ព័ត៍មានទាន់​ហេតុការណ៏
Search

ព័ត៌មាន​សំខាន់ៗ​អំពី​ក្រុម​ជម្រើស​ជាតិ​ហុងកុង មុន​ជួប​កម្ពុជា នៅ​ថ្ងៃទី ៥ ខែក្រោយ

ការប្រកួត​វគ្គ​ជម្រុះ​ដំណាក់កាល​ទី​២ តំបន់​អាស៊ី ( FIFA World Cup 2022 Qualifiers Asia second round ) នឹង​ចាប់ផ្តើម​ការប្រកួត​ទី​១ នៅ​ថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០១៩ ខាងមុខ​នេះហើយ ដោយ​ក្នុង​ពូ​ល C កម្ពុជា ត្រូវ​បើកឆាក​ប្រកួត​ទល់នឹង ហុងកុង នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

កាលពី​សប្តាហ៍​កន្លងទៅ ក្រុម​ជម្រើសជាតិ​ហុងកុង ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​លោក Mixu Paatelainen បានបង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ផ្លូវការ ២៣​នាក់​ចុងក្រោយ ដែល​ពួកគេ​នឹងធ្វើ​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ៣ ខែកញ្ញា​ខាងមុខ​។

​តាម​ការបញ្ជាក់​របស់​លោក ហុងកុង នឹង​ផ្តោតលើ​លទ្ធផល ជា​គោល ក្នុងការ​ប្រកួត ២​ប្រកួត​ដំបូង​ក្នុង​វគ្គ​ជម្រុះ​ពូ​ល​នេះ ដែល​ពួកគេ​នឹងត្រូវ​ជួប កម្ពុជា និង អ៊ីរ៉ង់ ។ លោក Paatelainen៖ “ ដំបូង គឺ​យើង​ត្រូវមាន​គោលដៅ​មួយ​ច្បាស់លាស់ ថា​តើ​យើង​ចង់បាន​យ៉ាងម៉េច​សម្រាប់​ជម្រើសជាតិ តើ​យើង​គួរ​គិតពី​ការអភិវឌ្ឍ​មុន ឬ​លទ្ធផល​មុន តែ​ពេលនេះ​គឺ​លទ្ធផល​មុន ” ។

លោក​បន្ត​ថា “ សម្រាប់​២​ប្រកួត​ដំបូង​នេះ ខ្ញុំ​បានជ្រើសរើស​ក្រុម​ដែល​ប្រមូល​ផ្តុំ​ដោយ​កីឡាករ​មានបទពិសោធន៍​ច្រើន ដើម្បី​ទទួលលទ្ធផល​ល្អ ពី​ពូ​ល​ដ៏​ពិបាក​នេះ ”។

​និយាយ​អំពី​កម្ពុជា​វិញ គ្រូបង្វឹក​ដដែល​រូបនេះ​និយាយថា​៖ “ ការពិត​ណាស់ យើង​ចង់​ធ្វើឱ្យ​បានល្អ តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ទទួលលទ្ធផល​វិជ្ជមាន​ពី​ទីនោះ​។ យើង​ដឹងថា​វា​នឹងមិន​ងាយស្រួល​ទេ ព្រោះ​កីឡាករ​កម្ពុជា គឺ​លេង​បាល់​បានល្អ ហើយ​ការប្រកួត​គឺ​ធ្វើ​លើ​ទីលាន​ស្មៅ​សប្ប​និមិត្ត​ទៀត អញ្ចឹង វា​នឹង​ធ្វើឱ្យ​យើង​ពិបាក​លេង តែ​យើង​នឹង​យក​រឿងនេះ​មក​គិត ហើយ​ធ្វើ​ការរៀបចំ​ឱ្យបាន​ល្អ ដើម្បី​ប្រាកដ​ចិត្ត​ថា កីឡាករ​យើង​មាន​ទំនុកចិត្ត​ក្នុងការ​ប្រកួត “ ។​

​គួរឱ្យ​ដឹងថា ការប្រកួត​រវាង​ក្រុម​ទាំងពីរ ធ្លាប់​កើតមាន​ចុងក្រោយបង្អស់ កាលពី​ឆ្នាំ ២០១៦ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ និង​បរាជ័យ​ក្នុង​លទ្ធផល ២-០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ និង​ចាញ់ ៤-២ នៅ​ទឹកដី​ហុងកុង ដែល​កាលនោះ ច្រឹង ពលរដ្ឋ និង វឌ្ឍនាកា បំប៉ោង​សំណាញ់​ទី​ជូន​កម្ពុជា៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114