ព័ត៍មានទាន់​ហេតុការណ៏
Search

Terengganu FC ភ្លាត់​បរាជ័យ ក្នុង​ប្រកួត​ទី​៤ នៅ Malaysia Cup 2019

ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​នៃ​ពានរង្វាន់​លំដាប់​ទី​៣ របស់​ម៉ាឡេស៊ី គឺ​ពាន Malaysia Cup ប្រចាំឆ្នាំ ២០១៩ បានបញ្ចប់​ការប្រកួត​ទី​៤ នា​រាត្រី​ថ្ងៃ​សុក្រ ទី​២៣ ខែសីហា ដោយ​ក្នុង​ពូ​ល A ក្លិប Terengganu នៅតែ​ឈរ​កំពូល​តារាង ក្រោយ​បរាជ័យ​លើកដំបូង​ទល់នឹង Negeri Sembilan ៣ ទល់នឹង ២។

លទ្ធផល​នេះ បាន​នាំ​ឲ្យ​ពួកគេ​ឈរ​កំពូល​តារាង​ដដែល ដោយមាន​៩​ពិន្ទុ ឈរ​ពីលើ​ក្រុម Kedah ដែល​បាន​យកឈ្នះ​លើ PKNS ៣-២ ផងដែរ ក្នុងការ​ប្រកួត​ថ្ងៃ​ជាមួយគ្នា​។ Kedah មាន ៧​ពិន្ទុ តាម​ពីក្រោយ​ដោយ PKNS មាន ៤​ពិន្ទុ និង Negeri Sembilan មាន ៣​ពិន្ទុ ក្រោយ​ឈ្នះ​ប្រកួត​ដំបូង​របស់ខ្លួន​យប់មិញ​។

គួរ​រំលឹក​ថា ការប្រកួត​គឺ​នៅសល់ ២​ប្រកួត​ទៀត ដើម្បី​ស្វែងរក​ក្រុម​ដែលមាន​សិទ្ធិ​បន្តទៅ​កាន់​វគ្គ ៨​ក្រុម​ចុងក្រោយ ដោយ​ជ្រើស​យក​ក្រុម​លេខ ១​កំពូល​តារាង​នីមួយៗ និង​ក្រុម​ចំណាត់ថ្នាក់​លេខ​២​។ Terengganu FC នឹងត្រូវ​ជួប​គូប្រជែង Kedah នៅ​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៩ ខាងមុខ និង​ជួប PKNS ក្នុងជំនួប​បិទ​ពូ​ល នៅ​ថ្ងៃទី ១៧ ខែ កញ្ញា។

ក្រ​ឡែក​ទៅ​និយាយ​អំពី​កីឡាករ​ជម្រើសជាតិ​កម្ពុជា ជា​រី ចន្ថា​ប៊ី​ន វិញ នៅតែ​ពុំ​មានឱកាស​បង្ហាញខ្លួន​ឲ្យ​ក្លិប​ឡើយ​ក្នុង ៣​ប្រកួត​កន្លង​មកនេះ ពោល​គឺ​មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​ប្រកួត និង​នៅ​កៅអី​បម្រុង​ដូចគ្នា ដោយ​លេច​ឃើញ​រូបគេ តែ​នៅក្នុង​សកម្មភាព​ហ្វឹកហាត់​ប្រចាំថ្ងៃ​របស់​ក្លិប​តែប៉ុណ្ណោះ​។ តាម​ការ​ឱ្យដឹងពី ជា​រី ប្រាប់​ក្រុមការងារ កម្ពុ​ជាថ្មី ថា​រូបគេ​ប៉ុន្មាន​សប្តាហ៍​កន្លងមកនេះ ដែល​មិនអាច​បង្ហាញខ្លួន​ឱ្យ​ក្លិប គឺ​ដោយសារតែ​រូបគេ​មាន​របួស តែ​ថា​ឥលូវ​ខ្លួន​បាន​ធូរស្រាល​វិញ​ហើយ ត្បិត​មិនទាន់​ជាសះស្បើយ ១០០% ។

​គួរ​ឲ្យ​ដឹងថា ជា​រី បាន​ទៅ​ចូលរួម​ជាមួយ Terengganu FC កាលពី​ចុងឆ្នាំ​២០១៧ ដោយ​រួមរស់​ជាមួយ​ក្លិប​ចំនួន ២​រដូវ​កាល​ហើយ និង​ជួយ​ឲ្យ​ក្លិប​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ Malaysia Cup កាលពី​ឆ្នាំ​២០១៨​កន្លងទៅ​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114