលក្ខណ​ងាយស្រួល​ដល់​អតិថិជន​ក្នុង​តំបន់​នេះ​មក​ទិញ​យកទៅ​បរិភោគ៕
ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114